អ្នកច្បាប់ និង​សមត្ថកិច្ច​កោះកុង ផ្លាស់ប្តូ​រមតិ​គ្នា​លើ​យន្តការ​បង្ក្រាប​បទល្មើស​នានា​ឲ្យមាន​ប្រសិទ្ធិភាព​

539
ចែករម្លែក

ដោយ:សុ​ផានី​តា​/​កោះកុង ​៖ ចៅក្រម ព្រះរាជអាជ្ញា សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ និង​មន្ត្រី​មន្ទីរ ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តកោះកុង បាន​បើក​ជំនួប​ជជែក​គ្នា​ផ្លាស់ប្តូរ​មតិយោបល់​ថ្មីៗ ដើម្បី​បង្កើន​សមត្ថភាព​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដែល​កំពុង​កើតមាន​អោយ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​មុន​។ ដ្បិត​ភូមិសាស្ត្រ​ខេត្តកោះកុង ពុំ​សូវ​មាន​បទល្មើស​ធំៗ​គួរឲ្យកត់សម្គាល់​យ៉ាងណាក្តី​។​

​បញ្ហា​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន ទំនិញគេចពន្ធ គ្រឿងញៀន និង​ល្បែងស៊ីសង ទាំងអស់នេះ ត្រូវបាន​អ្នកច្បាប់ អាជ្ញាធរ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នាំគ្នា​លើកយក​មក​ពិភាក្សា ស្វែង​យន្តការ​ដោះស្រាយ​បន្ទាន់ ដោយ​រំពឹងថា នឹង​ទទួល​កិច្ចសហការ​ល្អ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ថែមទៀត​។​

​លោក រស់ សា​រាំ ព្រះរាជអាជ្ញា​ខេត្តកោះកុង និង​លោក មីន មករា ប្រធាន​សាលាដំបូង​ខេត្ត បាន​ថ្លែង​បញ្ជាក់​ស្រដៀង​គ្នា​ក្នុង​កិច្ចប្រជុំ​រវាង​អង្គភាព​ផ្សេងៗ​ក្នុង​វិស័យ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​ការអនុវត្ត​ការងារ​បច្ចេកទេស នៅ​ព្រឹក​ថ្ងៃទី​៣០ វិច្ឆិកា​នេះ​ថា រូបលោក​ទាំងពីរ​នាក់ នឹង​សុំ​កិច្ចសម្របសម្រួល​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ​ជំនាញ​​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ធនធានធម្មជាតិ​អោយ​កាន់តែ​ខ្លាំងក្លា ក្នុង​គោល​បំណង​ការពារ​អភិរក្ស​សម្បត្តិ​ធម្មជាតិ​ឱ្យបាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត​។ ខណៈ​ភូមិសាស្ត្រ​ខេត្តកោះកុង សំបូរ​ទៅដោយ​សម្បត្តិ​ធនធានធម្មជាតិ​ជីវចម្រុះ​ជាច្រើន​។​

​អ្នកច្បាប់​ជាន់ខ្ពស់​ទាំងពីរ បាន​ឯកភាពគ្នា​ដោយ​គ្រោង​ចាត់តាំង​ប្រគល់​ភារកិច្ច​ទៅ​ព្រះរាជអាជ្ញារង​ចំនួន​៣​រូប​ចុះ​បេសកម្ម​តាម​បណ្តា​ស្រុក​នីមួយៗ ដោយ​ព្រះរាជអាជ្ញា​ម្នាក់​ទទួលខុសត្រូវ​សហការ​បង្ក្រាប​បទល្មើស​ចំនួន​២​ស្រុក ដើម្បី​ព​ន្លឿ​ន​នីតិវិធី​ផ្នែក​ច្បាប់​បាន​ភ្លាមៗ​។ ក្រៅ​ពីបទ​ល្មើ​ល​ធនធានធម្មជាតិ បទល្មើស​ទំនិញគេចពន្ធ ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​ចរាចរណ៍​គ្រឿងញៀន និង​ល្បែងស៊ីសង ក៏​ត្រូវមាន​វិធានការ​តាមច្បាប់​យ៉ាង​តឹង​រឹ​ុ​ង​ដូចគ្នា​ដែរ​។ ចំពោះ​លើកលែង​អោយមាន​បទល្មើស​ណាមួយ​រួចខ្លួន​ឡើយ​។​

​ដោយឡែក​លោក ប្រាក់ មុន្នី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្តីទី​ខេត្តកោះកុង បច្ចុប្បន្ន​រាល់​កើតមាន​បទល្មើស​ព្រៃឈើ លោក​តែង​ទាក់ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​ព្រះរាជអាជ្ញា​ដោយ​ប្រយោល​ប៉ុណ្ណោះ​។ ដូច្នេះ​ភាពខ្វះ​ចន្លោះ​នៃ​ការបង្ក្រាប​បទល្មើស​ពុំមាន​ប្រសិទ្ធិភាព​ប៉ុន្មាន​ទេ​។ នៅពេលដែល​ព្រះរាជអាជ្ញា មាន​វិធីសាស្ត្រ​ផ្នែក​ច្បាប់ លោក​រំពឹងថា បទល្មើស​អាច​កាត់បន្ថយ​បាន​ក្នុង​ចំនួន​ច្រើន រីឯ​មន្ត្រី​ជំនាញ​ក៏​កក់ក្តៅ​ចំពោះ​កិច្ចសហការ​ផងដែរ​។​

​មិន​ខុសពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទេ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថុង ណា​រុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ស្វាគមន៍​ចំពោះ​អ្វី​ដែលជា​វិធីសាស្ត្រ ថ្មី​លើ​ការបង្ក្រាប​បទល្មើស​នានា​អោយបាន​ទាន់ពេលវេលា តាមរយៈ​មាន​វត្តមាន​ព្រះរាជអាជ្ញារង​ចុះ​ដល់​មូលដ្ឋាន​កើតហេតុ​ផ្ទាល់​។ ហើយ​កន្លងទៅ មន្ត្រី​យុត្តិធម៌​ក៏មាន​ភាពខ្វះ​ចន្លោះ​រាល់​កា​រៀបចំ​នីតិ​ិ​ធី​បែបបទ​កំណត់ហេតុ​បទល្មើស​យឺតយ៉ាវ​ដែរ ដោយ​ទាមទារ​ឱ្យ​សិក្សា​ស្រាវជ្រាវ​ឡើងវិញ​។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកោះកុង ក៏​ជំរុញ​ដល់​មន្ត្រី​យុត្តិធម៌​ទូទាំង​ខេត្ត​តាមដាន​កត់ត្រា និង​ស្វែង​បទល្មើស​ដែល​ពុំ​សូវ​អ្នក​ហ៊ាន​ប្តឹង​ថែមទៀត រួមមាន​៖ បទល្មើស​គេ​ចព​ន្ឋ និង​បន​ល្បែងស៊ីសង​ជាដើម ដើម្បី​ធានាបាន​សន្តិសុខ​ស​ណ្នា​ប់​ធ្នាប់​ល្អ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

​គួរ​ជម្រាប​ថា នៅ​ឆ្នាំ​២០១៧ សាលាដំបូង​ខេត្តកោះកុង ទទួលបាន​សំណុំរឿង​រដ្ឋប្បវេណី​ស៊ើបសួរ និង​ជំនុំជម្រះ​៩០១​សំណុំរឿង ហើយ​ចាត់ការ​បាន​ចំនួន​៥២៦​សំណុំរឿង​។ ទន្ទឹម​នោះ អយ្យការ​ខេត្តកោះកុង ទទួល​សំណុំរឿង​៣៤៧​សំណុំរឿង សំណុំរឿង​ដែល​ចាត់ការ​រួចរាល់​មាន​៣០២​សំណុំរឿង​៕B/