អ្នកគាំទ្រ​បាល់ទាត់​ឥណ្ឌូនេស៊ី​វាយបំផ្លាញ​ពហុ​កីឡដ្ឋាន​សម្រាប់ Asian Games នៅ​ខែក្រោយ​

1110
ចែករម្លែក
  • 26
    Shares

​មន្ត្រី​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២២​កក្កដា​ថា ពួក​អ្នកគាំទ្រ​បាល់ទាត់​ឥណ្ឌូណេស៊ី​ពោរពេញ​ដោយ​កំហឹង​បាន​ចាប់ទាញ​បំផ្លាញ​កៅអី​ជ័រ​ចេញពី​កន្លែង​អង្គុយ ហើយ​បាន​ចោល​កៅអី​ទាំងនោះ​ចូលក្នុង​ទីលាន​នៅឯ​ពហុ​កីឡដ្ឋាន​មួយ ដែល​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ Asian Games នៅ​ខែក្រោយ​។​

​ការប្រកួត​ក្របខ័ណ្ឌ​លី​ករ​វាង​ក្លិប Sriwijaya FC និង Arema FC បានបញ្ចប់​ក្នុង​ភាពវឹកវរ​កាល​រសៀល​ថ្ងៃ​សៅរ៍​ទី​២១​កក្កដា នៅពេល​ពួក​អ្នកគាំទ្រ​បាន​ទាញ​ផ្តាច់​កៅអី​ជ័រ​នៅ​ពហុ​កីឡដ្ឋាន Gelora Sriwijaya នៅ​ទីក្រុង​ផា​ឡឹម​បាង នៅ​កោះ​ស៊ូ​ម៉ា​ត្រា​។​

​រូបភាព​ជាច្រើន​បានបង្ហាញ កៅអី​ចម្រុះ​ពណ៌​គឺ​ស្ថិតនៅ​ពាសពេញ​គែម​ទីលាន ដែល​ខ័​ណ្ឌ​ចែក​ដោយ​ផ្លូវ​ក្រហម​សម្រាប់​អត្ត​ព​លិ​ក​។​

​លោក រូ​ស្លី ណាវី អ្នកត្រួតពិនិត្យ​សន្តិសុខ​នៅ​ពហុ​កីឡដ្ឋាន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​យើង​មានការ​ខកចិត្ត​ខ្លាំងណាស់​ជាមួយ​អ្នកគាំទ្រ​ដែល​បាន​បំផ្លាញ​កៅអីអង្គុយ​នៅក្នុង​ពហុ​កីឡដ្ឋាន Gelora Sriwijaya អំឡុង​ការប្រកួត​។ ខ្ញុំ​បាន​នៅទីនេះ​ជិត ១០ ឆ្នាំ​មកហើយ … មិនដែល​មានការ​ខូចខាត​កៅអី​ដូច​កាលពី​ម្សិលមិញ​ទេ​”​។​

​ពហុកីឡាដ្ឋាន​នេះ​ត្រូវបាន​កែលម្អ​ឡើងវិញ​សម្រាប់​ព្រឹត្តិការណ៍ Asian Games ដែល​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ផា​ឡឹម​បាង និង​រដ្ឋធានី​ហ្សា​ការ​តា​ចាប់ពី​ថ្ងៃទី ១៨ ខែសីហា​ដល់​ថ្ងៃទី ២ ខែកញ្ញា​។​

​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ប្រវេប្រវា​រៀបចំ​កីឡដ្ឋាន សាងសង់​សំណង់​ផ្សេងៗ ពង្រីក​ផ្លូវថ្នល់ និង បន្ធូរបន្ថយ​ការកកស្ទះ​ចរាចរណ៍​។​

​លោក​ណាវី​បាន​និយាយថា កៅអី​ចំនួន ៣៣៥ ត្រូវបាន​ខូចខាត ដែល​កៅអី​ប្រហែល​ពាក់កណ្តាល​ពហុ​កីឡដ្ឋាន​នឹងត្រូវ​ជំនួស​ថ្មី​ដោយ​កៅអី​នាំចូល​ពី​បរទេស​។​

​លោក​ណាវី​និយាយថា ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស ៤ នាក់​ដោយសារតែ​អំពើហិង្សា ដែល​ចាប់ផ្តើម​ដោយ​ក្រុម​អ្នកគាំទ្រ​ក្លិប Sriwijaya ដែល​ខកចិត្ត​ចំពោះ​ក្រុម​ខ្លួន​ចាញ់​ភ្ញៀវ​ដល់​ទៅ ៣-០ ។ គ្មាន​នរណាម្នាក់​រងរ​បួស​ទេ​។​

​អត្ត​ព​លិ​ក​ប្រមាណ ១១.០០០ នាក់​និង​មន្ត្រី​ចំនួន ៥.០០០ នាក់​មកពី​បណ្តា​ប្រទេស​អាស៊ី​ចំនួន ៤៥ នឹងចូលរួម​ការប្រកួត​នេះ ដែលជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​របស់​ពិភពលោក បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​៕ ដោយ៖ កញ្ញាដាលីស

អ្នកគាំទ្រ​ដ៏​ខឹងសម្បារ​វាយបំផ្លាញ​កៅអី​នៅ​ពហុ​កីឡដ្ឋាន Gelora Sriwijaya