អ្នកគាំទ្រ​ម្នាក់​ធ្វើ​ឲ្យ​អ្នកចាំទី អេ​ឌ្រា​ន រងរបួស​កជើង​ធ្ងន់ធ្ងរ​

199
ចែករម្លែក

អ្នកចាំទី អេ​ឌ្រា​ន (Adrian) ដែលជា​វីរបុរស​របស់​ក្រុម Liverpool បាន​រងរបួស អំឡុង​ការប្រកួត​ដណ្តើមពាន UEFA Super Cup ហើយ​អាច​នឹង​ខកខាន​ជំនួប​ខ្លះ​នៅ ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ បាន​វិលត្រឡប់​មកពី​ទីក្រុង​អ៊ី​ស្តា​ន​ប៊ុល ហើយ​មាន​របួស ហើម​កជើង​ខ្លាំង​។ លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​សារភាព​អំឡុង​សន្និសីទ កាសែត​ថា Liverpool កំពុង​បារម្ភ​ថា តើ​កីឡាករ​រូបនេះ​នឹង​រួច​ផុតពី​បញ្ហា​ឬ​យ៉ាងណា​។
​ ​
អេ​ឌ្រា​ន គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល Liverpool បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កាលពី សប្តាហ៍​មុន បន្ទាប់ពី​ក្លឹប​នេះ​បាន​លក់​កីឡាករ សាយ​ម៉ុ​ន មី​ក​ណូ​ឡេ​ត (Simon Mignolet) ទៅ​ឲ្យ​ក្លឹប Club Brugge ។​
​ ​
​អតីត​អ្នកចាំទី​ក្លឹប West Ham រូបនេះ​ត្រូវបាន​ផ្តល់ឱកាស​បង្ហាញ​មុខ បន្ទាប់ពី​កីឡាករ អា​លី​សិន (Alisson) មាន​បញ្ហា​សាច់ដុំ​កំភួនជើង អំឡុង​ប្រកួត​បើកឆាក​ជាមួយ​ក្រុម Norwich City នៅ​រដូវ​កាល​នេះ​។​
​ ​
ប៉ុន្តែ អេ​ឌ្រា​ន ពិតជា​ធ្វើ​បានល្អ​ភ្លាមៗ ខណៈពេល​ក្រុម Liverpool លើក​ពាន​ដំបូង​របស់ ខ្លួន​នៅ​រដូវ​កាល​នេះ ដោយ​ការសង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ ថា​មមី អា​ប្រា​ហាំ (Tammy Abraham) ។​
​ ​
ស្របពេល​កីឡាករ​និង​ក្រុមការងារ​រត់​ទៅ​អបអរ​ជាមួយ​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ ពេលនោះ​មាន​អ្នកគាំទ្រ​ម្នាក់​រត់​ពី​ក្រៅ​ចូល​ទីលាន ដើម្បី​ចូលរួម​អបអរ និង​រត់​ផ្តួលខ្លួន ចូលក្នុង​ចំណោម​កីឡាករ​ទាំងនោះ ដែល​បណ្តាល​ឲ្យ​កីឡាករ​ដួល​គរ​ជើង​លើ​គ្នា​។​
​ ​
​ទោះបីជា​យ៉ាងណា កាលពី​ថ្ងៃ​សុក្រ លោក ក្លប់ អះអាងថា អ្នកចាំទី អេ​ឌ្រា​ន មាន​បញ្ហា​ហើម​កជើង បន្ទាប់ពី​ហេតុការណ៍​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#