អ្នកជំនាញ​ថា​ចង់ឱ្យ​សង្គម​ខ្មែរ​មាន​សីលធម៌​ខ្ពស់ ត្រូវ​ប្រតិបត្តិ សីល​៥ ទាំងអស់គ្នា​

1154
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ មានការ​រអ៊ូ​រទាំង​ជា​ញឹកញាប់​ថា សីលធម៌​ក្នុងសង្គម​ខ្មែរ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បាន​ធ្លាក់ចុះ ហើយ​ការធ្លាក់ចុះ​សីលធម៌​សង្គម​នោះ ដោយសារតែ​ការធ្លាក់ចុះ នៃ សីលធម៌​ព្រះពុទ្ធ​សាន​សនា ។ ព្រះ​ភិក្ខុ​បណ្ឌិត ឃី សុវណ្ណ​រតនា សកលវិទ្យា​ធិ​ការ​ស្តីទី នៃ ពុទ្ធិក​សិ​កល​វិទ្យាល័យ​ព្រះសីហនុ​រាជ បាន​មាន​ព្រះ​ថេរ​ដីកា​ថា ចង់ឱ្យ​សង្គម​ខ្មែរ​ប្រកបដោយ​សីលធម៌​ខ្ពស់ មិន​ពិបាក​ទេ ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៩០ ភាគរយ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា គឺ​គ្រាន់តែ​អនុវត្ត​គោលការណ៍​មូលដ្ឋាន នៃ ក្រមសីលធម៌​ព្រះពុទ្ធសាសនា ពោលគឺ​សីល ៥ ទៅ គឺជា​ការ​គ្រប់គ្រាន់​ហើយ ។​

​ព្រះមហា​សមណៈ​បញ្ញវន្ត​សង្ឃ ឃី សុវណ្ណរ​តា មាន​ព្រះ​ថេរ​ដីកា​ប្រកបដោយ​ដំណោះស្រាយ​បែបនេះ នាឱកាស​និមន្ត​ជា​ព្រះអធិបតី នៃ ពិធី​បាឋកថា ស្តីពី តម្លៃ​សីលធម៌​ព្រះពុទ្ធសាសនា និង ពា​ហរិ​សាសនា ដែល​រៀបចំ​នៅឯ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នា​រសៀល​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ ។​

​ព្រះ​ភិក្ខុ ឃី សុវណ្ណ​រតនា បន្ថែមថា ព្រោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា​នេះហើយ ដែលជា​សមាសភាគ​សំខាន់បំផុត នៃ សង្គម​ខ្មែរ ដូច្នេះ​បើ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ខ្មែរ ប្រតិបត្តិ​ល្អ សង្គម​ខ្មែរ​ក៏​ល្អ ហើយ​នេះ​គឺជា​កាតព្វកិច្ច និង ភារកិច្ច របស់​អ្នក​កាន់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ជាពិសេស​អ្នកបួស គឺ​ត្រូវ​សិក្សា​រៀនសូត្រ និង ប្រតិបត្តិ ហើយ​ផ្សព្វផ្សាយ​ឱ្យ​ជ្រួតជ្រាប​ទូលំទូលាយ​ដល់​មនុស្ស​គ្រប់រូប​ក្នុងសង្គម ។ ប៉ុន្តែ​វា​មិនមែនជា​កាតព្វកិច្ច​រប​ស់​អ្នកបួស​តែ​ម្ខាង​ទេ គឺ​យើងទាំងអស់គ្នា​ក្នុងសង្គម​ខ្មែរ ក៏​ត្រូវតែ​អនុវត្ត ទើប​សីលធម៌​ខ្ពស់ កើតឡើង​ពាសពេញ​សង្គម​ខ្មែរ​យើង​ទាំងមូល ។

​លោក​បណ្ឌិត ភី​ធឺ សៀរ ជា​អ្នកជំនាញ​សាសនា​ពិភពលោក បាន​លើកឡើងថា ការធ្លាក់ចុះ​សីលធម៌​សង្គម មិនមែន​តែ​ក្នុងសង្គម​ខ្មែរ​ទេ គឺ​មាននៅ​ទូទាំង​ពិភពលោក ។ ជាតិ​សាសន៍​នានា​ក្នុង​លោក​សុទ្ធ​តែមាន​សាសនា​រៀងៗ​ខ្លួន ហើយ​សាសនា​ទាំងនោះ សុទ្ធតែ​បង្រៀន​អំពី​តម្លៃ​សីលធម៌ និង សន្តិភាព ។ ប៉ុន្តែ​ពិភពលោក​បែរជា​មាន​អំពើហិង្សា និង សង្គ្រាម​មិនចេះ​អស់​មិនចេះហើយ គឺ​ដោយសារតែ​អ្នក​កាន់សាសនា​ទាំងនោះ ចេះដឹង​ទ្រិ​ស្តី​សីលធម៌ និង សន្តិភាព​របស់​សាសនា​ពួកគេ​ហើយ ប៉ុន្តែ​មិន​អនុវត្ត ។ យ៉ាងណាមិញ លោក​បណ្ឌិត ភី​ធឺ សៀរ ក៏ដូចជា​ព្រះ​ភិក្ខុ ឃី សុវណ្ណរ​តា ដែរ គឺ​លោក​បាន​ពោល​សរសើរ​សីល ៥ ហើយ​ថា សីល ៥ ពិតជា​មូលដ្ឋានគ្រឹះ នៃ សីលធម៌ និង សន្តិភាព​យ៉ាង​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​មែន ។

សីល ៥ ឬ បញ្ជសីល គឺ៖១. មិនសម្លាប់ជីវិត ទាំងមិនបៀតបៀនធ្វើឱ្យឈឺចាប់ដល់រាងកាយ , ២. មិនប្រព្រឹត្តអំពើចោរកម្មគ្រប់ប្រភេទ , ៣. ការមិនប្រព្រឹត្តកាមគុណជាមួយប្រពន្ធ ឬ កូនអ្នកដទៃ ដែលខុសពីប្រពៃណី ឬ ច្បាប់ , ៤. ការមិនពោលពាក្យកុហកបោកប្រាស ឬ អុជអាលបំបែកបំបាក់ បំភ្លៃការពិត និង ៥ កិរិយាមិនសេព និង មិនធ្វើជំនួញគ្រឿងញៀនស្រវឹងគ្រប់ប្រភេទ ៕ Kh