អ្នកគាំទ្រ​ចិន​ប៉េកាំង​ប្រឈម​នឹង​បាតុករ​ហុងកុង​នៅក្នុង​ផ្សារ​មួយ​

1309
ចែករម្លែក

​ពលរដ្ឋ​ហុងកុង​ដែល​គាំទ្រ​ចិន​ប៉េកាំង​រាប់រយ​នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​កញ្ញា​បាន​សំរុកចូល​ផ្សារ​មួយ​ដើម្បី​បង្ហាញ​ការប្រឆាំង​នឹង​ការតវ៉ា​ទាមទារ​អស់​ពេល​ជាង​៣​ខែ​មក​ហើយ​ដែល​បាន​បង្ក​ភាពវឹកវរ​នៅក្នុង​ទីក្រុង​នេះ​។​

​ដោយ​ច្រៀង​បទ​ភ្លើង​ជាតិ​និង​គ្រវីទង់ជាតិ​ចិន ក្រុម​នេះ​ដែល​ភាគច្រើន​ជា​មនុស្ស​វ័យ​ចំណាស់ បាន​ស្រែក​ថា «​ចិន បន្ថែម​ប្រេង​» នៅ​ពេល​ពួកគេ​ប្រឈម​មុខ​ជាមួយ​បាតុករ​​ប្រឆាំង​ចិន​ប៉េកាំង​នៅក្នុង​ផ្សារ​Olympian City 2 នៅ​សង្កាត់​តា​ចែវ ហ្ស៊ុ​យ​។​

​អ្នកចូលរួម​ម្នាក់​បាន​និយាយថា​«​ខ្ញុំ​ចង់​បង្ហាញ​ការចូលរួម​និង​ចិត្ត​ស្មោះ​របស់ខ្ញុំ​ចំពោះ​ប្រទេស​របស់​ខ្ញុំ មាតុភូមិ​របស់​ខ្ញុំ​»​។​

​អ្នកគាំទ្រ​ម្នាក់​ទៀត​បាន​និយាយថា គាត់​សង្ឃឹម​ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង​នឹង​ចប់​ក្នុងពេល​ឆាប់ៗ ដោយ​បន្ថែម​ថា «​ជនរងគ្រោះ​គឺ​ប្រជាជន​ហុងកុង​ខ្លួនឯង​»​។​

​ការជួបជុំ​កាលពី​ថ្ងៃ​សុក្រ​ជា​ការឆ្លើយតប​នឹង​ការ​ចេញ​បទ​ភ្លេង​របស់​ក្រុមបាតុករ ដែល​និពន្ធ​តាក់តែងឡើង​ដោយ​ជនអនាមិក​ម្នាក់ ហើយ​ដែល​ត្រូវបាន​ប្រើ​នៅក្នុង​ការជួបជុំ​ត​​វ៉ា​មួយ​រយៈពេល​ចុងក្រោយ​នេះ​នៅ​ហុងកុង​ដើម្បី​បង្ហាញ​ការប្រឆាំង​នឹង​រដ្ឋាភិបាល​កណ្តាល​។​

ពួក​អ្នកគាំទ្រ​ចិន​ប៉េកាំង​ត្រដាង​ទង់​ជាតិចិន​នៅ​ពេល​ពួកគេ​ជួបជុំគ្នា​ដើម្បី​ច្រៀង​និង​ស្រែក​ពាក្យស្លោក​នៅក្នុង​ផ្សារ​មួយ​នៅ​ហុងកុង​កាលពី​ថ្ងៃ​១៣​កញ្ញា​នៅពេល​ពួក​បាតុករ​​ប្រឆាំង​រដ្ឋាភិបាល​ហុង​កុង​ស្រែក​ប្រឆាំងនឹង​ពួកគេ

​សូមបញ្ជាក់​ថា ការជួបជុំ​តវ៉ា​បាន​ចាប់ផ្តើម​ឡើង​កាលពី​ពាក់កណ្តាល​ខែ​មិថុនា ដើម្បី​ប្រឆាំង​នឹង​ពង្រាង​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​អោយ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​​កាត់ទោស​នៅ​តុលាការ​ចិនដីគោក តែ​វា​ត្រូវបាន​លុប​ចោល​កាលពី​ពេល​ថ្មីៗ​ដើម្បី​បំពេញ​តាម​ការទាមទារ​របស់​បាតុករ​។​ទោះជា​ត្រូវ​បាន​លុបចោល ក៏​ការតវ៉ា​ទាមទារ​មិន​ត្រូវ​​បានបញ្ចប់ ដោយ​បាតុករ​ទាមទារ​អោយ​ធ្វើការ​កែ​ទំរង់​នយោបាយ​នៅ​ហុងកុង​និង​លទ្ធិប្រជាធិបតេយ្យ​ច្រើនឡើង ដូច​ជា​សិទ្ធិ​បោះឆ្នោត​សំរាប់​ពលរដ្ឋ​ហុងកុង​ទូទៅ​ដើម្បី​ជ្រើស​​រើស​មេដឹកនាំ ក៏ដូចជា​សភា​ហុងកុង អោយ​ចាក​ផុតពី​សំរេច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​៕​ដោយ​៖​វាសនា​