អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​រស់នៅ​បែលហ្ស៊ិក អបអរ​ជ័យជម្នះ​របស់​ជម្រើសជាតិ​ខ្លួន​ក្នុង​ការប្រកួត​ជម្រុះ​វើ​ល​ខាប់ ដោយ​វាយ​បំបែក​កញ្ចក់​ហាង​និង​លួច​អីវ៉ាន់

465

​មន្ត្រីប៉ូលិស​ជាង ២០ នាក់​បាន​រងរបួស​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​របស់​បែលហ្ស៊ិក នៅពេល​ការអបអរ​ជ័យជម្នះ​របស់​ជម្រើសជាតិ​ម៉ា​រ៉ុ​ក​សម្រាប់​ការប្រកួត​ជម្រុះ​វើ​ល​ខាប់ បាន​ប្រែជា​អំពើហិង្សា​។​

​ជម្រើសជាតិ​ម៉ា​រ៉ុ​កបាន​កក់​កៅ​អ៊ី​វើ​ល​ខាប់​ឆ្នាំ ២០១៨ នៅ​រុស្ស៊ី ជាមួយ​ជ័យជម្នះ ២-០ លើ​កូត​ឌី​វ័រ កាលពី​ថ្ងៃ​សៅរ៍ ទី​១១ វិច្ឆិកា ដោយ​ឈរ​នៅ​លេខ ១ ក្នុង​ពូ​ល​។

​ប៉ូលិស​និយាយថា បន្ទាប់ពី​ចប់​ការប្រកួត​នេះ អ្នកគាំទ្រ​នាំគ្នា​ដើរ​តាម​ដងផ្លូវ និង​ដុត​រថយន្ត​យ៉ាងហោច​មួយគ្រឿង វាយ​បំបែក​កញ្ចក់ និង លួច​អីវ៉ាន់​តាម​ហាង​នានា​។

​បែលហ្ស៊ិក​មាន​សហគម​ន៍​ម៉ា​រ៉ុ​ក​ដ៏​ធំ​មួយ ដោយមាន ៤​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​។

​សាក្សី​ម្នាក់​បាន​បង្ហោះ​វីដេអូ​លើ Twitter ដោយ​បង្ហាញ​កាណុង​បាញ់​ទឹក​កំពុង​ប្រើ​សម្រាប់​បាញ់​លើ​ហ្វូង​អ្នកគាំទ្រ​ទាំងនោះ​។ ប៉ូលិស​និយាយថា ខ្លួន​ប្រើ​កាណុង​បាញ់​ទឹក​លើ​មនុស្ស​ប្រហែល ៣០០ នាក់ ក្នុងចំណោម​នោះបាន​គប់​ដុំថ្ម​បក​មកវិញ​។ ភាពស្ងប់ស្ងាត់​បាន​ត្រឡប់មកវិញ​នៅ​ម៉ោង ២១:៣០ នាទី​។

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បែលហ្ស៊ិក លោក ជែ​ន ចាំ​បុ​ន បាន​ថ្កោលទោស​កុបកម្ម​នេះ ដោយ​សរសេរ​លើ Twitter ជា​ភាសា​បារាំង​យ៉ាង​ដូច្នេះ​ថា ពួកគេ​ប្រព្រឹត្ត “​អំពើ​ដ៏​គឃ្លើន​មិនអាច​ទទួលយកបាន​នៅ​កណ្តាល​រដ្ឋធានី​ព្រុ​ច​សែ​ល​”​។

​លោក​បន្តថា “​ការរស់នៅ​ជាមួយគ្នា​គឺ​មានន័យថា គោរព ក៏​សម្រាប់​ប៉ូលិស​ដែរ ដែល​បាន​តាំងចិត្ត​ការពារ​សុវត្ថិភាព​របស់​យើង​ទាំងយប់​ទាំង​ថ្ងៃ​”​។​

​ក្នុង​ទីក្រុង​រ៉ូ​ធើ​ដាំ ប្រទេស​ហូ​ឡង់​ឯណោះ​វិញ ក៏មាន​អំពើហិង្សា​កើតចេញពី​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក ដែល​អបអរ​ជ័យជម្នះ​របស់​ជម្រើសជាតិ​ខ្លួន​ដែរ ខណៈ​រដ្ឋធានី​និង​ក្រុង​នានា​នៅក្នុង​ប្រទេស​ម៉ា​រ៉ុ​ក​ផ្ទាល់ ពុំ​ឃើញ​មាន​អំពើហិង្សា​កើតចេញពី​ការអបអរ​ដូច្នេះ​ទេ​៕ ដោយ៖ កញ្ញាដាលីស

អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​រស់នៅ​បែលហ្ស៊ិក​បង្ក​អំពើហិង្សា​វាយ​បំបែក​កញ្ចក់​ហាង និង​លួច​ទំនិញ​នៅ​រដ្ឋធានី​ព្រុ​ច​សែ​ល​កាលពី​យប់​ថ្ងៃ​សៅរ៍