អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម​សម្រាប់​វិស័យ​ទេសចរណ៍​ឆ្នាំ​២០១៨

278

(​ភ្នំពេញ​)៖ អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា បានបង្ហាញ​នូវ​សុទិដ្ឋិនិយម ពី​វិស័យ​ទេសចរណ៍​កម្ពុជា ដោយសារ​ក្រុមហ៊ុន​អាកាសចរណ៍ មួយចំនួនទៀត​នឹង​ភ្ជាប់​ការហោះហើរ​ត្រង់​មក​កម្ពុជា​។​

​លោកស្រី​ ឆាយ​ ស៊ីវ​លីន ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ​​ថា ឆ្នាំ​២០១៨​វិស័យ​ទេសចរណ៍​កម្ពុជា​នៅតែមាន​សញ្ញា​វិជ្ជមាន​ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន គ្រោង​ពង្រីក​ជើងហោះហើរ ដូចជា Asiana Airline​មកពី​ប្រទេស​កូរ៉េ និង​ការភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​សៀមរាប និង​ទីក្រុង​បា​ហ្កា​ន​នៃ​ប្រទេស​ភូមា និង​ការហោះហើរ​ត្រង់​ពី​ប្រទេស​ហ្វីលីពីន មកកាន់​កម្ពុជា​ជាដើម​។​
​ ​
លោកស្រី​បន្តថា “​កំណើន​ទេសចរណ៍​នៅ​ឆ្នាំ​២០១៨ នឹងមាន​ភាពល្អប្រសើរ ដោយសារ​កម្ពុជា​មិនមាន​បញ្ហា​អ្វី​នោះទេ ពិសេស​ការតភ្ជាប់​ផ្លូវអាកាស​នឹង​កើនឡើង​បន្ថែមទៀត​”​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​លោក​ធួន ស៊ីណាន​បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​មានប្រសាសន៍ថា វិស័យនេះ​នឹង​នៅតែ​ល្អប្រសើរ ប៉ុន្តែ​កំណើន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ភាគច្រើន​ជា​ភ្ញៀវ​ទេសចរណ៍​អាស៊ី ហើយ​ភ្ញៀវ​មកពី​អឺរ៉ុប និង​សហរដ្ឋអាមេរិក ទំនង​មិនល្អ​ណាស់ណា​នោះទេ​។​

ចំណែក​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វត្ថា​បាន​ថ្លែងថា លោក​មិនទាន់​ហ៊ាន​ព្យាករណ៍​ថា នឹងមាន​អាកាសចរណ៍​ប៉ុន្មាន​នឹង​ហោះ​ត្រង់​មក​កម្ពុជា​ឡើយ ព្រោះ​កន្លងមក​មាន​ក្រុមហ៊ុន​ខ្លះ​បាន​សន្យា​ហោះ​ត្រង់​ម​កម្ពុជា ប៉ុន្តែ​រហូតមកទល់​ពេលនេះ​មិនទាន់​ឃើញ​ហោះហើរ​នៅឡើយ​។​លោក​បន្តថា​ទោះជា​យ៉ាងណា​យើង​រំពឹងថា​នឹងមាន​អាកាសចរណ៍​កើនឡើង​ប្រមាណ​១០​ភាគរយ សម្រាប់​ឆ្នាំ​២០១៨​ខាងមុខ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំនេះ​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​បាន​ថ្លែងថា មិនមាន​សញ្ញាអ​វិជ្ជមាន​ណាមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លំហូរ​ទេសចរណ៍ មក​កម្ពុជា​នៅ​ឆ្នាំក្រោយ​នោះទេ ហើយ​យើង​នៅតែ​មានជំនឿថា ចំនួន​ភ្ញៀវ​ទេសចរណ៍​នឹង​កើនឡើង​បន្ថែមទៀត ដែល​តាម​ការព្យាករណ៍​របស់​ក្រសួង កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរណ៍អន្តរជាតិ​ជាង​៦​លាន​នាក់​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹងថាកម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ប្រមាណ​៥,៦​លាន​នាក់​នៅ​ឆ្នាំនេះ កើនឡើង​ប្រមាណ​១១​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​៕​ដោយ​:​ច្រាយ ចំណាន​/sn


ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ​(​រូបថត​ឯកសារ​)​