អ្នកជំនាញ​ផ្លូវថ្នល់​ចុះ​ត្រួតពិនិត្យ​គុណភាព​គ្រឹះ​ផ្លូវ​មិត្តភាព​-​កូរ៉េ​

481
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​មន្ត្រី​ជំនាញ​ផ្នែក​ផ្លូវថ្នល់​មកពី​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​នេះ​បាន​ចុះ​ត្រួតពិនិត្យ​លើ​កំណាត់​ផ្លូវ​មិត្តភាព​-​កូរ៉េ​ពី​រង្វង់​ព្រ​ឌ​គុយ​ដល់​រង្វង់​មូល​កូនដំរី​។​នេះ​គឺ​ក្នុង​គោលបំណង​សិក្សា​គុណភាព​ផ្លូវ​ដែល​កំពុង​ជួសជុល​ដើម្បី​ដឹងថា​តើ​ក្រុមហ៊ុន​ម៉ៅការ​នេះ​អនុវត្តបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានកំណត់ និង​ផ្តល់ជូន​ឬ​អត់​។

​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​ឃើញថា​សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​បានកំណត់​រួមទាំង​បាន​ពិសោធន៍​ទម្ងន់​ផ្លូវ​ដើម្បី​ធានាថា​គ្រឹះ​ថ្ម​ផ្លូវ​មាន​ភាពរឹងមាំ​ធានា​ការប្រើប្រាស់​បានយូរ​អង្វែង​និង​គ្មាន​បញ្ហា​ខូចខាត​ពេល​រថយន្ត​ធុន​ធំ​ឆ្លងកាត់​។​ក្នុងករណី​រកឃើញថា​ក្រុមហ៊ុន​មិនបាន​ធ្វើ​គ្រប់​តាម​បទដ្ឋាន​ដែល​បានកំណត់​ទេនោះ​ភាគី​ក្រុមហ៊ុន​នឹងត្រូវ​រក​វិធីសាស្ត្រ​ថ្មី​ដើម្បី​ពង្រឹង​កម្រិត​កំហាប់​នៃ​ស្រទាប់​គ្រឹះ​ថ្ម​ឡើងវិញ​។​

បន្ទាប់ពី​ត្រួតពិនិត្យ​ឃើញថា​ត្រូវ​ត្រូវ​ហើយនឹង​មានការ​អ៊ុត​កៅស៊ូ​ពី​រង្វង់​មូល​ព្រៃ​គុយ​ដល់​រង្វង់​មូល​កូនដំរី​។​អំឡុងពេល​ជួសជុល​អាជ្ញាធរ​ជាតិ​អប្សរា​សូម​ការយោគយល់​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ និង​អ្នកដំណើរ​ចំពោះ​ការរំខាន ធូលី​ដី​ហុយ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ទាំងអស់គ្នា ជៀសវាង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​និង​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​ទាំងអស់គ្នា​ទើប​ផ្លូវថ្នល់​អាច​គង់វង្ស​អាច​ប្រើប្រាស់​បានយូរ​អង្វែង​៕S/​