អ្នកចូលរួម​ការតវ៉ា​នៅ​ក្រុងប៉ារីស​មាន​ចំនួន​តិចតួច តែ​អំពើហិង្សា​បង្ខំ​អោយ​ជម្លៀស​អ្នកនាំពាក្យ​

350
ចែករម្លែក
  • 37
    Shares

​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក និង​គ្រាប់​ជ័រ​ក្នុងពេល​ការដើរ​ដង្ហែរ​តវ៉ា​ទាមទារ​មួយ​កាត់​កណ្តាល​ក្រុងប៉ារីស​កាលពី​ថ្ងៃ​សៅរ៍ ដែល​បានចាប់ផ្តើម​ពី​ការជួប​​ជុំ​តវ៉ា​ដោយ​អហិង្សា​ទៅជា​ការបង្ក​រឿង​បែប​ហិង្សា​ពី​សំណាក់​បាតុករ​រាប់ពាន់នាក់​មកពី​ចលនា​អាវកាក់​ពណ៌​លឿង ដែល​បន្ត​ការតវ៉ា​ទាមទារ​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំមុន​​ដល់​ឆ្នាំ​ថ្មី​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី អេ​ម​ម៉ា​នុយ​អែល ម៉ា​ក្រុង​។​

​ទូក​ប៉ូលិស​បាន​ល្បាត​តាម​ទន្លេ​សែន ទោចក្រយានយន្ត​និង​រថយន្ត​ត្រូវបាន​ដុត​អោយ​ឆេះ​ថ្គោល​នៅ​មហាវិថី​ប៊ុល​វ៉ែ​រ សង់ ហ្សែ​ម៉​ង់​។​ប៉ូលិស​និង​អ្នក​ពន្លត់​អគ្គិភ័យ​បាន​​ធ្វើ​ចលនា​ចូល​ខណៈ​របាំង​ផ្លូវ​ក៏ត្រូវ​ដុត​ក្រោយ​អណ្តាត​ភ្លង​ពណ៌​ទឹកក្រូច​។​

​ខណៈ​ពួក​អ្នកប្រឆាំង​តវ៉ា​រុលចូល​វិថី​សំ​ហ្សេ​លី​ហ្សេ ពួកគេ​មួយចំនួន​បាន​ដោះអាវ​កាក់​ពណ៌​លឿង​ចេញ​ដើម្បី​បន្លំ​ខ្លួន​ជាមួយ​អ្នកដើរ​ផ្សា​រទិញ​ទំនិញ តែ​ប៉ូលិស​បាន​រុលចូល​​ដោយ​បាញ់​ទឹក​បណ្តេញ​ពួកគេ​ចេញពី​ផ្លូវ ខណៈ​រថយន្ត​ចត​ជា​ជួរ​នៅលើ​ផ្លូវ​ជិត​នោះ​ត្រូវបាន​ដុតបំផ្លាញ​។​

​វា​ជា​លើកដំបូង ដែល​អាគារ​ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង​រង​ការវាយប្រហារ​។​អ្នកនាំពាក្យ​លោក​បាន់​ហ្សា​ម៉ាន់ គ្រី​វ៉ូ​(Benjamin Griveaux )​ត្រូវបាន​ជម្លៀស​​ចេញពី​ការិយាល័យ​បន្ទាប់ពី​ទ្វារ​មុខ​នៃ​អាគារ​ត្រូវបាន​បំផ្លាញ​។​

​គ្រី​វ៉ូ ក្រោយមក​បាន​និយាយថា​«​មិនមែន​ខ្ញុំ​ទេ​ដែល​រង​ការវាយប្រហារ …​គឺ​បណ្តា​ស្ថាប័ន​តែម្តង ទំរង់​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​»​។​

​វា​ជា​លើកដំបូង​ដែល​ទ្រព្យសម្បត្តិ​រដ្ឋ​រង​ការវាយប្រហារ​ដូច្នេះ​ចាប់តាំងពី​ចលនា​អាវកាក់​ពណ៌​លឿង​បានចាប់ផ្តើម​ការតវ៉ា​ប្រចាំ​ចុង​សប្តាហ៍​អស់​ពេល​២​ខែ​មកហើយ​។​វា​ក៏​​ជាការ​សាកល្បង​ចុងក្រោយ​ផងដែរ​នៃ​ការ​ក្រាញ​ទាមទារ​របស់​ចលនា​នេះ ក្រោយពី​ប្រធានាធិបតី​បារាំង​បាន​ដោះស្រាយ​ការទាមទារ​របស់គេ​មួយចំនួន រួមមាន​ការ​លុប​​ការដំឡើង​ពន្ធ​ប្រេង​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​បាន​ប៉ាន់​ស្មានថា មនុស្ស​ប្រមាណ​៥០.០០០​នាក់​បាន​ចូលរួម​ក្នុងការ​តវ៉ា​នៅ​ប៉ា​រាំង​កាលពី​ថ្ងៃ​សៅរ៍ និង​ប្រមាណ​៣.៥០០​នាក់​នៅ​ក្រុងប៉ារីស​៕​ដោយ​៖​វាសនា​

បាតុករ​ឈរ​ជម្នះ​នឹង​ការបាញ់​ឧស្ម័ន​ពី​ប៉ូលិស​ក្នុងអំឡុងពេល​តវ៉ា​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​សៅរ៍​ទី​៥​មករា ខណៈ​អ្នក​តវ៉ា​រាប់ពាន់នាក់​បាននាំគ្នា​ដើរ​ដង្ហែ​នៅ​ក្រុងប៉ារីស​​និង​បណ្តា​ទីក្រុង​ផ្សេងៗ​