អ្នកគាំទ្រ​ព្រួយបារម្ភ​អំពី​សុខភាព​របស់​ចា​ស្ទី​ន ប៊ី​បឺ បន្ទាប់ពី​វីដេអូ​មួយ​បង្ហាញ​រូបគេ​ញាក់ញ័រ​ខុស​ប្រក្រតី​

664

​ក្រុម​អ្នកគាំទ្រ​កំពុង​ព្រួយបារម្ភ​អំពី​សុខភាព​របស់​ចា​ស្ទី​ន ប៊ី​បឺ បន្ទាប់ពី​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​បាន​លេចឡើង​កាលពី​ដើមខែ​នេះ​ដោយ​បង្ហាញ​តារាចម្រៀង​ប៉ុប​រូបនេះ​ស្វាគមន៍​អ្នកគាំទ្រ​ប៉ុន្មាន​នាក់​នៅតាម​ដងផ្លូវ​នៃ​សង្កាត់​ម៉ា​ហា​ថែ​ន ក្នុង​ទីក្រុង​ញូវយ៉ក​។​

​នៅក្នុង​វីដេអូ​ឃ្លី​ប​រយៈពេល ១៨ វិនាទី ជ័យលាភី​ពានរង្វាន់ Grammy វ័យ ២៤ ឆ្នាំ​រូបនេះ​ដំបូង​ហាក់ដូចជា​ខឹងសម្បារ​ខ្លាំងណាស់ ដែល​អ្នកគាំទ្រ​ម្នាក់​ក្នុងចំណោម​នោះ​អាច​ចំណាំ​មុខ​ខ្លួន​បាន ទោះយ៉ាងណា ប៊ី​បឺ​ស្រាប់តែ​ញាក់ញ័រ​ទទ្រើក​ចាប់​មិន​ឈ្នះ​មួយសន្ទុះ​ខ្លី​។​

​ប៉ុន្តែ​នៅពេលដែល​អ្នកគាំទ្រ​ស្រី​ម្នាក់ទៀត​ឱប​ចា​ស្ទី​ន​ដើម្បី​សុំ​ថតរូប តារាចម្រៀង​រូបនេះ​ស្រាប់តែ​អង្អែល​ខ្នង​នាង​យ៉ាង​ភ្ញាក់ផ្អើល ខណៈដែល​ទឹកមុខ​ខឹងច្រឡោត​ប្រែ​ទៅជា​ស្នាមញញឹម​ជាថ្មី​ម្តងទៀត​។​

​កាល​ឆ្នាំ ២០១៦ ប៊ី​បឺ​បាន​ប្តេជ្ញា​ថា​នឹងមិន​ថតរូប​ជាមួយ​អ្នកគាំទ្រ​ទេ​ព្រោះ​ការជួប​ជុំគ្នា​និង​ការសួរសុខទុក្ខ​ធ្វើឱ្យ​រូបគេ​មាន​អារម្មណ៍​ថា “​អស់កម្លាំង មិន​សប្បាយចិត្ត និង បាក់​ស្មារតី​ដល់​កម្រិត​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​”​។​

​អ្នកលេង Twitter ម្នាក់​ឈ្មោះថា កាយ​ឡា ជែក​សុន បានសរសេរថា “​អូ ចា​ស្ទី​ន ប៊ី​បឺ ឥឡូវ​កំពុង​ញាក់ញ័រ​ដោយសារ​បញ្ហា​សុខភាព​… មាន​វីដេអូ​មួយ​អំពី​រូបគាត់​កំពុង​ញាក់ញ័រ​នៅលើ​ដងផ្លូវ ពេល​ជួប​អ្នកគាំទ្រ​។ ពិតជា​កើតទុក្ខ​ណាស់​សម្លាញ់​ទាំងអស់គ្នា​។ ខ្ញុំ​ស្អប់​គ្រឿងញៀន​ខ្លាំងណាស់​”៕ ដោយ៖ កញ្ញាដាលីស

អ្នកគាំទ្រ​កំពុង​បារម្ភ​អំពី​សុខភាព​របស់​ប៊ី​បឺ ក្រោយ​វីដេអូ​មួយ​បង្ហាញ​រូបគេ​ញ័រ​ខុស​ប្រក្រតី