អ្នកច្បាប់​នៅ​កោះកុង​នឹង​បង្កើន​ព​ន្លឿ​ន​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​និង​គ្រឿងញៀន​

463
ចែករម្លែក
  • 14
    Shares

អត្ត​បទ​៖​សុ​ផានី​តា​/​កោះកុង​៖​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង ប្តេជ្ញាចិត្ត​រួមគ្នា​ដាក់​ផែនការ​ដល់​មន្ត្រី​អ្នកច្បាប់​ថ្នាក់ក្រោម​បង្កើន​ព​ន្លឿ​ន​ដោះស្រាយ​សំណុំរឿង​គ្រឿងញៀន​ឱ្យបាន​ឆាប់រហ័ស​ទាន់ពេល​ចៀសវាង​ធ្វើឱ្យ​សំណុំរឿង​កកស្ទះ​និង​ឃុំខ្លួន​ជនជាប់ចោទ​យូរ​ខែ​ថ្ងៃ​។​

ការ​ថ្លែង​ឡើង​ពី​កិច្ចសហការ​ឯកភាពគ្នា​រវាង លោក មីន មករា ប្រធាន​សាលាដំបូង​ខេត្ត និង​លោក រស់ សា​រាំ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង​នៅពេលនេះ​ធ្វើឡើង​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ និង​លើក​ទី​សដៅ​ការងារ​ថ្មី​របស់ខ្លួន​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

​លោក​មីន​មករា​ប្រធាន​សាលាដំបូង​ខេត្តកោះកុង​បាន​ពន្យល់ថា​ផែនការ​សកម្មភាព​ផ្តោតលើ​ការ​ចំណាត់ការ​សំណុំរឿង​គ្រឿងញៀន​និង​សំណុំរឿង​ព្រហ្មទណ្ឌ​គោលការណ៍​របស់​ក្រសួងយុត្តិធម៌​និង​រាជរដ្ឋាភិបាល​ដែល​កំពុង​យកចិត្តទុកដាក់​ខ្ពស់​នៃ​សំណុំរឿង​ដែល​នៅ​សេសសល់​អោយបាន​ឆាប់រហ័ស​ទាន់ពេល​តាម​នី​តិ​វិធី​នៃ​ច្បាប់​កំណត់​។​

ប្រធាន​សាលាដំបូង​ខេត្ត​លើកឡើង​បន្ថែមថា​ប្រព័ន្ធតុលាការ​ចាំបាច់​ផ្តល់​សេវា​យុត្តិធម៌​ប្រកបដោយ​សច្ចភាព តម្លាភាព និង​ឆាប់រហ័ស​គ្មាន​សេវា​ក្រៅផ្លូវការ​។ រាល់​ភាពខ្វះ​ចន្លោះ​នៃ​ការអនុវត្ត​នីតិវិធី​ច្បាប់ ចាំបាច់​បំពេញបន្ថែម​ឱ្យ​ច្បាស់លាស់​បំផុត​ចៀសវាង​នាំ​កកស្ទះ​សំណុំរឿង​ក្តី​ឬ​ឃុំខ្លួន​ជនជាប់ចោទ​យូរ​ខែ​ថ្ងៃ​។ ទោះបីជា​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​សម្រេចបាន​ល្អប្រសើរ​ជាង​ឆ្នាំ​២០១៧​ក៏ដោយ​។​

​ដោយឡែក​លោក រស់ សា​រាំ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក៏​បង្ហាញ​ការចាប់អារម្មណ៍​ដែរ​ថា ការបង្កើន​ល្បឿន​ដោះស្រាយ​សំណុំរឿង​ទាំងពីរ​ខាងលើ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ជឿជាក់​លើ​ពី​សំណាក់​ពលរដ្ឋ​មកលើ​ប្រព័ន្ធតុលាការ​យើង​ខណៈ​រដ្ឋាភិបាល​និង​ក្រសួងយុត្តិធម៌​កំពុង​មានការ​កំណែទម្រង់​ទៅរក​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់​។​

​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង​បាន​ប្តេជ្ញាចិត្ត​បំពេញភារកិច្ច​របស់ខ្លួន​ថា​នឹង​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​សើរើ​សំណុំរឿង​ដែល​នៅ​សេល​សល់​មិនទាន់​ចាត់​ការយកមក​ជម្រះបញ្ជី​ឡើងវិញ​តប​តាម​នីតិវិធី​ប្រព័ន្ធ​ច្បាប់​។​ជាងនេះទៀត​នោះ​គឺ​ផ្តោត​ការយកចិត្តទុកដាក់​ការពារ​សិទ្ធិ​ជនជាប់ចោទ និង​សិទ្ធិ​ជនរងគ្រោះ អោយ​មឺ​ុ​ង​ម៉ាត់​បំផុត ដើម្បី​ពង្រឹង​នីតិរដ្ឋ គុណភាព​មកលើ​ស្ថាប័ន​យុត្តិធម៌ និង​ទំនុកចិត្ត​ពី​សាធារណជន​។​

​កាលដែល​លោក​ប៊ូ​ប៊ុនហាង​អតីត​ព្រះរាជ​អាជ្ញាធរ​អម​សាលាដំបូង​ខេត្ត​នៅ​បំពេញការងារ​លោក​ធ្លាប់​ព្រួយបារម្ភ​ពី​សំណុំរឿង​បទល្មើស​គ្រឿងញៀន​កើនឡើង​និង​ភាពស្មុគស្មាញ​នៃ​រឹបអូស​វត្ថុតាង​ព្រោះ​លំបាក​កោះហៅ​ភាគី​ពាក់ព័ន្ធ​ចូល​អង្គ​សវនាការ​ជម្រះក្តី​ដែល​ទាមទារ​ឱ្យ​ចៅក្រម​កោសល្យវិច័យ​ដ៏​ត្រឹមត្រូវ​ច្បាស់​លា​ល់​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​។​

​លោក​ព្រះរាជ​អាជ្ញាធរ​អម​សាលាដំបូង​ខេត្តកោះកុង​បាន​តម្រូវ​អ្នកអនុវត្ត​ច្បាប់​ចេះ​ចែង​ចែក​សំណុំរឿង​ទៅតាម​ប្រភេទ​បទល្មើស​ផ្សេងៗ សម្រាប់​ងាយស្រួល​ជំនុំជម្រះ​ក្តី​បាន​ឆាប់រហ័ស​។ ជាក់ស្តែង សំណុំរឿង​មាន​អ​នីតិ​វជន ត្រូវមាន​មេធាវី​ការពារ​ក្នុង​អង្គ​សវនាការ​ផងដែរ​។ អ្វីដែល​សំខាន់​ទៀត គឺ​បង់ប្រាក់​ពិន័យ​ត្រូវ​សហការ​ជាមួយ​រតនាគារ​អោយ​ស៊ីជម្រៅ​។​

នៅ​ឆ្នាំ​២០១៨ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង បានទទួល​ចុះបញ្ជី​សំណុំរឿង​ព្រហ្មទណ្ឌ តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដំណាក់កាល​អយ្យការ ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជម្រះ បាន​ចំនួន​៨០៦​សំណុំរឿង​។ ក្នុងនោះ កិច្ចការ​អយ្យការ បានចេញ​ដីការ​សន្និដ្ឋាន​ស្ថាពរ​បាន​ចំនួន​ជិត​៣០០​សំណុំរឿង ដោយ​កំពុង​ចាត់ការ​បន្ត​មាន​ចំនួន​៩៦​សំណុំរឿង ហើយ​សំណុំរឿង​ចូល​ថ្មី​ចំនួន​៣៤៨​រឿង និង​សំណុំរឿង​នៅសល់​៤៤​រឿង​។​

​ចំពោះ​កិច្ចការ​បច្ចេកទេសផ្នែក​តុលាការ​វិញ រួមមាន​៖ ចៅក្រម​ស៊ើបសួរ ចៅក្រម​ជំនុំជម្រះ តុលាការ​រដ្ឋប្បវេណី និង​សំណុំរឿង​រក្សា​ការពារ ទទួលបាន​ការចាត់កា​រ​រួច​ចំនួន​៦៩០​សំ​ណុ​រឿង សំណុំរឿង​ចូល​ថ្មី​សរុប​៦៤១​សំណុំរឿង សំណុំរឿង​សល់​ពីមុន​៣៣៦​សំណុំរឿង និង​សំណុំរឿង​ដែល​កំពុង​ចាត់ការ​ចំនួន​២៩៤​សំណុំរឿង​៕​S/ល

#