អ្នកជំនាញ​ចែករំលែក​ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​អង្គរ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​

137
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​និស្សិត​មហាវិទ្យាល័យ​ស្ថាបត្យកម្ម​និង​នគរូបនីយកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ចំនួន​៣៦០​នាក់​បានមក​បំពេញ​ទស្សនកិច្ច​សិក្សា​និង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​អង្គរ​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា និង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ចាប់ពី​ថ្ងៃទី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​។​

លោក​សាស្ត្រាចារ្យ​អ៊ិន​សារិន​ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម​និង​នគ​រោ​ប​នី​យ​វិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​ថ្លែងអំណរគុណ​ដល់​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ចំណាយ​ពេលវេលា​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​អង្គរ​ដល់​និស្សិត​និង​ចាប់អារម្មណ៍​ជាខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​លើ​កិច្ចការ​អភិរក្ស​ជួសជុល​និង​ការអភិវឌ្ឍ​នៅក្នុង​រមណីយដ្ឋាន​អង្គរ ពិសេស​លើ​ការថែរក្សា​មរតក វប្បធម៌ ជំនឿ​អរូបី​ជាមួយ​អ្នកស្រុក​។​

​លោក​សាស្ត្រាចារ្យ​ក៏​សង្ឃឹមថានឹង​បាន​ចងស្ពានមេត្រី​គ្នា​រវាង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​និង​ក្រុមការងារ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​កាន់​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ ដើម្បី​ផ្តល់ឱកាស ចំណេះដឹង​ការងារ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​រៀនសូត្រ​បន្ថែម​ពី​ទីនេះ​កាន់តែច្រើន​នៅ​ថ្ងៃ​អនាគត​។

​លោក​អ៊ឹម​សុខ​រិទ្ធី​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​តំណាង​ឯកឧត្តម​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​អង្គរ​ដល់​និស្សិត​ទាំងអស់​ហើយក៏​បានឱ្យដឹង​ថា​អាជ្ញាធរ​ជាតិ​អប្សរា​គឺជា​ស្ថាប័ន​ការងារ​មួយ​បានផ្តល់​ឱកាស​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ច្រើនជាងគេ​សម្រាប់​ហាត់​ការ​រយៈពេល​ខ្លី​និង​ការងារ​អចិន្ត្រៃយ៍​ផងដែរ ពិសេស​មហាវិទ្យាល័យ​បុរាណវិទ្យា​។​

​លោក​រិទ្ធី​បន្ថែមថា​អាជ្ញាធរ​ជាតិ​អប្សរា​រីករាយ​ក្នុង​ការផ្តល់​កិច្ចសហការ​ការបណ្តុះបណ្តាល​និង​ទទួលយក​និស្សិត​ទាំង​ក្នុងពេល​កំពុង​សិក្សា​និង​បញ្ចប់​ការសិក្សា​ហើយ​ដើម្បី​មក​អនុវត្ត​កិច្ចការ​នៅទីនេះ​តាម​គម្រោង​នីមួយៗ​ដែល​ធ្លាប់បាន​ផ្តល់ជូន​កន្លង​មក ហើយនឹង​មាន​ជា​បន្តបន្ទាប់​ទៀត​៕S/

​រូបភាព​:​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ចែករំលែក​ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​អង្គរ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​៕​អប្សរា​