អ្នកគាំទ្រ Miss Global Cambodia ធ្វើឱ្យ​នាង​ភ្ញាក់ផ្អើល មុន​ត្រឡប់​ទៅ​អាមេរិក​វិញ​

175

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: អ្នក​ស្រលាញ់​គាំទ្រ កញ្ញា យស ប៉ូ​លី​ណា ដែលជា​កញ្ញាឯក​តំណាង​កម្ពុជា Miss Global Cambodia ប្រចាំឆ្នាំ​២០១៧ បានធ្វើ​កម្មវិធី​មួយ​ឱ្យ​នាង​ភ្ញាក់ផ្អើល មុន​ត្រឡប់​ទៅ​អាមេរិក នា​ថ្ងៃទី​១៥ ខែឧសភា​។​

​នាង​បានធ្វើ​ដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក ដើម្បី​ធ្វើ​ទស្សនកិច្ច និង​ដំណើរ​កម្សាន្ត​នៅលើ​ទឹកដី នៃ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជិត​៣​សប្តាហ៍​មកហើយ ហើយ​នាង​មុនពេល​ចាកចេញ​ទៅ​ពី​កម្ពុជា នាង​បាន​ចំណាយ​ពេលវេលា​ជួបជុំ​អ្នកគាំទ្រ​ដោយផ្ទាល់​ផងដែរ​។

​កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ​២០១៨ នេះ​នៅ​បន្ទាប់ VIP នៃ​រោងភាពយន្ត Major Cineplex ផ្សារ​ទំនើប​អ៊ី​អន ក្រោម​វត្តមាន​កញ្ញាឯក Miss Global Cambodia ប្រចាំឆ្នាំ​២០១៧​កញ្ញា យស ប៉ូ​លី​ណា តំណាង​រោងភាពយន្ត និង​អ្នកគាំទ្រ​ជាច្រើន​ចូលរួម​។ អ្នកគាំទ្រ​កញ្ញាឯក​រូបនេះ បានធ្វើ​ការថតរូប ជជែក​ថ្លែង​ក្តី​នឹករលឹក និង​ទស្សន៍ទាយ​អំពី​ចំណង់​ចំណូលចិត្ត និង​រឿងរ៉ាវ​ក្នុង​ជីវិត​របស់​កញ្ញាឯក​កូ​ន​ខ្មែរ​អារ​មេ​រិ​ក​កាំ​ង​រូបនេះ​។​

​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​កញ្ញាឯក​វ័យ​២៥​ឆ្នាំ​រូបនេះ មានការ​ភ្ញាក់ផ្អើល គឺ​អ្នកគាំទ្រ​នាង​បានរៀបចំ​ពិធី​ខួបកំណើត​ឲ្យ​នាង ដើម្បី​ជាការ​លើកទឹកចិត្ត និង​បង្កើត​បរិយាកាស​សប្បាយ​រីករាយ អមដោយ​ការដក់​ជាប់​នូវ​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន​ជាច្រើន​។

​កញ្ញា យស ប៉ូ​លី​ណា បាន​បញ្ជាក់ថា អំឡុង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ជាថ្មី​នេះ នាង​បាន​ប្រើពេល ៣​សប្តាហ៍​ចូលរួម​ក្នុង​កម្មវិធី​នានា​ជាច្រើន​។ នាង​ពិត​ជាមាន​កិត្តិយស គ្រា​ដែល​ប្រជាជន​កម្ពុជា​ស្វាគមន៍​នាង ដោយ​ស្នាមញញឹម​។ នាង​ថា នាង​បាន​ចុះទៅ​កាន់​ខេត្ត​ក្រុង​នានា ដើម្បី​ស្វែងយល់​ពី​ប្រពៃណី​ទំនៀមទម្លាប់​ជីវភាព រស់នៅ​របស់​ប្រជាជន​ខ្មែរ​ឲ្យ​បាន​កាន់តែច្រើន​។ អ្វីដែល​កាន់តែ​រំភើបចិត្ត គឺ​ក្រោយ​បាន​ជួប​ជាមួយ​អ្នកគាំទ្រ​នាង​ជាច្រើន បូក​រួមទាំង​ការរៀបចំ​ពិធី​ខួបកំណើត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។

​យស ប៉ូ​លី​ណា បាន​ប្រាប់ថា នាង​នឹង​វិល​ទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក​វិញ​នៅ​ថ្ងៃទី​១៥​ខែឧសភា​នេះ ប៉ុន្តែ​អារម្មណ៍​នាង​នឹង​នៅតែ​ដល់​ជាប់​នូវ​ស្នាមញញឹម និង​ការផ្តល់​ភាពកក់ក្តៅ​សម្រាប់​នាង​មក​ទស្សនកិច្ច​លើក​នេះ​។ នាង​បញ្ជាក់ដែរថា នឹង​វិល​មកកាន់​ទឹកដី នៃ​ប្រទេស​កម្ពុជា​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ព្រោះតែ​នាង​មាន​កិច្ចការងារ​មួយចំនួន​ដែល​ត្រូវបំពេញ​។

ក្រៅពី​ការជួបជុំ​សំ​ណះ​សំ​ណា​ល នាង​ក៏បានផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នកគាំទ្រ តាមរយៈ​ការទសទាយ​ចំណង់​ចំណូលចិត្ត​នាង ដើម្បី​ទទួល​រង្វាន់​សំបុត្រ​កុន​ដែល​ផ្តល់​ដោយ​រោងភាពយន្ត Major Cineplex៕ ល​