អ្នកជំនាញៈ​កម្ពុ​ជាមាន​ព្យុះ​ថ្មី​ពីរ​កើតឡើង​ធ្វើ​ឲ្យ​ខ្យល់​និរតី​បក់បោក​ខ្លាំង​

970
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​មន្ត្រី​នៃ​ក្រសួង​ជំនាញ​បាន​អះអាងថា​កូន​ព្យុះ​ទី​៦​នឹងត្រូវ​រលាយ​បន្ទាប់ពី​ព្យុះ​ទី​៧​ថ្មី​មួយ​ទៀត​កើតឡើង​។​ទោះជា​យ៉ាង​កម្លាំង​ស្រូប​របស់​ព្យុះ​ទាំងពីរ​នេះ​មិនបាន​ធ្វើ​ឲ្យ​ដាច់ដោច​ដល់​ប្រព​ន្ធ័​សម្ពាធ​ទាប​ដែល​នៅលើ​ប្រទេស​កម្ពុជា​និង​តំបន់​អាង​ទន្លេមេគង្គ​លើ​នោះទេ​ទើប​ធ្វើ​ឲ្យ​ភ្លៀង​នៅតែ​បន្ត​មាន​ធ្លាក់​រាយប៉ាយ​គ្រាន់​តែមាន​ល្បឿន​លឿន​ប៉ុណ្ណោះ​។​

ផ្ទះមួយ​ចំនួន​នៅ​ខេត្តកោះកុង​រងគ្រោះ​ដោយ​ភ្លៀង​មាន​ព្យុះ​កន្ត្រាក់​កាលពី​ថ្ងៃទី​១៦​មិថុនា​(​រូបថត​ក្រសួង​ធនធានទឹក​)

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៨​ថា​កូន​ព្យុះ​ទី​៦​ឈ្មោះ​ហ្គេ​អ៊ី​មី​(GAEMI)​ដែល​បានកើត​មាននៅ​ក្នុង​សមុទ្រ​ចិន​ក្បែរ​កោះ​តៃវ៉ាន់​មិនមាន​ឥទ្ធិពល​ទឹកភ្លៀង​ដល់​ប្រទេស​កម្ពុជា​ទេ តែ​វា​បាន​ស្រូប​ទាញ​ធ្វើ​ឲ្យ​មាន​ខ្យល់មូសុង​និរតី​ខ្លាំង​កើតឡើង​។​

​ទោះជា​យ៉ាងណា​មន្ត្រី​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា កម្លាំង​ស្រូប​របស់​ព្យុះ​ទី​៦​នេះ​មិន​ខ្លាំង​ដូចជា​ព្យុះ​ទី​៥​នោះ​ទេ ។ ប្រទេស​កម្ពុជា​នៅតែ​ស្ថិតក្រោម​ឥទ្ធិពល​ប្រព​ន្ធ័​សម្ពាធ​ទាប​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ធម្មតា​គ្រាន់​តែ​ភ្លៀង​ធ្លាក់ មាន​សភាព​លឿនៗ​ដោយសារ​ខ្យល់​បក់បោក​ខ្លាំង ។​

​អ្នកនាំពាក្យ​បញ្ជាក់ថា​ព្យុះ​ទី​៦​ដែល​បាន​កើតមាន​កាលពី​ថ្ងៃ​ម្សិលមិញ​(១៥​មិថុនា​)​មិនបាន​ស្រូប​ទាញ​ធ្វើ​ឲ្យ​ដាច់​ដោច​ដល់​ប្រព​ន្ធ័​សម្ពាធ​ទាប​ដែល​គ្របដណ្តប់​នៅលើ​តំបន់​មេគង្គ​លើ​នោះទេ​។​ព្យុះ​នេះ​នឹង​រលាយ​នៅពេល​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​ទៀត បន្ទាប់ពី​ព្យុះ​ថ្មី​ទី​៧​កើត​មាននៅ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​។​

​លោក​ចាន់​យុ​ត្ថា​និយាយ​ឲ្យ​ដឹង​ទៀតថា​ព្យុះ​ថ្មី​ដែល​នឹង​កើត​មាននៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នឹងធ្វើ​ឲ្យ​មាន​ខ្យល់មូសុង​និរតី​នៅតែ​បន្ត​បក់បោក​មក​ខ្លាំង​ថែម​ច្រើន​ថ្ងៃ​ទៀត​តែ​មិនបាន​ធ្វើ​ឲ្យ​ដាច់ដោច​ប្រព​ន្ធ័​សម្ពាធ​ទាប​ដែលមាន​នៅ​លើ​ប្រទេស​កម្ពុជា​និង​លើ​តំបន់​អាង​ទន្លេមេគង្គ​នោះទេ​។​ប្រព​ន្ធ័​សម្ពាធ​ទាប​ដែល​គ្របដណ្តប់​លើ​តំបន់​អាង​ទន្លេ​មេគង្គ​ច្រើន​ថ្ងៃ​មកហើយ​នោះ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​និង​ធ្វើ​ឲ្យ​ទឹកទន្លេ​នេះ​ហក់​ឡើងជា​លំដាប់​តែ​មិនទាន់មាន​សញ្ញា​ជំនន់​គួរ​ឲ្យ​បារម្ភ​នៅឡើយ​ទេ​។​

ផ្ទះមួយ​ចំនួន​នៅ​ខេត្តកោះកុង​រងគ្រោះ​ដោយ​ភ្លៀង​មាន​ព្យុះ​កន្ត្រាក់​កាលពី​ថ្ងៃទី​១៦​មិថុនា​(​រូបថត​ក្រសួង​ធនធានទឹក​)

​ចំណែក​ទឹកទន្លេ​មេគង្គ​ដែលមាន​សភាព​ល្អក់​និង​ហូរ​ចុះមក​កាន់តែខ្លាំង​ត្រូវបាន​គេ​ប្រាប់​ឲ្យ​ដឹងថា​បាន​នាំ​ចុះមក ជាមួយ​នូវ​កូន​ត្រី​ប្រា​ខ្ចៅ​និង​កូន​ត្រី​ប្រភេទ​ផ្សេងៗ​ទៀត​ជាច្រើន​ធ្វើ​ឲ្យ​មាន​បទល្មើស​ចាប់​កូន​ត្រី​នេះ​កើតឡើង​ហើយ​នៅក្នុង​ទន្លេមេគង្គ​លើ​នោះ ។ ព្រម​ជាមួយគ្នានេះ​ទឹកទន្លេ​មេគង្គ​ក៏បាន​ចាប់ផ្តើម​ហូរ​ចូលទៅ​កាន់​បឹង​ទន្លេសាប​ដែរ​ហើយ​៕មន

ទិដ្ឋភាព​ភ្លៀង​នៅ​ខេត្តកោះកុង​កាលពី​ថ្ងៃទី​១៦​ខែមិថុនា​(​រូបថត​ក្រសួង​ធនធានទឹក​)