អ្នកជំងឺ​មកពី ៥ ប្រទេស​អាស៊ី​រួមទាំង​កម្ពុជា អាច​ស្នាក់​នៅបាន ៩០ ថ្ងៃ​ក្នុងប្រទេស​ថៃ​

493

រដ្ឋាភិបាល​ថៃ​បាន​ពង្រីក​ការ​ស្នាក់នៅ​សម្រាប់​អ្នកជំងឺ​មកពី​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម (CLMV) ក៏ដូចជា​អ្នកជំងឺ​មកពី​ចិន ដែល​មក​ប្រទេស​ថៃ​សម្រាប់​ព្យាបាល​ជំងឺ​ចាប់ពី ៣០ ទៅ ៩០ ថ្ងៃ ដោយ​ស្របទៅតាម​ផែនការ​មហិច្ឆតា​របស់​ថៃ​ក្នុងការ​ប្រែក្លាយ​ប្រទេស​នេះ​ទៅជា​មណ្ឌល​វេជ្ជសាស្ត្រ​។

ក្រុមមន្ត្រី​បានប្រកាស​នៅ​វិមាន​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ពុធ​ទី ១២ កក្កដា​ថា ការ​ស្នាក់នៅ​ដែល​បាន​ពង្រីក​ពេលវេលា​នេះ ក៏​នឹង​អនុវត្តបាន​ផងដែរ​សម្រាប់​អ្នក​កំដរ​រហូតដល់ ៤ នាក់​ក្នុង​អ្នកជំងឺ​ម្នាក់​។

ឧបនាយករដ្ឋមន្ត្រី លោក ណា​រ៉ុង ពី​ប៉ា​តា​ណា​សៃ និយាយថា អ្នកជំងឺ​មកពី​ប្រទេស​ទាំងនេះ​គឺជា​ក្រុមទី​ពីរ ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ ៩០ ថ្ងៃ​។ រដ្ឋាភិបាល​ពីមុន​បានផ្តល់​ជូន​ទិដ្ឋាការ​យូរ​ជាងគេ​ដល់​ប្រជាជន​មកពី​បណ្តា​ប្រទេស​នៃ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែ​ក្ស (GCC)​។​

ការពង្រីក​ទិដ្ឋាការ​ស្នាក់នៅ​សម្រាប់​អ្នកជំងឺ​មកពី CLMV និង​ចិន បាន​ចូល​ជា​ធរមាន​ភ្លាមៗ​ក្រោយ​ប្រកា​សរួច​។ ពីមុន អ្នកជំងឺ​មកពី​ប្រទេស​ទាំងនេះ អាច​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​ត្រឹម ១ ខែ​ប៉ុណ្ណោះ​។

​រដ្ឋាភិបាល​ក៏​អនុម័ត​ពង្រីក​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​យូរ​សម្រាប់​ពលរដ្ឋ​មកពី ១៤ ប្រទេស​ផងដែរ រហូតដល់ ១០ ឆ្នាំ​ឯណោះ​។ ជនបរទេស​ស្របច្បាប់ មុនដំបូង ត្រូវ​ទទួលបាន​ការអនុញ្ញាត​ស្នាក់នៅ​ព្រះរាជាណាចក្រ​នេះ​រយៈពេល ៥ ឆ្នាំ​សិន ដែល​ក្រោយមក​ទើប​អាច​បន្តបាន ៥ ឆ្នាំ​ទៀត​។ នេះ​បើតាម​សម្តី​លោក​ឧបនាយករដ្ឋមន្ត្រី ណា​រ៉ុង ពី​ប៉ា​តា​ណា​សៃ​។​

ការអនុញ្ញាត​នេះ​ក៏​អាច​អនុវត្តបាន​សម្រាប់​ប្តី​ប្រពន្ធ និង​កូនៗ​របស់​ពួកគេ ដែលមាន​អាយុ​រហូតដល់ ២០ ឆ្នាំ​ផងដែរ​។

ប្រជាជន​មកពី ១៤ ប្រទេស​ដែលមាន​សិទ្ធិ​ស្របច្បាប់​សម្រាប់​ទិ​ដ្ឋ​ការ​ស្នាក់នៅ ១០ ឆ្នាំ​នោះ គឺ​មកពី​ប្រទេស​ដូចជា អូស្ត្រាលី ជប៉ុន ដា​ណឺ​ម៉ាក ហ្វ្រាំង​ឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូ​ឡង់ ន័​រ​វែ​ស ស៊ុយអែត ស្វី​ស ចក្រភព​អង់គ្លេស កាណាដា និង​អាមេរិក​។

លោក​ណា​រ៉ុង​និយាយថា ចំនួន​ជនបរទេស​ដែល​មក​ប្រទេស​ថៃ​ដើម្បី​ព្យាបាល​ជំងឺ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ព្រោះ​សេវាកម្ម​វេជ្ជសាស្ត្រ​ថៃ​បាន​បំពេញ​នូវ​ស្តង់ដារ​អន្តរជាតិ ជាមួយ​ឧបករណ៍​ទំនើប និង បុគ្គលិក​ពោរពេញ​ដោយ​ជំនាញ​ឯកទេស​៕ ​ដោយ ៖កញ្ញាដាលីស