អ្នកជំនាញ​កសិកម្ម​ចិន​បង្រៀន​ប្រជាជន​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ពី​បច្ចេកទេស​ធ្វើស្រែ​ឱ្យទទួល​បាន​ផល​ច្រើន​ប្រើ​ពូជ​តិច

757
ចែករម្លែក

​ដោយ​: អង្គរតូច / សៀមរាប​: អ្នកជំនាញ​កសិកម្ម​ជនជាតិ​ចិន នៃ​គម្រោង Caproc របស់​ក្រុមហ៊ុន FORWORD សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បង្រៀន​ពី​របៀប​ធ្វើស្រែ​ឱ្យទទួល​បាន​ទិន្នផល​ខ្ពស់ ចំណេញ​ពេល ប្រើ​ពូជ​តិច និង​កម្លាំង​តិច ដល់​ប្រជាជន​ភូមិ​ធម្មជាតិ​រុន​តា​ឯក កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​។​

​លោក XIE ZHI GAN អ្នកជំនាញ​ដំណាំ​ស្រូវ​បាន​និយាយថា ការយក​បច្ចេកទេស​ដាំ​ស្រូវ​មក​បង្រៀន ព្រោះស្រូវ​ជា​ដំណាំ​ដ៏​ធំ​នៅ​កម្ពុជា ហើយ​ប្រជាជន​ភាគច្រើន​ធ្វើតាម​ទម្លាប់ បុរាណ ប្រើ​កម្លាំង​មនុស្ស​និង​ពូជ​ច្រើន ហើយ​បាន​ទិន្នផល​តិច​។ ដូច្នេះ​ទើប​ក្រុមការងារ​មក​ចែករំលែក​អំពី​បទពិសោធ​ន៍​ក្នុងការ​ធ្វើស្រែ​ដោយ​ចំណាយ​ពូជ​តិច ចំណេញ​ពេល និង​បាន​ទិន្នផល​ខ្ពស់​។

​លោក XIE ZHI GAN បន្តទៀតថា វគ្គ​សិក្សា​នេះ​បង្រៀន​ប្រជាជន​អំពី​ការ​គ្រវែង​សំណាប ការប្រើ​គ្រឿងយន្ត វិធី​ថែទាំ និង​ការការពារ​ដំណាំ​ស្រូវ ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ ហើយ​ចំណេញ​ពេល និង​ថវិកា​ថែមទៀត​។ ចំពោះ​ការ​គ្រវែង​សំណាប វា​ពិតជា​ថ្មី​សម្រាប់​ប្រជាជន​ខ្មែរ តែ​វា​ងាយស្រួល លឿន និង​បាន​ផល​បំផុត​។​

អ្នកស្រី សួត សាលី កសិករ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដែល​បាន​រៀន​វគ្គ​បណ្តុះបណ្តាល​អំពី​ដំណាំ​ស្រូវ​បាន​លើកឡើងថា វគ្គ​សិក្សា​នេះ​ថ្មី ប្លែក​ជាង​អ្វីដែល​អ្នកស្រី​ទៀត​ធ្លាប់ធ្វើ​កន្លងមក​ដោយ​ប្រើ​កម្លាំង​ច្រើន ប្រើ​ន័​ង្គ​ល ដែល​ចំណាយពេល​ច្រើន​។ តែ​វគ្គ​នេះ​បង្រៀន​ដោយ​គ្រវែង​សំណាប​និង​ប្រើ​ម៉ាស៊ីន វា​ងាយស្រួល ចំណេញ​ពេល និង​គួរឱ្យ​ចាប់អារម្មណ៍​ចង់​សាកល្បង​។ ក្រៅពីនោះ អ្នកស្រី​ក៏​ចេះ​ពី​វិធី​ការពារ​និង​ថែរក្សា​ស្រូវ​ឱ្យបាន​ល្អ ដឹង​ពី​សត្វល្អិត​ណា​មាន​ប្រយោជន៍​និង​ជា​សត្វ​បំផ្លាញ ហើយ​ត្រូវ​កម្ចាត់​ដោយ​របៀប​ណា​។​

លោក អ៊ឹង តុង​អៀង អនុប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក បានឱ្យដឹងថា ដំណាំ​ស្រូវ​ជា​វគ្គ​សិក្សា​លើក​ទី​១​សម្រាប់​កសិករ​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។ តាមរយៈ​វគ្គ​សិក្សា​នេះ នឹងធ្វើ​ឱ្យ​កសិករ​យល់ដឹង​ពី​របៀប​ដាំ​ដុះ ការថែទាំ ការ​កម្ចាត់​សត្វល្អិត​ចង្រៃ ការជ្រើសរើស​ពូជ និង​មាន​ជម្រើស​ក្នុងការ​សាកល្បង​ពី​វិធី​ណាមួយ​ដែល​គាត់​ចង់​ធ្វើ​សម្រាប់ ដំណាំ​ស្រូវ​របស់គាត់​ឱ្យទទួល​បាន​ផល​ល្អ​។ អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ស្វែងរក​ដៃគូ​សហការ​ផ្សេងៗ អ្នកជំនាញ​កសិកម្ម​ជាតិ អន្តរជាតិ ដើម្បី​មក​ផ្តល់​ចំណេះដឹង​ដល់​អ្នកភូមិ ធ្វើយ៉ាងណា​ឱ្យ​អ្នកភូមិ​មាន​ជីវភាព​ល្អប្រសើរ​តាមរយៈ​ការធ្វើ​កសិកម្ម និង​លក់ដូរ​ផលិតផល​របស់ខ្លួន​៕ ល​