អ្នកចូលរួម​រត់ Run For Love ឆ្នាំនេះ នឹង​កើនឡើង​

88

(​ភ្នំពេញ​)៖ លោក វ៉ា​ត់ ចំ​រើ​នេ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត នា​ល្ងាច​ថ្ងៃទី​៧​កុម្ភៈ​ថា កា​រត់​ដើម្បី​ក្ដី​ស្រឡាញ់​នា​ឆ្នាំនេះ មានការ​កើនឡើង​ខ្ពស់​។​

​កាលពី​បណ្ដា​ឆ្នាំ​កន្លងទៅ​មាន​អ្នកចូលរួម​រត់​តែ​ជាង​១.០០០​នាក់ ឬ​ជាង​២.០០០​នាក់​ប៉ុណ្ណោះ​។ តែ​ឆ្នាំនេះ គិត​ត្រឹម​ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​ចំនួន ៣.២៤៨​នាក់​ទៅហើយ​។ នេះ​ជា​តួលេខ​ខ្ពស់​មួយ ដែល​បញ្ជាក់ថា ថ្ងៃ​នៃ​សេចក្ដីស្រឡាញ់​មិនមែនជា​ថ្ងៃបុណ្យ​សង្សារ ហើយ​បបួលគ្នា​ចូល​ផ្ទះសំណាក់​នោះទេ​។​

​នេះ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​គណៈកម្មការ​ស្ត្រី និង​កីឡា​អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រៀបចំ​នូវ​ព្រឹត្តិការណ៍​នេះ​។ លោក​អគ្គលេខាធិការ​ទទួល​ស្គាល់​ថា ការបង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ គឺជា​រឿង​ល្អ​ណាស់ ព្រោះ​ក្មេងៗ​ពិសេស​យុវវ័យ​គេ​យល់​ពី​តម្លៃ​ពីថ្ងៃ​បុណ្យ នៃ​សេចក្ដីស្រឡាញ់​។​

​លោក​បន្តថា លើក​ក្រោយៗ​លោក​នឹង​ព្រិ​ក​ព្រឹត្តិការណ៍​នេះ ឲ្យ​ដល់​បណ្ដា​ខេត្ត​នានា​តាមរយៈ​ក្រសួង​កិច្ចការនារី ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ពិសេស​តំបន់​ជនបទ​យុវវ័យ​មួយចំនួន គេ​នៅ​មិនទាន់​យល់​ពី​ទិវា​បុណ្យ នៃ​សេចក្ដីស្រឡាញ់​នេះ​នៅឡើយ​ទេ​។​

​ថវិកា​ដែល​ប្រមូលបាន​ពី​កា​រត់​ដើម្បី​សេចក្ដីស្រឡាញ់​នេះ នឹង​យកទៅ​ទិញ​ជា​សម្ភារៈ​កីឡា​ឧបត្ថម្ភ​ដល់​សាលារៀន ដែល​ខ្សត់ខ្សោយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​។ ទិវា​រត់​ដើម្បី​សេចក្ដីស្រឡាញ់​នេះ នឹងធ្វើ​នៅ​ទីក្រុង​កោះ​ពេជ្រ​ថ្ងៃទី​១១​កុម្ភៈ​។​

​វិញ្ញាសា​ដែល​ដាក់​ឲ្យ​រត់​មាន​៥​គីឡូម៉ែត្រ​សម្រាប់​អាយុ​១៧​ឆ្នាំ​ចុះ រត់​៥​គីឡូម៉ែត្រ​ត​សម្រាប់​អាយុ​១៨​ឆ្នាំ​ឡើង ដើរ​២០០​ម៉ែត្រ អមដោយ​ល្បែង​ប៉េងប៉ោង​ជា​គូ ព្រមទាំង​ល្បែង​សប្បាយ​មួយចំនួនទៀត​៕L ដោយ​៖ រ៉ូ​ហ្សា​