អ្នកជំងឺកូរ៉ូណាធ្ងន់ធ្ងរនឹងពិបាកដកដង្ហើមក្នុងពេល៥ថ្ងៃ និងត្រូវការបំពង់អុកស៊ីសែនក្នុងពេល៨ថ្ងៃ ប៉ុន្តែមនុស្សភាគច្រើននឹងជាសះស្បើយវិញក្នុងពេល៧ថ្ងៃ

243
ចែករម្លែក

អ្នកវិទ្យាសាស្ត្របានបង្ហាញឱ្យដឹងនូវរោគសញ្ញានៃជំងឺកូរ៉ូណាពីមួយថ្ងៃទៅមួយថ្ងៃ ដែលអាចវិវត្តពីការក្អកស្រាលរហូតដល់បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរក្នុងរយៈពេលតែ ៨ ថ្ងៃប៉ុណ្ណោះ។

ការសិក្សាថ្មីពីក្រុងវូហាន ដែលចំណុចផ្ទុះមេរោគមុនគេ បានពណ៌នាអំពីរូបភាពពេញលេញនៃការវិវត្តនៃជំងឺកូវីដ១៩ ដែលអាចចេញពីគ្រុនក្តៅនិងអស់កម្លាំងល្ហិតល្ហៃរហូតដល់ដង្ហើមខ្លីៗ។

ការវិភាគនេះរាប់បញ្ចូលមនុស្សពេញវ័យដែលមានជំងឺកូវីដ១៩ ដែលបានបញ្ចូនទៅមន្ទីរពេទ្យជីនយីនតាន និង មន្ទីរពេទ្យវូហានភូលម៉ូណារី ក្រោយថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០១៩ ដែលត្រូវបានចេញពីមន្ទីរពេទ្យ ឬ ស្លាប់នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០។

ពួកគេបានរកឃើញថា រយៈពេលជាមធ្យមនៃគ្រុនក្តៅ ដែលជារោគសញ្ញាដំបូងនៃជំងឺកូវីដ១៩ មានប្រហែល ១២ ថ្ងៃ ប៉ុន្តែការក្អកដែលទាក់ទងនឹងជំងឺ អាចនៅយូរជាងនេះ។

៤៥ ភាគរយនៃអ្នកជំងឺ ១៩១ នាក់ដែលត្រូវបានគេមើលថែទាំ នៅតែមានការក្អកនៅពេលចេញពីមន្ទីរពេទ្យ បន្ទាប់ពីរយៈពេល ១២ ថ្ងៃ។

ការដកដង្ហើមខ្លីនឹងឈប់បន្ទាប់ពីរយៈពេលប្រហែល ១៣ ថ្ងៃសម្រាប់អ្នកដែលនៅរស់ និង បន្តរហូតដល់ស្លាប់ចំពោះអ្នកដែលមិនអាចទ្រាំបាន។

ចាប់ពីថ្ងៃកើតជំងឺដំបូង រយៈពេលជាមធ្យមដើម្បីអាចចាកចេញពីមន្ទីរពេទ្យបាន គឺ ២២ ថ្ងៃ ហើយរយៈពេលជាមធ្យមរហូតដល់ថ្ងៃស្លាប់ គឺ ១៨,៥ ថ្ងៃ។

ក្រុមអ្នកវិទ្យាសាស្ត្រនៅវូហានផ្សេងទៀតបាននិយាយថាជំងឺនេះអាចវិវត្តពីការក្អកស្រាលរហូតដល់បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរក្នុងរយៈពេលតែ ៨ ថ្ងៃប៉ុណ្ណោះ។

រោគសញ្ញាទូទៅនៃជំងឺកូវីដ១៩ ដែលបានឆ្លងដល់មនុស្សជាង ១៧០.០០០ នាក់និងសម្លាប់មនុស្ស ៦.៥០០ នាក់គិតត្រឹមថ្ងៃអង្គារទី២៤មីនានេះ រួមមាន គ្រុនក្តៅ អស់កម្លាំងល្ហិតល្ហៃ និង ក្អកស្ងួត។

ក្រុមអ្នកស្រាវជ្រាវនេះបានសិក្សាលើអ្នកជំងឺចំនួន ១៣៨ នាក់ ដែលមានជំងឺកូវីដនៅឯមន្ទីរពេទ្យចុងណាននៃសាកលវិទ្យាល័យវូហាន។

ពួកគេបានរកឃើញថារយៈពេលជាមធ្យមពីរោគសញ្ញាដំបូងទាំងនេះរហូតដល់រោគសញ្ញានៃការដកដង្ហើមពិបាកគឺ ៥ ថ្ងៃ។

បន្ទប់មកនៅថ្ងៃទី៧នឹងត្រូវចូលមន្ទីរពេទ្យ និង ថ្ងៃទី៨ លេចចេញនូវរោគសញ្ញាដកដង្ហើមខ្លី (ខ្សោយសួត) ដែលតម្រូវឱ្យមានបំពង់ខ្យល់អុកស៊ីសែន។

អ្នកជំងឺតែជាង ១ ភាគ ៤ (២៦ ភាគរយ) ត្រូវការបន្ទប់សង្គ្រោះបន្ទាន់ដើម្បីព្យាបាល ខណៈអត្រាស្លាប់គឺ ៤,៣ ភាគរយ មានន័យថា ស្លាប់ ៦ ក្នុងចំណោម ១៣៨ នាក់។

ជាទូទៅ គ្រុនក្តៅជារោគសញ្ញាទូទៅបំផុតក្នុងចំណោមអ្នកជំងឺកូរ៉ូណា ដោយអ្នកចូលរួមការសិក្សាចំនួន ៩៩ ភាគរយជួបប្រទះរោគសញ្ញានេះ។

ជាងពាក់កណ្តាលលេចរោគសញ្ញាអស់កម្លាំងល្ហិតល្ហៃនិងក្អកស្ងួត ខណៈប្រហែល១ភាគ៣ឈឺសាច់ដុំនិងពិបាកដកដង្ហើម។

៨៥ ភាគរយនៃអ្នកជំងឺកូវីដ១៩នឹងជួបប្រទះតែរោគសញ្ញា ៧ ថ្ងៃដំបូងប៉ុណ្ណោះ ដែលគេហៅថា “ដំណាក់កាលទី១”។

ទោះយ៉ាងណា អ្នកជំងឺ ១៥ ភាគរយទៀតនឹងបន្តចូលដល់ដំណាក់កាលទី២ ដែលមានរយៈពេល ២ សប្តាហ៍ថែមទៀត។

អ្នកជំងឺទូទៅអាចឆ្លងជំងឺ ៥ ថ្ងៃ ឬច្រើនជាងនេះ ដោយគ្មានរោគសញ្ញា។ ដោយសារជំងឺកូវីដ១៩មានលក្ខណៈដូចគ្នាជាមួយផ្តាសាយធំ ដូច្នេះវាពិតជាពិបាកឱ្យមនុស្សដែលចេញរោគសញ្ញាទាំងនេះដឹងថាតើពួកគេមានជំងឺកូវីដឬអត់ខ្លាំងណាស់៕ ដោយ៖ កញ្ញាដាលីស

៨៥ ភាគរយនៃអ្នកជំងឺកូវីដ១៩នឹងជួបប្រទះតែរោគសញ្ញា ៧ ថ្ងៃដំបូងប៉ុណ្ណោះ ដែលគេហៅថា “ដំណាក់កាលទី១”