អ្នកគាំទ្រ​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រតិកម្ម​ចំពោះ​កីឡាករ ដេវីដ ដឺ​ហ្គៀ

796
ចែករម្លែក

អ្នកគាំទ្រ​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ប្រតិកម្ម​ទាំង​កំហឹង​នឹង​ព័ត៌មាន​ដែលថា ដេវីដ ដឺ ហ្គៀ (David de Gea ) បាន​បដិសេធ​ការផ្តល់​កិច្ចសន្យា​ថ្មី និង​ជា​លើក​ចុង ក្រោយ​របស់​ក្លិប​នេះ​។

​យូ​ណាយ​ធី​ត​បាន​ប្រើប្រាស់​ជម្រើស​ក្នុង​កិច្ចសន្យា​របស់ ដឺ ហ្គៀ ដើម្បី​ពន្យារ​កិច្ចសន្យា ដល់​ឆ្នាំ​២០២០ ប៉ុន្តែ​ការចរចា​ជុំវិញ​ការពន្យារ​កិច្ចសន្យា​នេះ​បាន​ជាប់គាំង​។ នៅពេល នេះ អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានបញ្ជាក់​ច្បាស់​ថា ខ្លួន​នឹងមិន​នៅ​ពហុ​កីឡដ្ឋាន Old Trafford ហួស​ពី​រដូវ​កាល​ក្រោយនេះ​ទេ​។

​ដឺ ហ្គៀ ត្រូវ​បោះឆ្នោត​ជាប់​ជា​អ្នកចាំទី​ឆ្នើម​បំផុត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ក្នុង​៥​រដូវ កាល​ចំណោម​៧​រដូវ​កាល​កន្លង​ទៅហើយ​ធ្លាប់​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​យូ​ណាយ​ធី​ត​បួន​ឆ្នាំ​ជាប់​គ្នា​ចន្លោះ​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ​២០១៨​។

​បន្ទាប់ពី​ផ្ទុះ​ព័ត៌មាន​នេះ​ឡើង​អ្នកគាំទ្រ​មិន​ស្ទាក់ស្ទើរ​ក្នុងការ​បញ្ចេញយោបល់រ​បស់​ខ្លួន តាម​បណ្តាញ​សង្គម​នោះទេ​។

​អ្នកគាំទ្រ​ឈ្មោះ Paul Ferguson បានសរសេរថា “​ប្រាកដ​ណាស់ យើង​ជំពាក់​គាត់​នៅ រដូវ​កាល​នេះ ប៉ុន្តែ​ដូច​លោក ហ្វឺ​ហ្គូ​សិន និយាយ​ចឹ​ង​ថា គ្មាន​កីឡាករ​រូប​ណា​ធំ​ជាង ក្លិប​នោះទេ​។ យើង​មាន​ជម្រើស​លេខ​២​ដ៏​ល្អ​ម្នាក់​ក្នុង​ពិភពលោក ហើយ​អាច​ថា គាត់​ជា​កីឡា​ករលេខ​១​ក្នុង​ពិភពលោក​ផង​ក៏​មិនដឹង​”​។

​អ្នកគាំទ្រ​ម្នាក់ទៀត​ឈ្មោះ Just Brian បានសរសេរថា “​ក្នុងនាម​ជា​អ្នកគាំទ្រ​ម្នាក់​របស់ ក្លឹប​យូ​ណាយ​ធី​ត ខ្ញុំ​ក្រៀមក្រំ​ដែល​ឃើញ​គាត់​ចាកចេញ ប៉ុន្តែ​វា​ក៏​គ្មាន​ប្រយោជន៍​អ្វី ក្នុងការ​ទុក​កីឡាករ​ដែល​មិន​ចង់​នៅ​នោះទេ​។​លក់​ចេញ ហើយ​រក​កីឡាករ​មក​ជំនួស ដែល​ចង់​នៅ​ជាមួយ​”​។

​អ្នកគាំទ្រ​ម្នាក់ទៀត​ឈ្មោះ Phil បានសរសេរថា “​យើង​មាន​អ្នកចាំទី ហែ​ន​ដឺ​សិន ប៉ុន្តែ​ការ ចាកចេញ​របស់ ដឺ ហ្គៀ មិនមែនជា​រឿង​ល្អ​ទេ​។ ដរាបណា​គាត់​មិន​ចង់​លេង​ជាមួយ ក្លិប​នេះ យើង​មិនគួរ​អង្វរ​កីឡាករ​ឲ្យ​នៅ​បន្តទៀត​ទេ​”​។

​ព័ត៌មាន​នេះ​បានដាក់​សម្ពាធ​បន្ថែម​ឲ្យ​ក្លឹប​យូ​ណាយ​ធី​ត​ត្រូវ​បង្ខំចិត្ត​លក់ ដឺ ហ្គៀ​ចេញ​នៅ រដូវ​ក្តោ​នេះ​ជាជាង​បាត់បង់​កីឡាករ​រូបនេះ​ដោយ​ឥត​តម្លៃ​ខ្លួន​ក្នុង​រយៈពេល​មួយឆ្នាំ ទៀត​។​

​ក្លឹប​យក្ស​បារាំង Paris Saint-Germain បាន​ត្រៀមខ្លួន​ឆ្លើយតប​នឹង​តម្លៃ​ប្រាក់​ឈ្នួល ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​របស់ ដឺ ហ្គៀ ហើយ​នៅពេលនេះ​កំពុង​ពិចារណា ដាក់សំណើ ផ្ទេរ​៦០​លាន​ផោន​៕ ប្រែ​សម្រួលៈ ពិសិដ្ឋ