អ្នកជំងឺ កូន​ក្មេង​និង​អ្នកភូមិ​មី​យ៉ាន់​ម៉ា​ចាស់ៗ ភៀសខ្លួន​ពី​សង្គ្រាម​ដោយ​ជិះ​ដំរី​កាត់​ទន្លេ​

112

ពួកអ្នកភូមិនាំគ្នាគេចចេញពីសង្រ្គាមស៊ីវិលមួយនៅមីយ៉ាន់ម៉ា ដោយជិះសត្វដំរីកាត់ទន្លេដ៏ជ្រៅមួយ។អ្នកជម្ងឺ កូនក្មេងនិងមនុស្សចាស់បានវេចបង្វេចនិងរបស់របរផ្សេងៗដាក់លើខ្នងដំរីហើយគេចចេញពីការប្រយុទ្ធគ្នា។

បើតាមរបាយការណ៍ មនុស្សរាប់ពាន់នាក់ទើបបញ្ចប់ការដើរកាត់ព្រៃដ៏ក្រាស់និងឆ្លងកាត់ទន្លេទឹកត្រឹមទ្រូងខ្លះនៅក្នុងរដ្ឋកាជីនរបស់មីយ៉ាន់ម៉ា។ប្រជាជនភូមិអាង ឡាតនៅក្នុងរដ្ឋកាជីន ត្រូវបង្ខំចាកចោលផ្ទះសម្បែងរបស់គេ ដើម្បីគេចចេញពីការប្រយុទ្ធគ្នារវាងពួកឧទ្ទាមមកពីក្រុម កងទ័ពឯករាជ្យកាជីន(KIA) និងយោធាមីយ៉ាន់ម៉ា។

ប្រជាជននៅក្នុងខ្ទមក្នុងស្រែរបស់គេបានឮសម្លេងយន្តហោះនិងការបាញ់កាំភ្លើងកាន់តែជិតឡើងៗ ហើយគ្រាប់ផ្លោងចាប់ផ្តើមធ្លាក់ចូលភូមិរបស់គេជាហេតុនាំអោយចាស់ទុំក្នុងភូមិបញ្ជាអោយជម្លៀសទៅកាន់ជំរំនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីភូមិ។ដោយអាចធ្វើដំណើរយឺតៗកាត់ព្រៃដ៏ក្រាស់៣ទី៤ម៉ោងក្នុងមួយថ្ងៃ កាលពីថ្ងៃ២ឧសភា ពួកគេបានទៅដល់ទន្លេមួយ ដោយនៅទីនោះពួកគេមានជំនួយពីដំរីរបស់អ្នកនៅតំបន់សំរាប់ការឆ្លងទន្លេ។

ដំរីត្រូវបានប្រើជាទូទៅនៅលើសណ្ឋានដីខ្ពស់ទាបរដិបរដុបក្នុងរដ្ឋកាជីន រួមទាំងក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធនឹងកងទ័ពមីយ៉ាន់ម៉ា ដែលប្រើឧទ្ធម្ភាគចក្រនិងយន្តហោះប្រយុទ្ធ។

ពួកអ្នកភូមិភាគច្រើនរស់នៅក្នុងជំរំ តែដោយសារតែការប្រយុទ្ធគ្នានៅបន្ត ពួកគេមិនដឹងថាតើពេលណាទើបអាចវិលទៅកាន់ផ្ទះរបស់គេវិញ៕ដោយ៖វាសនា