អ្នកក្រុង​សិន​ចិន​នៅជាប់​ព្រំដែន​ហុងកុង មិន​គាំទ្រ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​

405
ចែករម្លែក

​ទីក្រុង​សិន​ចិន (Shenzhen) ភាគខាងត្បូង​ប្រទេស​ចិន​មាន​ព្រំដែន​ជាប់​នឹង​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​ហុងកុង ប៉ុន្តែ​ការអំពាវនាវ​ឱ្យមាន​សេរីភាព​កាន់តែច្រើន​ពី​ក្រុមអ្នកតវ៉ា​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​នេះ​ពុំ​សូវ​មានការ​ចាប់អារម្មណ៍​អាណិតអាសូរ​ក្នុងចំណោម​ទីក្រុង​ជិតខាង​នៅ​ចិនដីគោក​នោះទេ​។​

​នៅក្នុង​ទីក្រុង​រីកចម្រើន​លូតលាស់​ដែល​ល្បីល្បាញ​ខាង​ទីផ្សារ​បច្ចេកវិជ្ជា​ខ្ពស់​របស់​ចិនដីគោក អ្នករស់នៅ​ទីក្រុង​សិន​ចិន​ជាច្រើន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា​ពួកគេ​មិន​គាំទ្រ​ការតវ៉ា​នៅ​ហុងកុង​ទេ ដែល​បានឃើញ​ការធ្វើ​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អូសបន្លាយ​ពេល​រយៈពេល ១០ សប្តាហ៍​មកហើយ​។​

​អ្នកបើករថយន្ត​តាក់ស៊ី​ម្នាក់ ដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ​ដោយសារតែ​ភាព​រសើប​នៃ​ប្រធានបទ បាន​និយាយថា “​ពួកគេ​កំពុងតែ​បំផ្លាញ​ខ្លួនឯង​។ តើ​ពួកគេ​អាចធ្វើ​អ្វី​បាន​នៅពេល​សេដ្ឋកិច្ច​របស់​ពួកគេ​លែង​លូតលាស់ និង គ្មាន​អ្នកដំណើរ​ណា​ចង់ទៅ​លេង​?”​។​

​ការឆ្លងកាត់​រវាង​ទីក្រុង​ទាំងពីរ​គឺ​មិនមែន​ធ្វើឡើង​ត្រង់ៗ​សម្រាប់​ប្រជាជន​ចិនដីគោក​នោះទេ គឺ​ពួកគេ​ត្រូវ​ទទួលបាន​លិខិតអនុញ្ញាត​ចេញចូល​សិន និង​ប្រឈម​នឹង​ការ​រឹតត្បិត​ចំនួន​ដង ដែល​ពួកគេ​អាចធ្វើ​ដំណើរ​ទៅ​ហុងកុង កន្លែង​ដែល​ប្រជាជន​ទទួលបាន​សិទ្ធិសេរីភាព​ខ្លាំង មិន​ធ្លាប់​ឃើញ​នៅក្នុង​ប្រទេស​ចិនដីគោក​។​

​ទីក្រុង​សិន​ចិន​ត្រូវបាន​អូស​ចូលក្នុង​ភាពវឹកវរ​នេះដែរ បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​ថា កម្លាំង​ប៉ូលិស​ប្រដាប់អាវុធ​របស់​ប្រជាជន​ចិន​កំពុង​ប្រមូលផ្តុំ​នៅ​ទីនោះ​។​

​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ផ្សាយ​រូបភាព​កងទ័ព​ចិន​និង​រថពាសដែក​នៅ​ទីក្រុង​សិន​ចិន ដោយ​បង្កើន​ការភ័យខ្លាច​ចំពោះ​អន្តរាគមន៍​យោធា​ដែល​អាច​នឹង​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​៕ ដោយ៖ កញ្ញាដាលីស

ទីក្រុង​សិន​ចិន
#