អ្នកក្រុង​បាងកក​ខ្វះ​ម៉ា​សមុខ ខណៈ​ផ្សែង​អ័ព្ទ​បន្ត​គ្រប​លើ​ទីក្រុង​

587
ចែករម្លែក
  • 29
    Shares

​ក្រោយ​ចំណាយពេល​រាប់​ថ្ងៃ​មកហើយ​នៅក្នុង​ខ្យល់អាកាស​ដែលមាន​ផ្សែង​អ័ព្ទ​ដ៏​គ្រោះថ្នាក់​ដល់​សុខភាព អ្នកក្រុង​បាងកក​ជាច្រើន​បានជ្រើសរើស​ប្រើ​ម៉ា​សមុខ​ដើម្បី​​ការពារ​ខ្លួនឯង តែ​ម៉ា​សមុខ​ពេញនិយម​ខ្លះ​ដូចជា​ម៉ា​សមុខ​ប្រឆាំង​ធូលី​តូច​ល្អិត​និង​ផ្សែង​N95​មិនអាច​រកបាន​តាម​តំរូវការ និង​ប្រជាជន​កំពុង​អំពាវនាវ​អោយ​អាជ្ញាធរ​ជួយ​​បំពេញ​ការខ្វះខាត​នេះ​។​

​ក្នុងពេល​ជាមួយគ្នា ការស្ទង់មតិ​តាម​អន​ឡាញ​មួយ​ដោយ​ទស្សនា​វ​ដ្តី​The Standard កាលពី​ថ្ងៃទី​១៤​និង​១៥​មករា​បង្ហាញថា អ្នក​ត្រូវបាន​សាកសួរ​ជាង​៥០​ភាគរយ​ពាក់​​ម៉ាស​មុខ​ដើម្បី​ការពារ​ខ្លួន ហើយ​អ្នក​មិនបាន​ពាក់​ជាច្រើន​ត្អូញត្អែរ​អំពី​ការមិនអាច​រក​ទិញ​បាន​។​ពួកគេ​និយាយថា​ពួកគេ​បាន​ទៅ​ឱសថស្ថាន​និង​ហាង​ទំនិញ តែ​ត្រូវបាន​​ប្រាប់​មកវិញ​ថា​ពួកគេ​នឹង​ទទួលបាន​ម៉ា​សមុខ​តាម​ការចង់បាន​នៅ​១​ឬ​២​សប្តាហ៍​ក្រោយ​ការបញ្ជាទិញ​។​

​អ្នកជិះ​ម៉ូតូ​ភាគច្រើន​នៅ​ក្រុង​បាងកក​ពាក់​ម៉ា​សមុខ ក្នុងពេល​ទីក្រុង​ស្ថិតក្នុង​ផ្សែង​អ័ព្ទ​បណ្តាលមកពី​យានយន្ត រោងចក្រ និង​ការដុត​ព្រៃ​ដុត​ស្មៅ​ធ្វើ​ចំការ​នៅក្រៅ​ក្រុង​

​មនុស្ស​មួយចំនួនធំ​ក៏​ប្រាប់​អំពី​ការកើតមាន​បញ្ហា​ផ្លូវ​ដកដង្ហើម​ដោយសារ​ធូលី​និង​ផ្សែង​។​មនុស្ស​ពាក់​ម៉ាស​ព្រោងព្រាត​ត្រូវបាន​គេ​ឃើញ​នៅ​ផ្លូវ Lat Phrao , Sathorn ​និង​Silom កាលពី​ថ្ងៃ​អង្គារ​។​អ្នករត់​ហាត់ប្រាណ​តាម​សួន​ក្រុង​ក្រុង​ក៏​ពាក់​ម៉ា​សមុខ តាម​ការណែនាំ​របស់​ម​ន្ត្រី​សុខាភិបាល​ដែល​តំរូវអោយ​ពាក់​ម៉ា​សមុខ​ពេលចេញ​ក្រៅ​​ដោយសារតែ​កំរិត​ធូលី​ល្អិត​PM2.5​ក្នុង​ខ្យល់​ឡើង​ហួស​កំរិត​មាន​សុវត្ថិភាព​នៅ​តំបន់​ជាច្រើន​ក្នុង​ក្រុង​បាងកក​៕​ដោយ​:​វាសនា​