អ្នកជំនាញ​ប្រាប់​អំពី​អត្ថប្រយោជន៍​នៃ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត

1888
ចែករម្លែក

(​ភ្នំពេញ​)៖ ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​ស៊ី​អ៊ឹម​វ៉ិ​ច (CMVIC) ធ្វើការ​បញ្ជាក់​ជាថ្មី​អំពី​គុណសម្បត្តិ និង​គុណវិបត្តិនៃការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ឬ​ហៅថា​ឆៀក​យានយន្ត ជៀសវាង​គ្រោះថ្នាក់​ដែល អាច​កើតមាន​ជាយថាហេតុ ខណៈដែល​បច្ចុប្បន្នប្រជាពលរដ្ឋ​មក​ឈៀក​យានយន្ត​មាន​ចំនួន​ថយចុះ​។​

​លោក ម៉ែន ភក្តិ ប្រធាន​បច្ចេកទេស​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​យានយន្ត នៃ​ក្រុមហ៊ុន​ស៊ី​អ៊ឹម​វ៉ិ​ច នេះ​បានបញ្ជាក់​បន្ថែមថាកាលពីពេល​កន្លងទៅ​ក្នុង​មួយថ្ងៃ​មាន​យានយន្ត​ប្រមាណ​៥០០​គ្រឿង បានមកត្រួតពិនិត្យ ប៉ុន្តែ​សព្វថ្ងៃនេះ​មាន​ប្រមាណ​តែ​២០០​គ្រឿង​ប៉ុណ្ណោះ​។ លោក​បន្តថា តាមច្បាប់​ចរាចរ​ណ៍ផ្លូវគោក គ្រប់​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​លើផ្លូវ​សាធារណៈ​ទាំងអស់ ត្រូវធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ហើយ​ចំណុច​សំខាន់​ក្នុងការ​ត្រួតពិនិត្យ​បច្ចេកទេស​នោះ គឺ​ធ្វើ​ឲ្យ​យានយន្ត​មាន​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវ​សាធារណៈ​ឲ្យ​មាន​សុវត្ថិភាព ព្រោះ​មន្ត្រី​បច្ចេកទេស​នឹងធ្វើ​ការត្រួត​ពិនិត្យ​ជាតិពុល ក្នុង​ផ្សែង វាស់​កុង​ទ័​រ​ល្បឿន ថ្លឹង​ទម្ងន់ វាស់​ប្រព័ន្ធ​ហ្វ្រាំង វាស់​ភ្លើង​ហ្វា វាស់​ស៊ី​ផ្លេ​ជាដើម​។

​លោក​ប្រធាន​បច្ចេកទេស​ឲ្យ​ដឹងថា ចំពោះ​យានយន្ត​ដែល​ផុត​សុពលភាព និង​មិនបាន​ត្រួតពិនិត្យត្រឹមត្រូវ ម្ចាស់​យានយន្ត​ពុំបាន​ដឹង​ជាមុន​ថា​មាន​បញ្ហា ឬ​ខូច​នៅត្រង់ចំណុច​ណាមួយ ហើយ​ប្រសិនជាម្ចាស់​យានយន្ត​ទាំងឡាយ​ធ្វើការ​ចូលរួម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ និង​ទៀងទាត់ តាម​កាលកំណត់ គឺអាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៍បាន​មួយចំនួន កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់ ជាយថាហេតុ និង​ជួយ​ទប់​ស្តា​ត់​ការពារ​ផ្លូវថ្នល់​កុំ​ឲ្យ​ខូច​ជាដើម​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ក្រុម​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​រថយន្ត​យកមក​ឈៀក​នៅ​មណ្ឌល ឈៀករថយន្ត​ខណ្ឌ​ឬ​ស្សី​កែវ បាន​លើកឡើងថា ការ​មក​ឈៀក​យានយន្ត​នេះ ដើម្បី​ឲ្យ​ដឹងថា​រថយន្ត​ដែល ប្រើប្រាស់​មាន​បញ្ហា​ឬ​គ្មាន​បញ្ហា ហើយ​ម្យ៉ាងទៀត​ដើម្បី​ឲ្យ​ដឹងថា​រថយន្ត​មានគុណ​ភាព ឬ​គ្មាន​គុណភាពក្នុងការ​ប្រើប្រាស់​។ ជាមួយគ្នានេះ ក្រុម​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ទៅដល់​ពលរដ្ឋ​ដទៃ​ផ្សេងទៀត​ចូលរួម គោរព​ច្បាប់ ហើយ​បើ​ពលរដ្ឋ​មិន​គោរព​ច្បាប់ គឺ​មិនកើត​ទេពី​ព្រោះ​ប្រទេសមួយ​ដែលមាន​ច្បាប់ទម្លាប់ ហើយ​យើង​ជា​ម្ចាស់​រថយន្ត​មក​ត្រួតពិនិត្យ​ដើម្បី​ឲ្យ​ដឹងថា​ឡាន​របស់​យើង​នីមួយៗ​មាន​គុណភាព​កម្រិតណា ដើម្បី​ជៀសវាង​ប្រការ​គ្រោះថ្នាក់​ចរាចរណ៍​អ្វីមួយ​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដាកន្លងទៅនេះ លោក ស៊ុន ចាន់ថុល ទេស​រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេសដែលជាម្ចាស់​យានយន្ត សូមមេត្តា​យក​រថយន្ត​របស់ខ្លួន​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឲ្យ​បាន​ទាន់ ពេលវេលា​តាម​តំរូវការ​របស់​ច្បាប់ ព្រោះ​សព្វថ្ងៃនេះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង​ដោយ​កត្ដា មួយចំនួន ដូចជា​៖ ក​តា្ត​មនុស្ស រួមមាន ការបើកបរ​ដោយ​ល្បឿន​លឿន បើកបរ​ក្នុង​ភាពស្រវឹង និង​កត្តា យានយន្ដ​ដែល​មិនបាន​ឈៀក​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​រថយន្ត​ខ្លះ​មាន​លក្ខណៈខុស​ប​ច្ចេ​សទេស និង​ខ្លះ ទៀត​អំពូល​ភ្លើង​មិន​ភ្លឺ ហ្វ្រាំង​ក៏​មិន​ស៊ី​។​ល​។ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​។​

​គួរ​រម្លឹក​ទៀតថា គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០១៧​នេះ យានយន្ត​បានមក​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស ឬ​ឆៀក មាន​ចំនួន​សរុប​ប្រមាណ​ជាង ៩៤.០០០​គ្រឿង​។ ដោយឡែក យានយន្ត ដែល​ហួស​សុពលភាព និង​មិនទាន់បាន​ឈៀក​មាន​ចំនួន​សរុប​ប្រមាណ​ជាង ១៥១.០០០​គ្រឿង​ឯណោះ ខណៈដែល​ចំនួន​អ្នកប្រើប្រាស់​យានយន្ត​មាន​ចំនួន​រហូតដល់​ជាង ៥០០.០០០​គ្រឿង​។ បច្ចុប្បន្ន​មណ្ឌល ឈៀក​យានយន្ត​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​០៤​មណ្ឌល នៅតាម​បណ្តា​ខេត្ត​ចំនួន​០៩ និង​មាន​រថយន្ត ឈៀក​ចល័ត​ចំនួន​០៣​គ្រឿង​៕MN.​ដោយ​: ពៅ និមល​

រថយន្ត​ឈៀក​ចល័ត
ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត
លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន (​ពៅ និមល​)