អ្នកជំនាញការ​អាជ្ញាធ​រ​ជាតិ​អប្សរា​អនុវត្ត​គម្រោង​អភិរក្ស​ប្រាសាទទន្លេស្ងួត​ដំណាក់កាល​ទី​២

109
ចែករម្លែក

ដោយៈ​អង្គរតូច​/​សៀមរាប​៖​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​អនុវត្ត​គម្រោង​អភិរក្ស​ប្រាសាទទន្លេស្ងួត​ដំណាក់កាល​ទី​២​បន្ទាប់ពី​បញ្ចប់​គម្រោង​អភិរក្ស​ដំណាក់កាល​ទី​១​នៅ​ខែកក្កដា ឆ្នាំ​២០១៩​។​

​លោក​ជា សារិទ្ធ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​ប្រសាទ​ទន្លេ​ស្ងួត​បានឱ្យដឹងថា កម្មវិធីសិក្សា​ស្រាវជ្រាវ​ឯកសារ ចុះបញ្ជី​ថ្ម​រាយប៉ាយ​រក​ថ្ម​និង​រៀប​ផ្គុំ​សាកល្បង​ធ្វើ​សម្រង់​ប្លង់​និង​ការរុះរើ​ថ្ម​(​តួ​ប្រាសាទ​ទាំងស្រុង​ចាប់ពី​ដំបូល​រហូតដល់​គ្រឹះ​)​បាន​រួចរាល់​កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩​។

​ពេលនេះ​ក្រុមការងារ​កំពុង​បន្ត​គម្រោង​ដំណាក់កាល​ទី​២ (​ឆ្នាំ​២០២០)​។​ចាប់ផ្តើម​ជួសជុល​ពង្រឹង​គ្រឹះ រៀប​ផ្គុំ​ថ្ម​ខឿន និង​តួ​ប្រាសាទ​វិញ​រហូតដល់​ស្រទាប់​ទី​១៥(​ត្រឹម​ធ្នឹម​ទ្វារ​)​ហើយ​គម្រោង​ដំណាក់កាល​ទី​៣ គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​២០២១​។​

​លោក​បន្តថា​ចំពោះ​ហានិភ័យ​ដែលនាំឱ្យ​ប្រាសាទ​នេះ​ប្រឈម​នឹង​ការ​រលំ​បាក់​នោះ​គឺ​ដោយសារ​កត្តា​ទឹក​ដើមឈើ​និង​អាយុកាល​សំណង់​។​ជាពិសេស​គ្រឹះ​ប្រាសាទ​ចុះខ្សោយ​ហើយ​តួ​ប្រាសាទ​ទ្រេត​ខ្លាំង​ទៅ​ជ្រុង​ខាងលិច​(​លើសពី​១៥​ដឺ​ក្រ​)​ថ្ម​រចនាសម្ព័ន្ធ​ជញ្ជាំង​និង​ដំបូល​ស្ទើរតែ​ទាំងអស់​បាន​រំកិល​ចេញពី​ស្ថានភាព​ដើម​(​ប្រហោង​ចន្លោះ​ពី​៥​ស​.​ម​.​ទៅ​៤៥​ស​.​ម​.​ចំណែក​ថ្ម​ជញ្ជាំង​និង​ដំបូល​មួយ​ភាគ​ធំ​ត្រង់​ជ្រុង​អាគ្នេយ៍​និង​ពាយ័ព្យ​រលុះ​ធ្លាក់​ដល់​ដី​។

​បន្ទាប់ពី​សិក្សា​វាយតម្លៃ​ផ្នែក​ស្ថាបត្យកម្ម​តម្រូវឱ្យ​ក្រុមការងារ​សម្រេច​អនុវត្ត​ការជួសជុល​ជាបន្ទាន់ ដោយមាន​ការឯកភាព​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​និង​អនុសាសន៍​ពី​អ្នកជំនាញការ Ad hoc របស់​អង្គការ​យូណេស្កូ​(UNESCO)​ដែល​អនុញ្ញាតឱ្យ​រុះរើ​និង​រៀប​ផ្គុំ​ឡើងវិញ​ចាប់ពី​ដំបូល​រហូតដល់​គ្រឹះ​ប្រាសាទ ហៅថា Anastylosis​។

​លោក សារិទ្ធ បន្តថា ដើម្បី​សង្គ្រោះ​ប្រាសាទ​ឱ្យមាន​លំនឹង​ស្មើ​ឡើងវិញ យើង​ត្រូវ​ជួសជុល​ពង្រឹង​គ្រឹះ ខឿន​និង​តួ​ប្រាសាទ​ឡើងវិញ​ដោយ​គោរព​ទៅតាម​លក្ខណៈ​បច្ចេកទេស​និង​សម្ភារ​បុរាណ​។​ដូច្នេះ​ទើប​ក្រុមការងារ​មិនបាន​រើ​ផ្នែក​គ្រឹះ​ទាំងស្រុង​ទេ​ដោយ​រើ​ថ្ម​ជា​ផ្នែកៗ​សម្អាត​កំណ​កដី​រួច​ផ្លាស់ប្តូរ​ចេញ​នូវ​ថ្ម​ពុកផុយ​និង​ទំហំ​តូច​ស្តើង​ហើយ​ដាក់ជំនួស​វិញ​នូវ​ថ្ម​ថ្មី​ដែលមាន​ទំហំ​ធំ​និង​គុណភាព​ល្អ​។​ទន្ទឹមគ្នានេះ​ក្រុមការងារ​បាន​រៀប​ផ្គុំ​សាកល្បង​នូវ​ថ្ម​ស្រទាប់​ក្រោម​បង្អស់​ដោយ​ប្រើ​នូវ​ស្នៀត​ឈើ​សម្រាប់​កល់​ឬ​លើកកម្ពស់​ថ្ម​ឱ្យ​ត្រូវ​គ្នា​ទៅតាម​លំនាំ​ដើម​វិញ​។​

​ហេតុនេះហើយ​ទើប​ក្រុមការងារ​មិនអាច​រើ​ថ្ម​អស់ទាំង​ស្រុង​គឺ​ដើម្បី​រក្សា​នូវ​កម្រិត​កម្ពស់​ដើម​និង​ទីតាំង​ដើម​របស់​ថ្ម​នីមួយៗ​។​បន្ទាប់ពី​រៀប​ផ្គុំ​ស្រទាប់​ទី​១​រហូតដល់​ស្រទាប់​ទី​៣​និង​ស្រទាប់​បន្តបន្ទាប់​ត្រូវ​តាម​លំនាំ​ដើម​រួចរាល់​ក្រុមការងារ​ត្រូវ​រុះរើ​ថ្ម​រហូតដល់​ស្រទាប់​ទី​១​ចេញ​វិញ​ហើយ​ត្រូវ​ប្តូរ​ថ្ម​គ្រឹះ​បាយក្រៀម​ពុកផុយ​និង​ទំហំ​តូច​ស្តើង​ចេញ​ដោយ​ដាក់​ថ្ម​ថ្មី​ដែលមាន​ទំហំ​ធំ​ជាង​មុន​តាម​អនុសាសន៍​របស់​អ្នកជំនាញការ​Adhoc​នៃ​អង្គការ​យូណេស្កូ​។​

​ចំពោះ​កំណាយ​សិក្សា​គ្រឹះ​ប្រាសាទ​និង​ស្រាវជ្រាវ​លោក​បណ្ឌិត​ជា​សុជាតិ​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​បានឱ្យដឹងថា​ការធ្វើ​កំណាយ​នេះ​គឺមាន​ប្រយោជន៍​ដើម្បី​សិក្សា​អំពី​ការរៀបចំ​គ្រឹះ​ប្រាសាទ​មូលហេតុ​ដែលនាំឱ្យ​ប្រាសាទ​ស្រុត​និង​របៀប​នៃ​ការសាងសង់​ប្រាសាទ​។ ជា​លទ្ធផល​បាន​បង្ហាញថា ប្រាសាទទន្លេស្ងួត​មិនបាន​សង់​នៅ​លើដី​ធម្មជាតិ​នោះទេ​។

​ផ្ទុយទៅវិញ​គេ​បាន​លើកដី​មក​ពូន​ឱ្យ​ខ្ពស់​ដល់​កម្ពស់​ដែល​គេ​ចង់បាន​បន្ទាប់មក​គេ​បាន​កាប់​ដី​ទួល​នោះ​ជា​រណ្តៅ​ដែលមាន​ប្រវែង​បណ្តោយ​និង​ទទឹង​វែង​ជាង​តួ​ប្រាសាទ​និង​កម្រាល​ព័ទ្ធជុំវិញ​ពី​ខាងក្រៅ​ប្រាង្គ​ប្រមាណ​ជា​១,៥០​ម៉ែត្រ​។​នៅក្នុង​រណ្តៅ​គ្រឹះ​នេះ​គេ​បាន​បំពេញ​ស្រទាប់ដី​ខ្សាច់​ដែល​បង្ហាប់​ឆ្លាស់គ្នា​ជាមួយ​ស្រទាប់​ដីឥដ្ឋ​លាយ​ខ្សាច់​និង​ស្រទាប់​ដីឥដ្ឋ​លាយ​ថ្មភ្នំ​។​ដូច្នេះ​មូលហេតុ​សំខាន់​ដែលនាំឱ្យ​ប្រាសាទ​ស្រុត គឺ​បណ្តាលមកពី​ការ​រលួយ​នៃ​ឫស​ឈើ​ដែល​ងាប់​ក្នុង​ស្រទាប់ដី​បង្ហាប់​ធ្វើ​គ្រឹះ​នេះ​។​

​លោក​សុជាតិ​បន្តថា​កំណាយ​ក៏បាន​រកឃើញ​សំណល់​គ្រឹះ​នៃ​កំពែង​ថ្មបាយក្រៀម​របស់​មន្ទីរ​ពេទ្យ​ដែលជា​ទូទៅ​មាន​បណ្តោយ​ប្រមាណ​ជា​៣១​ម៉ែត្រ​និង​ទទឹង​ជាង​២០​ម៉ែត្រ​។​ផ្នែក​នៃ​ជញ្ជាំង​ត្រូវបាន​បាត់បង់​ទាំងស្រុង​។​វា​ប្រហែលជា​ត្រូវបាន​គេ​រុះរើ​នៅពេល​គេ​ឈប់​ប្រើប្រាស់​មន្ទីរពេទ្យ​នេះ​។​លក្ខណៈ​បែបនេះ​ក៏​ធ្លាប់​ជួប​និង​រកឃើញ​ផងដែរ​នៅ​ប្រាសាទ​តា​ម៉ូង (​មន្ទីរពេទ្យ​) នៅ​ខាងលិច​ខ្លោងទ្វារ​តា​កាវ​។

​នៅក្នុង​រណ្តៅ​កំណាយ​នេះ​ក៏​រកឃើញ​បំណែក​ក្បឿង​នៅ​រាយប៉ាយ​ដែល​ស្លាកស្នាម​នេះ​គឺជា​ភស្តុតាង​នៃ​ការរុះរើ​សំណង់​ស្រាល​នៅក្នុង​មន្ទីរពេទ្យ​ក្រោយពេល​គេ​ឈប់​ប្រើប្រាស់​វា​។​ក្រៅពីនោះ​ក៏បាន​ប្រទះឃើញ​បំណែក​កុលាលភាជន៍​តិចតួច​រួមជាមួយ​បំណែក​ថ្មភក់​តែ​មិនបាន​ប្រទះឃើញ​មាន​សំណល់​សំបក​ថ្នាំ​ទំនើប​ដូច​សព្វថ្ងៃ​ឡើយ​។​ដោយសារតែ​វិជ្ជាពេទ្យ​សម័យបុរាណ​ប្រើប្រាស់​ថ្នាំ​ជា​រុក្ខជាតិ វ​ល្លិ៍ ឫស សំបក ស្លឹកឈើ ក្នុងការ​ព្យាបាល​រោគ​៕S/​