អ្នកចរចា​វេ​ណេ​ស៊ុយអេ​ឡា វិល​ទៅន័រ​វេស្ស ខណៈ​មេ​បក្ស​ប្រឆាំង​អំពាវនាវ​អោយ​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង​

356
ចែករម្លែក

​តំណាង​រដ្ឋាភិបាល​វេ​ណេ​ស៊ុយអេ​ឡា​និង​ក្រុមប្រឆាំង បាន​វិល​ទៅកាន់​ប្រទេសន័​រ​វេស្សកាល​ពី​ថ្ងៃ​សៅរ៍​ទី​២៥​ឧសភា ដើម្បី​ពិភាក្សា​រក​វិធី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​​នៅ​អាមេរិក​ខាងត្បូង​មួយ​នេះ​។​

​រដ្ឋាភិបាលន័​រ​វេ​ស្ស​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា​ខ្លួន​នឹង​សម្របសម្រួល​អោយមាន​កិច្ច​ពិភាក្សា​គ្នា​នៅ​សប្តាហ៍​ក្រោយ​នៅ​ក្រុង​អូ​ស្លូ ដែល​វា​ជា​សញ្ញា​ថា ការចរចា​មាន​សម្ទុះ​ទៅមុខ​​ក្រោយ​ពី​ជាប់​ក្នុង​ភាព​តានតឹង​រាប់​ខែ​រវាង​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ និង​មេដឹកនាំ​ប្រឆាំង ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី លោក ហ្ស័​ន ក្វាយ​ដូ​។​

​ថ្លែង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​កាលពី​ថ្ងៃ​សៅរ៍ ក្វាយ​ដូ បាន​និយាយថា​លោក​ជំទាស់​នឹង​«​ការចរចា​ក្លែងក្លាយ​» ហើយ​សន្យា​បន្ត​ការបង្ខំ​អោយ​លោក​ម៉ា​ឌូ​រ៉ូ​ចុះចេញ​ពី​តំណែង​តាម​គ្រប់​​មធ្យោបាយ​។​

​ឆ្លើយតប​ចំពោះ​កិច្ច​ពិភាក្សា​នៅ​ន័រ​វេ​ស្ស​នេះ មេដឹកនាំ​ប្រឆាំង​ដែល​អាមេរិក​គាំទ្រ​រូបនេះ បាន​និយាយថា​«​គ្មាន​នរណា​អាច​បន្លំ​យើង​ជាមួយ​នឹង​ការចរចា​ក្លែងក្លាយ​នេះ​បាន​ទេ​។​​យើង​នៅតែ​ប្រើ​គ្រប់​មធ្យោបាយ​ដែលមាន និង​ត្រៀម​ប្រើ​វិធានការ​ចុង​ក្រោយ​ដើម្បី​ទម្លាក់​ម៉ា​ឌូ​រ៉ូ​»​។​

​កាលពី​ពេល​ថ្មីៗ ក្វាយ​ដូ​បាន​ប្រើប្រាស់​ការជួបជុំ​តវ៉ា​តាម​ដងផ្លូវ គួបផ្សំ​នឹង​ការ​គំរាម​ឃោសនា​បំភ័ន្ត​ពី​អាមេរិក ដើម្បី​ព្យាយាម​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ តែ​ទោះជា​យ៉ាងណា មេដឹកនាំ​​សង្គមនិយម​រូបនេះ​នៅ​មាន​ការគាំទ្រ​ពី​យោធា​ដ៏​មាន​ឥទ្ធិពល​។​

​អំពី​កិច្ច​ពិភាក្សា​នៅ​អូ​ស្លូ​នេះដែរ ក្រសួងការបរទេស​អា​មេរិក​បាន​និយាយថា ខ្លួន​សង្ឃឹម​ថា​កិច្ចពិភាក្សា​នឹង​ផ្តោត​លើ​ការចាកចេញ​របស់​ម៉ា​ឌូ​រ៉ូ​៕​ដោយៈ​វាសនា​

ក្វាយ​ដូ ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ និង​ថា​ក្រុមប្រឆាំង​មិនត្រូវ​ភ័នច្រឡំ​នឹង​កិច្ចចរចា​ក្លែងក្លាយ​