អ្នកជំនាញផ្នែកកសិកម្មបង្កាត់ពូជធុរ៉េន​ល្បីនៅម៉ាឡេស៊ី ចុះមកជួយ ផ្នែកបច្ចេកទេសដល់កម្ពុជា

870
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-អ្នកបង្កាត់ពូជធុរេន ម៉ូសាងឃីង ដែលជាពូជធុរេនដ៏ល្បីឈ្មោះនៅប្រទេស ម៉ាឡេស៊ី បានស្ម័គ្រចិត្តមកបង្រៀនពិធីបង្កាត់ពូជធុរេនល្បីដល់កម្ពុជាតែម្តង ព្រោះតែ លោកចង់អោយកម្ពុជាមានទីផ្សារធុរេនបែបនេះ សម្រាប់ផ្គត់ផ្គង់ទីផ្សារផ្លែឈើ តបតាម ការ អញ្ជើញរបស់ក្រុមហ៊ុនវិនិយោគដីធ្លីចំការនៃក្រុមហ៊ុនហង្សម្ចាស់ដីដែលជា ក្រុមហ៊ុន វិនិយោគលើវិស័យកសិកម្ម។

លោក Way Sew Chiang ហៅលោក លី អ្នកជំនាញផ្នែកបណ្តុះបង្កាត់ពូជ និង បច្ចេក ទេសដាំដុះធុរ៉េនម៉ូសាងឃីង បានប្រាប់ថា លោកគឺជាអ្នកឯកទេសផ្នែកដាំដុះ និងថែទាំធុរ៉េនម៉ូសាងឃីង ប្រចាំនៅក្នុងកសិដ្ឋានធំមួយនៅក្នុងប្រទេសម៉ាឡេស៊ី ដោយបានធ្វើការលើមុខជំនាញនេះ ប្រមាណជាង៣០ឆ្នាំមកហើយ លោកក៏មានស្នាដៃ ជួយអោយប្រទេសម៉ាឡេស៊ី មានលទ្ធភាពផ្គត់ផ្គង់ពូជធុរ៉េនម៉ូសាងឃីង នៅក្នុងប្រ ទេស និងនាំចេញនាពេលចុងក្រោយនោះផង។ ក្រៅពីទទួលខុសត្រូវលើការងារក្នុង កសិដ្ឋានរបស់ ខ្លួន លោកក៏ជាអ្នកបណ្ដុះបណ្ដាល និងជាអ្នកផ្ដល់បច្ចេកទេសជួយ ដល់ម្ចាស់ចម្ការធុរ៉េនម៉ូសាងឃីងធំៗនៅក្នុងប្រទេសប្រចាំនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

នាពេលកន្លមក លោកបានចុះទៅបណ្ដុះបណ្ដាលជំនាញដាំពូជធុរ៉េននេះ នៅក្នុង ប្រទេសឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀត ជាច្រើនកន្លែង ដើម្បីអោយប្រទេសទាំង នោះ មានលទ្ធភាពដាំដុះពូជធុរ៉េនមួយនេះ។ ដោយឡែកសម្រាប់ដំណើរមកកាន់ កម្ពុជា របស់លោកនៅក្នុងពេលនេះ ក៏មិនខុសពីដំណើរកន្លងមកទៅកាន់ប្រទេស ឥណ្ឌូនេស៊ីនោះដែរ លោកមកដើម្បីសិក្សាទឹកដីមួយចំនួនរបស់កម្ពុជា ជាពិសេស គឺ បរិយាកាស និងសណ្ឋានដីក្នុងខេត្តកំពត ដើម្បីកំណត់ដឹងថា តើត្រូវរៀបចំបច្ចេកទេស ដូចម្ដេច ដើម្បីអាចអោយពូជធុរ៉េនម៉ូសាងឃីង អាចលូតលាស់បានល្អ។

លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី ធ្លាប់បានថ្លែងថា សម្រាប់ ចម្ការធុរេនរបស់គម្រោង”ឋានព្រះឥន្ទ” ក្រុមហ៊ុនបានទំនាក់ទំនងជាមួយអ្នកជំនាញ ប្រទេសម៉ាឡេស៊ីក្នុងការនាំពូជសុទ្ធ«ម៉ូសាងឃីង»ផ្ទាល់ពីម៉ាឡេស៊ីតែម្ដង ដោយមិន ទិញ ពូជពីប្រទេសជិតខាងទេ ដើម្បីអោយបានពូជសុទ្ធ។ ក្នុងនោះក្រុមហ៊ុនក៏ត្រៀម ចំណាយទុនខ្ពស់ ក្នុងការអញ្ជើញអ្នកឯកទេស គឺលោកលី អោយឡើងចុះមកសិក្សា និងជួយលើផ្នែកបច្ចេកទេសតាំងពីដំណាក់កាលបណ្ដុះពូជ ដាំដុះ រហូតដល់បានផល ផងដែរ។ លោកថា ពូជធុរេនម៉ូសាងឃីង ត្រូវបានដាំជាបណ្ដើរៗហើយនៅខេត្តកំពត ដោយនឹងបន្តដាំនៅបណ្ដាខេត្តផ្សេងៗទៀត។ លោកចំណាយទុនខ្ពស់នាំពូជ និងអ្នកឯកទេស ពីប្រទេសម៉ាឡេស៊ីមកដោយផ្ទាល់ គឺដើម្បីអោយម្ចាស់ចម្ការ ដែលទិញចម្ការធុរេនពីគម្រោងឋានព្រះឥន្ទ មានចម្ការធុរ៉េនមួយដែលមានពូជល្អ ហើយលក់បានថ្លៃក្រោយពេលបានផល។ ​លោក ហង្ស ព្រីន្សយ៉ា ​បន្តថារយៈពេល៥ឆ្នាំ ឬ៦ឆ្នាំខាងមុខ កម្ពុជានឹងមានពូជធុរ៉េនម៉ូសាងយីង ផ្គត់ផ្គង់ក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេសប្រកួតប្រជែងនឹងប្រទេសជិតខាងបាន៕

#