អ្នកខ្លាំង​លើស​ង្វៀន​ទាំង​៤ របស់​អាស៊ីអាគ្នេយ៍​

773
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា
ភ្នំពេញ​: ក្នុង​សប្ដាហ៍​នេះ លើស​ង្វៀន​ទាំង​៤ របស់​អាស៊ីអាគ្នេយ៍ ដោយនិយាយ​ក្នុង​ក្របខ័ណ្ឌ នៃ​ការប្រកួត ជា​លក្ខណៈ​អន្តរជាតិ​នោះ គេ​សង្កេតឃើញថា អ្នក​ប្រដាល់​បរទេស ភាគច្រើន ខ្លាំង ។​

​លើស​ង្វៀន​ខា​រ៉ា​បាវ​រសៀល ថ្ងៃទី​២៩ ធ្នូ អ្នក​ប្រដាល់​កម្ពុជា កំពែង ខ្មៅ សមាគម​ប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ចាញ់ អ្នក​ប្រដាល់​ថៃ ចាក់​ផាត លូក​ប៊ូ​ថង (Chakphat Luokbuothong) ដោយ​ពិន្ទុ ។ កំពែង ខ្មៅ ចាញ់​ដោយ​ពិន្ទុ​ដាច់​តែម្ដង មិនតែប៉ុណ្ណោះ នៅ​ទឹក​ទី​២ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ត្រូវ​អាជ្ញាកណ្ដាល រាប់​៨​ទៀតផង ។​

​ហេង វាសនា ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ក៏​ជួប​បរាជ័យ ក្នុងការ​ប្រកួត​ដែរ ។ វាសនា ប្រកួត​ចាញ់ អ្នក​ប្រដាល់ថៃ កេ​ន សាក់ (Ken Sak) ដោយ​ពិន្ទុ បន្ទាប់ពី​ព្យាយាម​តស៊ូ ៥ ទឹក​ពេញ​មក​នោះ ។​

​ចំពោះ​ការប្រកួត​លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក នៅពេល​យប់ ថ្ងៃ​ដដែល​នេះដែរ អ្នក​ប្រដាល់​កម្ពុជា ដែលមាន​រហស្សនាម​ថា ធា នុ​រាជ ក្លិប​ម្ញុ​ដ​រាជសីហ៍ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ឡាវ ថាវ ថា​ង​ឌី (Thav Thangdy) ដោយ​ពិន្ទុដាច់​តែម្ដង ។​ ​នៅក្នុង​ការប្រកួត ៥ ទឹក​នោះ ធា នុ​រាជ ស្ទើរតែ​មិនមាន​ឱកាស ដើម្បី​បញ្ចេញ​ស្នៀត ជើង​កន្ត្រៃ​ហោះ​ឡើយ មិនតែប៉ុណ្ណោះ គេ​រារែក​ចិត្ត មិន​ហ៊ាន​បញ្ចេញ​ទៀតផង ។​

ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ខ្លា ឃុន​ស៊េ​ក (Khla Khunseuk) ដោយ​ពិន្ទុ​ដាច់​ដែរ បន្ទាប់ពី​ប្រកួត ៥ ទឹក​នោះ ។ ពួកគេ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។ នៅក្នុង​ការប្រកួត ទោះបី​រិទ្ធី ពេលខ្លះ បំពាន​លើ​គូប្រកួត ក៏ពិតមែន ក៏​គេ​នៅតែ​ជួប​បរាជ័យ​ដដែល​។​

​ចំពោះ​ការប្រកួត​ផ្ដាច់ព្រ័ត្រ ដណ្ដើម​ប្រាក់​លាន ស្រា​បៀរ​ហ្គេ​ន​ស្ប៊ើ​ក​វិញ​នោះ អ្នក​ប្រដាល់ ម៉ន វ៉ា​ន្នី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក វ៉ៃ​បាន​យ៉ាង​អស្ចារ្យ ដោយ​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង ជី ឆៃលី សមាគម​ប្រដាល់​ក្រសួងការពារជាតិ ឲ្យ​សន្លប់​នៅ​ទឹក​ទី​២ ។​

​សូមបញ្ជាក់ថា កាលពី​ជួបគ្នា ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នោះ ឆៃលី ឈ្នះ វ៉ា​ន្នី ដោយ​ពិន្ទុ តែ​ក្នុងជំនួប​ផ្ដាច់ព្រ័ត្រ អ្វីៗ ពិតជា​ប្ដូរផ្លាស់​មែន ដោយ វ៉ា​ន្នី ផ្ដួល​ឆៃលី នៅ​ទឹក​ទី​២​។​

​ការប្រកួត​លើស​ង្វៀន Boostrong Fighter on Fire វិញ​នោះ ទេស សំខាន់ ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់​ស៊ុយអែត អា​ឡិច​សាន់​ដឺ ហ្គូ​ស្តា​វ (Alexander Gustav) ។​

​សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រើ​កែង​ផ្ដួល​អ្នក​ប្រដាល់​ថៃ កង សា​យ៉ា​ម (Kong Sayam) ឲ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១ ក្នុងខណៈដែល អ្នក​ប្រដាល់ នូវ ដា​រ៉ូ ក្លិប​អាណាចក្រ​គុន​ខ្មែរ ប្រកួត​ចាញ់ អ្នក​ប្រដាល់​ថៃ ហ្វា ម៉ៃ (Fa Mai) ដោយ​ពិន្ទុ​ដាច់ ។​

​ចំពោះ​ការប្រកួត​លើស​ង្វៀន Wurkz នាពេល​រសៀល ថ្ងៃទី​៣០ ធ្នូ​នេះដែរ អ្នក​ប្រដាល់ មាស សុជាតិ ក្លិប​ឃ្លាំងមឿង​កីឡា បាន​យកឈ្នះ អ្នក​ប្រដាល់​ថៃ ពែ​ក ស៊ី (Pek Sy) ដោយ​ពិន្ទុ ក្នុងខណៈដែល​អ្នក​ប្រដាល់​កម្ពុជា

សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ស៊ូ​ប ភើ (Suop Per) នៅ​ទឹក​ទី​១​នោះ ៕v

ការប្រកួត​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​ទាំង​៤​សង្វៀន​
#