អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ថៃ​ជួបជុំ​ប្រឆាំង​ចំណាត់ការ​របស់​អាជ្ញាធ​រ​

290
ចែករម្លែក

​អ្នកគាំទ្រ​រាប់ពាន់​នាក់​របស់​គណ​បក្សប្រឆាំង​ពេញនិយម​មួយ​របស់​ថៃ​បាន​ជួបជុំគ្នា​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤​ធ្នូ ក្នុង​ការជួបជុំ​ធ្វើបាតុកម្ម​នយោបាយ​ធំ​បំផុត​មួយ​​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។​

​ហ្វូងមនុស្ស បាន​ស្តាប់​ប្រធាន​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​(FFP)​លោក​ថា​ណា​ថន រឿង​រុងរឿង​គិត ធ្វើ​សុន្ទរកថា​ដ៏​រំជួលចិត្ត​ដោយ​បាន​អំពាវនាវ​អោយ​ពួកគេ​ងើបឈរ​ឡើង​​និង​ប្រយុទ្ធប្រឆាំង​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​។​

​គណបក្ស​នេះ​ទើប​ត្រូវបាន​បង្កើតឡើង​មុន​ការបោះឆ្នោត​ឆ្នាំ​នេះ​តែ​បន្តិច តែ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ខ្លាំង ជាពិសេស​ក្នុងចំណោម​អ្នកបោះឆ្នោត​វ័យក្មេងៗ ដោយ​ឈរ​​នៅ​ចំណា​ត់ទី​៣​ក្នុង​ការបោះឆ្នោត​សកល​កាលពី​ខែ​មីនា​ឆ្នាំ​នេះ​។​របៀបវារៈ​ប្រឆាំង​យោធា​របស់​វា​បាន​ធ្វើអោយ​ស្ថាប័ន​អភិរក្ស​ជាន់​លើ​មិន​សប្បាយចិត្ត តែ​ទាក់ទាញ​ការចាប់​​អារម្មណ៍​ក្នុង​ចំណោម​យុវជន​ដែល​ស្រេកឃ្លាន​លទ្ធិប្រជាធិបតេយ្យ​។​

​តែ​ចាប់​តាំងពី​ក្រោយ​ការបោះឆ្នោត ទាំង​គណបក្ស​និង​សមាជិក​សំខាន់ៗ​របស់​វា រួមមាន​លោក​ថា​ណា​ថន បាន​រង​បណ្តឹង​ជា​បន្តបន្ទាប់​និង​ចុងក្រោយ​គឺ​បណ្តឹង​ចេញពី​គណៈ​​កម្មា​ធិ​ការរៀបចំ​ការបោះឆ្នោតជាតិ​អោយរំលាយ​គណបក្ស​នេះ​។​មាន​មនុស្ស​តិច​ណាស់​ជឿថា តុលាការ​ធម្មនុញ្ញ​ដែល​ស្និទ្ធ​នឹង​ស្ថាប័ន​ជាន់​លើ​(​យោធា​-​រាជានិយម​) មិន​ស្រប​តាម​។​

​កាលពី​ខែ​មុន លោក​ថា​ណា​ថន ខ្លួន​លោក​ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ដក​តំណែង​សមាជិក​សភា ដោយសារតែ​មាន​បណ្តឹង​ថា​លោក​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​មួយ​ក្នុងពេល​​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​សមាជិក​សភា​។​

​បញ្ហា​ផ្លូវច្បាប់​បាញ់​ចម្រុះ​ដូច្នេះ​នាំ​អោយ​អ្នកគាំទ្រ​បក្សប្រឆាំង​ខឹង ដោយ​ពួកគេ​យល់​ថា​ខ្លួន​ជា​ជនរងគ្រោះ​ពី​ការ​សមគំនិត​មួយ​។​

ប្រធាន​បក្ស​FFP លោក​ថា​ណា​ថន ធ្វើ​កាយវិកា​និង​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​នៅ​ក្រុង​បាងកក​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​

​លោក​ថា​ណា​ថន បាន​និយាយ​ទៅកាន់​ហ្វូង​អ្នកគាំទ្រ​ថា​«​ខ្ញុំ​គិតថា ប្រជាជន​នឹង​មិន​អត់ឱន​ចំពោះ​ភាព​ផ្តាច់ការ​តទៅទៀត​ទេ​»​។​

​ថ្លែង​នៅ​ក្លឹប​អ្នកកាសែត​នៅ​ក្រុង​បាងកក​កាលពី​ពេលមុន​នេះ លោក​ថា​ណា​ថន បាន​និយាយថា «​គ្មាន​នរណា​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ប្រជាជន​បាត់បង់​ជំនឿ​លើ​​ប្រព័ន្ធ​សភា កន្លែង​ដែល​គ្មាន​សង្ឃឹម​នៅ​លេស​សល់​និង​គ្មាន​លទ្ធភាព​ឈ្នះ​អំណាច​ដោយ​សន្តិវិធី​។​ស្ថាប័ន​ថ្នាក់លើ គឺ​របប​យោធា ហាក់​មាន​ជំនឿ​ថា​អាច​ទប់ បង្ក្រាប​និង​គ្រប់​​គ្រង​វា​។​តែ​មនុស្ស​ជាច្រើន​គិត​ផ្សេង​។​មនុស្ស​ជាច្រើន​ដែល​ខ្ញុំ​បាន​និយាយ​ទៅកាន់​មិនមាន​ជំនឿ ហើយ​ខ្ញុំ​គិតថា នេះ​ជា​ល្បែង​គ្រោះថ្នាក់​មួយ​»​។​

​សូម​រំលឹក​ថា ការតស៊ូ​នយោបាយ​បាន​បង្កចលាចល​ធំធេង​នៅ​ថៃ​ចាប់ពី​ឆ្នាំ​២០០៦ ដល់​២០១៤ រួម​មាន​រដ្ឋប្រហារ​ពីរ និង​ការតវ៉ា​ប្រឆាំង​តាម​ដង​វិថី​ធំៗ ដែល​មាន​ការចូល​ពាក់​​ព័ន្ធ​ពី​ក្រុម​អ្នកគាំទ្រ​ប្រជែង​គ្នា យោធា​និង​ប៉ូលិស​។​

​ថា​ណា​ថន ដែល​ទ្រព្យធន​គ្រួសារ​បាន​មក​ពី​ឧស្សាហកម្ម​គ្រឿងបន្លាស់​គ្រឿងយន្ត បាន​បង្កើត​គណបក្ស​FFP​នេះ​ឡើង​នៅ​ខែ​មីនា​ឆ្នាំ​២០១៨​នៅ​មួយឆ្នាំ​គត់​មុន​ថៃ​រៀបចំ​ធ្វើការ​​បោះឆ្នោត​សភា​។​បក្ស​នេះ​ដំបូង​មាន​ការគាំទ្រ​ពី​យុវជន​និង​អ្នកមាន​វិជ្ជាជីវៈ តែ​ជា​បន្តបន្ទាប់​វា​ទាក់ទាញ​បាន​ការគាំទ្រ​ពី​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​។​

​គណបក្ស​នេះ​ស្វះស្វែង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​អោយ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ឡើង​។​កាល​ពី​យោធា​ស្ថិត​នៅក្នុង​អំណាច​ចាប់ពី​ឆ្នាំ​២០១៤​រហូតដល់​ដើមឆ្នាំ​២០១៩ រដ្ឋា​​ភិបាល​យោធា​បាន​ជំរុញ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដោយ​ផ្តល់​អំណាច​កាន់តែ​ច្រើន​ដល់​យោធា ហើយ​តុលាការ ព្រឹទ្ធសភា​និង​ពួក​ការិយាធិបតេយ្យ​ជាន់​លើៗ​ដោះដូរ​អំណាច​ជាមួយ​​នឹង​តំណែង​ឆ្លងកាត់​ការតែងតាំង​។​

​បក្ស​នេះ​ក៏​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​កំណែន​ទ័ព ហើយ​ប្រឈម​ការ​គំរាម​ដោយសារតែ​ខ្លួន​អំពាវនាវ​កុំអោយ​ប្រជាជន​ទទួលយក​ស្ថានភាព​បច្ចុប្បន្ន​ហើយ​ងើបឈរ​តស៊ូ​ដើម្បី​សិទ្ធិ​​របស់គេ​៕​ដោយ​៖​វាសនា​