អ្នកជំនាញៈ កុមារ អូ​ទិ​ស្សឹម អាច​ក្លាយជា​មនុស្ស​ដ៏​អស្ចារ្យ​លើសពី​មនុស្ស​ធម្មតា​

547
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​អំពាវនាវ​ដល់​មាតាបិតា​អាណាព្យាបាល ដែលមាន​កូន​ជា​កុមារ​អូ​ទិ​ស្សឹម ថា មាតាបិតា អាណាព្យាបាល ដែលមាន​កូន​ជា​កុមារ​អូ​ទិ​ស្សឹម ឬ ខ្សោយសតិ​បញ្ញា សូមកុំ​តូចចិត្ត កុំ​អស់សង្ឃឹម កុំ​បោះបង់​ពួកគេ​ចោល​ឡើយ ចូរ​បង្កើន​ការយកចិត្តទុកដាក់ ទំនាក់ទំនង​ជាមួយ​ពួកគេ ឈ្វេងយល់​ពី​ពួគគេ​ឱ្យបាន​ច្រើនជាង​មុន សំខាន់បំផុត ត្រូវយក​ពួកគេ​ទៅ​សាលារៀន​ពិសេស ដើម្បី យកមក​វិញ​នូវ​សម្បទា ដែល​ពួកគេ​បាន​បាត់បង់


​អូ​ទិ​ស្សឹម ឬ ខ្សោយសតិ​បញ្ញា មិនមែនជា​ពិការភាព​ឡើយ វា​គឺជា​ប្រភេទ​ជំងឺ​ម្យ៉ាង​ដែល​ធ្វើឱ្យ​មនុស្ស​បាត់បង់ ឬ ខ្សោយ​សម្បទា ឬ បំ​ណិ​ន ៣ យ៉ាង គឺ​៖ ទី ១ ខ្សោយ​ផ្នែក​ទំនាក់ទំនង​សង្គម គឺ​ពួកគេ​មិនចេះ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ សូម្បីតែ​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ , ទី ២. ខ្សោយ​ភាសា​សម្បទា ពោលគឺ​ការនិយាយស្តី​របស់​ពួកគេ​គ្មាន​ដើម គ្មាន​ចុង ចួនកាល​ពាក្យ​ដែល​ពួកគេ​និយាយ មិនដឹងថា​ជា​ពាក្យ​អ្វី​ពិតប្រាកដ ឬ មិនដឹងថា​មាន​អត្ថន័យ​អ្វី​ផង , ទី ៣ ខ្សោយ​ឥរិយា​សម្បទា គឺ​អាកប្បកិរិយា​របស់គេ​ខុសពី​មនុស្ស​ទូទៅ ច្រងេងច្រងាង ឆេវឆាវ ទទឹងទទែង គ្មាន​សុជីវធម៌ ជាដើម ។​


​ហេតុនេះ​អ្នកជំនាញ​ទាំងឡាយ ដូចជា​គ្រួ​បង្រៀន​នៅ​សាលា​ពិសេស​ជាដើម ធ្វើការ​ជាមួយ​កុមារ​អូ​ទិ​ស្សឹម ឬ ខ្សោយសតិ​បញ្ញា ដោយ​ការប្រើ​បច្ចេកទេស ដែល​ទទួលបាន​ការហ្វឹកហាត់​ច្បាស់លាស់​ក្នុង​គោលបំណង​ទាញយក​មកវិញ​នូវ សម្បទា ឬ បំ​ណិ​ន ទាំង ៣ ខាង​លើក​នេះ ដូចជា​បង្រៀន​ពួកគេ​ឱ្យ​ចេះ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ , បង្រៀន​ឱ្យ​ពួកគេ​ចេះ​និយាយ​ឱ្យចេញ​ជា​ពាក្យ​ច្បាស់លាស់ និង រៀប​ពាក្យ​បង្កើតជា​ប្រយោគ​ឱ្យបាន​ត្រឹមត្រូវ ។


​លោក ចាន់ សារិន នាយ​ប្រតិបត្តិ​អង្គការ​ជំនួយ នៃ ក្តីសង្ឃឹម​សម្រាប់​សហគមន៍ បាន​ប្រាប់ រស្មី​កម្ពុជា ថា នៅពេលដែល​ជន​អូ​ទិ​ស្សឹម ទទួលបាន​បំ​ណិ​ន ឬ សម្បទា ទាំង ៣ នេះ​មកវិញ មាន​អ្នកខ្លះ​ភាព​វៃឆ្លាត និង សមត្ថភាព​របស់​ពួកគេ ខ្លាំងក្លា​លើស​មនុស្ស​ធម្មតា ២ ឬ ៣ ដង ក៏មានដែរ ហើយ​យ​ជន​អូ​ទិ​ស្សឹម​ខ្លះ បាន​ក្លាយជា ជា​វិស្វករ​គូស​ប្លង់​ព្រលានយន្តហោះ​ក៏មាន ។​


​លោក ចាន់ សារិន បាន​បញ្ជាក់ថា អូ​ទិ​ស្សឹម មិនមែនជា​ជំងឺឆ្លង​ទេ ដូច្នេះ​សូមកុំ​ខ្លាច​ពួកគេ កុំ​រើសអើង​ចំពោះ​ពួកគេ ។​


​កម្ពុជា មាន​សាលា​ពិសេស ដែលជា​សាលា​សម្រាប់​កុមារ​អូ​ទិ​ស្សឹម ឬ កុមារ​ខ្សោយ​សតិបញ្ញា នៅតាម​បណ្តា​រាជធានី​ខេត្ត​ជាច្រើន ដែល​មាតាបិតា អាណាព្យាបាល​អាចទាក់ទង​ទៅ​សាលា​ទាំងនោះ តាមរយៈ​មន្ទីរ​សង្គម​កិច្ច រាជធានី ខេត្ត ឬ អង្គការក្រៅរដ្ឋាភិបាល ដែល​ធ្វើការ​លើ​វិស័យ អូ​ទិ​ស្សឹម នៅ​ទូទាំងប្រទេស ។ គេ​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ នៃ កុមារ​អូ​ទិ​ស្សឹម ឬ កុមារ​ខ្សោយ​សតិបញ្ញា​ទេ ព្រោះ​អ្នកពាក់ព័ន្ធ​កំពុង​ប្រមូល​ទិន្នន័យ​នេះ​នៅឡើយ ហើយ​គេ​គ្រាន់តែ​សង្ស័យថា នៅ​ទូទាំងប្រទេស ប្រហែល​ជាមាន​កុមារ​អូ​ទិ​ស្សឹម ឬ ខ្សោយសតិ​បញ្ញា​ប្រមាណ​ជា ៤០០ នាក់ ៕ Kh

លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ ក្រសួង​សង្គមកិច្ច ( រូបៈ មេសា )
#