អ្នកគាំទ្រ​កូរ៉េខាងត្បូង​ខឹង​ទប់​លែង​ជាប់​ហើយ ប្តឹង​ឱ្យ​សង ជំងឺចិត្ត​រឿង​ទិញ​សំបុត្រ​មក​មើល​រ៉ូ​ណា​ល់​ដូ​អង្គុយ​លើ​កៅអី​បម្រុង​

475
ចែករម្លែក

​ពួក​អ្នកគាំទ្រ​បាល់ទាត់​កូរ៉េខាងត្បូង​ខឹងសម្បាជាច្រើន​នាក់​ កំពុង​ស្វែងរក​សំណង បន្ទាប់ពី​កីឡាករ​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ​ មិនបាន​ចូលទៅក្នុង​ទីលាន អំឡុង​ការប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​របស់​ក្រុម​សេះបង្កង់ Juventus ។​

​អ្នករៀបចំ​កម្មវិធី​ប្រកួត​បាន​និយាយថា តារា​ឆ្នើម​រូបនេះ​បាន​ចុះ​កុងត្រា​លេង​រយៈពេល ៤៥ នាទី នៅពេល​ការប្រកួត​ជាមួយ​ក្រុម K League All Stars ត្រូវបាន​ប្រកាស ប៉ុន្តែ​រ៉ូ​ណា​ល់​ដូ​បែរជា​នៅតែ​អង្គុយ​លើ​កៅអី​បម្រុង​ដដែល​។​

​ពួក​អ្នកគាំទ្រ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​នៅពេលដែល​រ៉ូ​ណា​ល់​ដូ​ មិនបាន​បង្ហាញ​សញ្ញា​នៃ​ការ​ចងខ្សែ​ស្បែកជើង​របស់គាត់ ហើយ​ថែមទាំង​ស្រែក​ឈ្មោះ​គូប្រជែង​របស់គាត់​ទៀតផង គឺ លី​អូ​នែ​ល ម៉េ​ស​ស៊ី​។​

​អ្នកគាំទ្រ​ខ្លះ​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ច្បាប់ Myungan ដើម្បី​ដាក់ពាក្យ​បណ្តឹង​។​

​ពួកគេ​កំពុង​ស្វែងរក​សំណង​ចំនួន ៧០.០០០ វ៉ុ​ន (៥៩ ដុល្លារ​) ក្នុង​មួយ​សំបុត្រ សំណង ១.០០០ វ៉ុ​ន​សម្រាប់​ថ្លៃ​កម្រៃជើងសា​រលើ​សំបុត្រ និង​សំណង ១ លាន​វ៉ុ​ន​សម្រាប់ “​ភាព​តានតឹង​ផ្លូវចិត្ត​”​។​

​មេធាវី​ម្នាក់​មកពី​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​ជាធម្មតា​ក្នុងករណី​បែបនេះ​ដើមបណ្តឹង​នឹងត្រូវ​គេ​សង​ថ្លៃ​សំបុត្រ​វិញ ប៉ុន្តែ​ខ្ញុំ​ដាក់​ករណីនេះ​ក្រោម​ករណី​ពិសេស​ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​ឆ្លៀត​កេង​យក​ប្រយោជន៍​ពី​អ្នកគាំទ្រ​របស់​តារាបាល់ទាត់​នេះ តាមរយៈ​ការផ្សាយពាណិជ្ជកម្ម​មិន​ពិត​”​។​

​លោក​បាន​បន្ថែមថា “​សម្រាប់​ភាព​តានតឹង​ខាង​ផ្លូវចិត្ត ខ្ញុំ​ចង់​និយាយថា ពួកគេ​ខ្លះ​ជា​អ្នកគាំទ្រ​ផ្កាប់មុខ​ខ្លាំង​បំផុត​។ ដូច្នេះ​សម្រាប់​ពួកគេ វា​ពិតជា​ឈឺចាប់​ខ្លាំងណាស់ ព្រោះ​ពួកគេ​ស្រឡាញ់​រ៉ូ​ណា​ល់​ដូ​និង​ចង់​ការពារ​គាត់ ប៉ុន្តែ​ពួកគេ​មិនអាច​ធ្វើបាន ដោយ​ផ្អែកលើ​ស្ថានភាព​បែបនេះ​។ សម្រាប់​ឥឡូវនេះ យើង​មាន​ដើមបណ្តឹង​ពីរ​នាក់ ដែល​ប្តឹង​ក្រុមហ៊ុន​រៀបចំ​ការប្រកួត​នេះ ប៉ុន្តែ​ខ្ញុំ​បានទទួល​ទូរស័ព្ទ​ច្រើនណាស់​នៅថ្ងៃនេះ ហើយ​ខ្ញុំ​សន្ម​តថា​នឹងមាន​មនុស្ស​យ៉ាងតិច ៦០.០០០ នាក់​ទៀត​មកប្តឹង​”​។

​លោកស្រី រ៉ូ​ប៊ី​ន ចាង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន The Fasta ដែល​រៀបចំ​ការប្រកួត​នេះ បាន​សម្រក់​ទឹកភ្នែក​នៅ​ចំពោះមុខ​ទូរទស្សន៍ SBS និង​បញ្ជាក់ថា កិច្ចសន្យា​បានចែង​ថា តារាបាល់ទាត់​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​នឹង​បង្ហាញខ្លួន ៤៥ នាទី​។

​ប៉ុន្តែ​លោកស្រី​ចាង​និយាយថា លោកស្រី​ទើបតែ​បានដឹងថា តារា​ឆ្នើម​អាយុ​៣៤​ឆ្នាំ​រូបនេះ​នឹងមិន​បង្ហាញខ្លួន​លើ​ទីលាន​ទេ នៅពេល​ការប្រកួត​លេង​បាន​១០​នាទី​នៅ​តង់​ទី​ពីរ​។

​លោកស្រី​និយាយថា «​នៅពេល​ខ្ញុំ​ទៅ​តវ៉ា​ជាមួយ​លោក​ផា​វែ​ល ណេ​ត​វ៉េ​ត អនុប្រធាន​ក្លិប Juventus អ្វីដែល​គាត់​និយាយ​គឺ “​ខ្ញុំ​ក៏​បន់​ឱ្យ​រ៉ូ​ណា​ល់​ដូ​ចេញទៅ​រត់​ដែរ ប៉ុន្តែ​គាត់​មិន​ចង់​។ ខ្ញុំ​សុំទោស ខ្ញុំ​មិនអាច​ជួយ​អ្វី​បានទេ​”​។ ខ្ញុំ​ពិតជា​ខកចិត្ត​ខ្លាំងណាស់​»​។

​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អាជីព​កូរ៉េខាងត្បូង K League និយាយថា លិខិតតវ៉ា​មួយ​បាន​បញ្ជូនទៅ​ក្រុម​ជើងឯក​លី​ក​កំពូល​អ៊ីតាលី​នេះហើយ​សម្រាប់​ការរំលោភ​កិច្ចសន្យា​។

​អ្នកគាំទ្រ​ជាច្រើន​បាន​សម្តែង​ការខឹង​សម្បារបស់​ពួកគេ​ដាក់​រ៉ូ​ណា​ល់​ដូ​នៅលើ​បណ្តាញ​សង្គម​។

​អ្នកគាំទ្រ​ម្នាក់​ដែល​ចូលរួម​មើល​ការប្រកួត​នេះ​បាន​បង្ហោះ​លើ Instagram ថា “​គាត់​ក្បត់​អ្នកគាំទ្រ ៦០.០០០ នាក់ និង​ប្រមាថមើលងាយ​ពួកយើង​។ ខ្ញុំ​លែង​ជា​អ្នកគាំទ្រ​រ៉ូ​ណា​ល់​ដូ​ទៀតហើយ​”៕ ដោយ៖ កញ្ញាដាលីស/Ha

រ៉ូ​ណា​ល់​ដូ​អង្គុយ​លើ​កៅអី​បម្រុង​ពេល Juventus ប្រកួត​មិត្ត​ភាពជា​មួយក្រុម K League All Stars