អ្នកជំនាញការ​ទ្វីបអឺរ៉ុប​ព្រមាន​៖ ដេក​យប់​ច្រើនពេក អាច​បណ្តាល​ឲ្យ​ឆាប់​ស្លាប់​

1434
ចែករម្លែក

​ទស្សនា​វ​ដ្តី​បេះដូង និង​សរសៃឈាម​នៅ​ទ្វីបអឺរ៉ុប​ថ្មីៗ​នេះ ទើប​ប្រកាស​ផ្សាយ​ជា​សាធារណៈ នូវ​លទ្ធផល​ស្រាវជ្រាវ​នៅ​ទូទាំង​ពិភពលោក​អំពី​ដំណេក ។ តាម​នោះ វេលា​ដេក​ក្នុង​១​ថ្ងៃៗ មាន​ទំនាក់ទំនង​ដល់​ការស្លាប់ ។

​តាម​កាសែត CNN ស្ថិតិ​មួយ​ដែល​ផ្អែកលើ​ទិន្នន័យ​យក​ពី​ប្រទេស​ចំនួន ២១ ក្នុង​តំបន់​ចំនួន ៧ បង្ហាញ​ឲ្យ​ឃើញថា អ្នក​ដែល​ដេក​លើសពី​ដែន​កំណត់​មួយ វា​នឹង​បង្កើន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង ហើយ​មានលទ្ធភាព​អាច​ឆាប់​ស្លាប់ ។​

​តាម​នោះ ដំណេក​ពី ៦ ទៅ ៨ ម៉ោង​ក្នុង​១​យប់ គឺជា​ចំនួន​ដែល​ក្រុម​អ្នកជំនាញការ​ទូន្មាន ដល់​មនុស្ស​ទាំងឡាយ ។ ប្រសិនបើ​ដំណេក​ច្រើន​លើសពីនោះ វា​នឹង​បង្កើន​អត្រា​គ្រោះថ្នាក់ ៤១% ចំពោះ​បេះដូង ស្ត្រូ​ក បណ្តាល​ឲ្យ​ងាយ​ស្លាប់ ។

​មុន​នោះ ក៏មាន​ការសិក្សា​ជាច្រើន​ផងដែរ ដែល​ទាក់ទិន​ដល់​ប្រធានបទ​នេះ គ្រាន់តែ​វា​ត្រូវ បាន​អនុវត្តន៍​នៅ​តំបន់​មួយចំនួន​ដូចជាៈ អាមេរិក​ខាងជើង ទ្វីបអឺរ៉ុប ជប៉ុន ។ ការស្រាវជ្រាវ នោះបាន​អនុវត្ត​លើ​ទម្លាប់​ដេក​របស់​មនុស្ស ១១៦, ៦៣២ នាក់ ស្ថិតក្នុង​វ័យ​ពី ៣៥ ឆ្នាំ ដល់ ៧០ ឆ្នាំ រស់នៅក្នុង​ប្រទេស​ចំនួន ២១ ហើយ​គេ​បានធ្វើ​ការតាមដាន​អ្នក​ទាំងនោះ ក្នុង​រយៈពេល​ពី ៧ ដល់ ៨ ឆ្នាំ ។​

​តាម​ស្ថិតិ នោះ​អ្នក​ដែល​ដេក​ពី ៨ ទៅ ៩ ម៉ោង វា​ធ្វើ​ឲ្យ​កើន​ហានិភ័យ កើត​ជំងឺ​សរសៃ ឈាម​បេះដូង និង​ស្លាប់ ដល់​ទៅ ៥% ។ ចំណែក​អ្នក​ដេក​ពី ៨ ទៅ ១០ ម៉ោង ហានិភ័យ​នេះ កើនឡើង​ដល់ ១៧% និង​ដោយឡែក​ចំពោះ​អ្នក​ដែល​ដេក​លើសពី ១០ ម៉ោង ហានិភ័យ​នេះ​កើនឡើង​ដល់ ៤១% ។​

​តាម​សាស្ត្រាចារ្យ Francesco Cappuccio ឯកទេស​អំពី​សរសៃឈាម​បេះដូង និង​រោគរាតត្បាត នៃ​សកល​វិទ្យាល័យ Warwick ឲ្យ​ដឹងថា ការសិក្សា​នេះ​ពុំ​និយាយ​ដល់​អ្នកមាន​ជំងឺ​បណ្តាល​ឲ្យ​មានការ​ដេក​ច្រើន​នោះទេ ។ ការ​ដេក​ពុំ​គ្រប់​ក៏​ជា​រឿង​មួយ​មិនល្អ ហើយ​បើ​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​មួយ​វែង​នោះៗ វា​ងាយ​ក្លាយទៅជា​ទម្លាប់ ។ លោក​ទូន្មាន​ថា មនុស្ស​ទាំងឡាយ​គួរ​គេង​គ្រប់​ម៉ោង​កំណត់ និង​ចៀស​ឆ្ងាយ​ពី​កាហ្វេ ស្រា និង​សារធាតុ​រំញោច នៅពេល​យប់ ដើម្បី​អ្នកមាន​គុណភាព​ដំណេក​ល្អប្រសើរ ៕ ប្រែ​សម្រួល​: រតនៈ​