អ្នកជំនាញ​ព្រមាន​ថា កូរ៉ូណា​វីរុស​អាច​សម្លាប់​មនុ​ស្ស​៦៥​លាន​នាក់​

326
ចែករម្លែក

​អ្នកឯកទេស​ខាង​វីរុស​ល្បី​ម្នាក់ ដែល​បាន​ជួយ​ទប់ស្កាត់​ជម្ងឺ​សា​(SARS )​នៅ​អាស៊ី​កាលពី​ឆ្នាំ​២០០៣ បាន​ព្រមាន​ថា កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី​ដែល​កំពុង​វាយប្រហារ​ចិន​​អាច​នាំអោយ​មាន​ការផ្ទុះ​ជម្ងឺឆ្លង​ខ្លាំង​ជា​វិបត្តិ​សុខភាព​កាលពី​១៧​ឆ្នាំ​មុន​ដល់​ទៅ​១០​ដង​។​

​វេជ្ជបណ្ឌិត ហ្គ័​យ យី នាយក​នៃ​មន្ទីរពិសោធន៍​ជម្ងឺឆ្លង​នៅ​សកល​វិទ្យាល័យ​ហុងកុង បាន​និយាយប្រាប់​សារព័ត៌មាន​ចិន​ថា ស្ថានភាព​នៅ​វូ​ហាន មិន​អាច​គ្រប់គ្រង​​បាន​នៅឡើយ​ទេ​។​លោក​ថា អាជ្ញាធរ​ចិន​បាន​បាត់​«​ឱកាស​មាស​»​ក្នុង​ការគ្រប់គ្រង​វីរុស​និង​ទប់ស្កាត់​កុំអោយ​វា​ឆ្លង​រាលដាល​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន​ថា «​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ច្រើនតែ​មិន​ដែល​ខ្លាច​ដូចនេះ​ទេ​។​វីរុស​ភាគច្រើនបំផុត​អាច​គ្រប់គ្រង​បាន តែ​ពេល​នេះ ខ្ញុំ​ខ្លាច​»​។​

វេជ្ជបណ្ឌិត ហ្គ័​ង យី អះអាង​ថា​ស្ថានភាព​ផ្ទុះ​វីរុស​បច្ចុប្បន្ន​នៅ​មិនទាន់​គ្រប់គ្រង​បាន​

​កូរ៉ូណា​វីរុស ដែល​បាន​ចាប់ផ្តើម​ផ្ទុះ​នៅ​ក្រុង​វូ​ហាន​កាលពី​ខែ​មុន បាន​សម្លាប់​មនុស្ស​៤១​នាក់ និង​ចម្លង​មនុស្ស​ជាង​១.៣០០​នាក់ ហើយ​បណ្តាល​អោយ​អាជ្ញាធរ​ចិន​​បិទ ឬ​រឹតត្បិត​ការធ្វើដំណើរ​នៅ​ទីក្រុង​១៤​ដែល​ប៉ះពាល់​ការរស់នៅ​របស់​មនុស្ស​ជាង​៤០​លាន​នាក់​។​

​រោគសញ្ញា​របស់​វា​គឺ​ក្តៅខ្លួន ក្អក និង​មាន​បញ្ហា​ពិបាក​ដកដង្ហើម តែ​អ្នក​ជម្ងឺ​ខ្លះ​កើតរោគ​រលាក​សួត​ដែល​អាច​យក​ជីវិត​មនុស្ស​បាន​។​

​ពួក​អ្នកវិទ្យាសាស្ត្រ​ទទួល​ស្គាល់​ថា​វា​ស្រដៀង​គ្នា​នឹង​វីរុស​ជម្ងឺ​SARS ដែល​បាន​ដើរតួ​ជា​ឃាតករ​សកល​នៅ​រវាង​ឆ្នាំ​២០០២​និង​២០០៣​។​SARS​ក៏​បង្កឡើង​ដោយ​​កូរ៉ូណា​វីរុស និង​បាន​លេចមុខ​ដំបូង​នៅ​ចិន​នៅ​ឆ្នាំ​២០០២ តែ​វា​បាន​ចម្លង​ទៅ​មនុស្ស​ជាង​៨.០០០​នាក់​នៅ​ទូទាំង​ពិភពលោក​និង​សម្លាប់​មនុស្ស​៧៧៥​នាក់​។​

​សូមបញ្ជាក់​ថា មុន​ការផ្ទុះ​វីរុស​នៅ​ចិន ពួក​អ្នកជំនាញការ​សុខភាព​ល្បីៗ បាន​ព្យាករណ៍​ថា​កូរ៉ូណា​វីរុស អាច​សម្លាប់​មនុស្ស​៦៥​លាន​នាក់​ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ ។​

​អ្នកវិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល Johns Hopkins​សំរាប់​សន្តិសុខ​សុខភាព បាន​ប៉ាន់​គំរូ​លើ​កុំព្យូទ័រ​អំពី​ការឆ្លង​រាលដាល​នៃ​កូរ៉ូណា​វីរុ​សណា​មួយ​កាលពី​ខែតុលា ឆ្នាំ​​មុន​និង​បាន​ព្យាករណ៍​ថា មនុស្ស​ដល់​ទៅ​៦៥​លាន​នាក់​មក​ពី​ជ្រុ​ណាមួយ​នៃ​ពិភពលោក​អាច​ស្លាប់​តែ​ក្នុងអំឡុងពេល​១៨​ខែ​។​តាំងពី​មុន​មក ការផ្ទុះ​វីរុស​ចម្លង​​នៅ​ចិន​បាន​សម្លាប់​មនុស្ស​៤១​នាក់​និង​ចម្លង​ជាង​១​ពាន់​នាក់ តែ​ពួក​អ្នកជំនាញ​និយាយថា ចំនួន​ពិត​អាច​ខ្ពស់​ជាង​នេះ​ឆ្ងាយ​៕​ប្រែ​សម្រួល​៖​វាសនា​

ពួក​អ្នកជំនាញការ​សុខភាព​អាម៉េរិក​បាន​ព្រមាន​ថា កូរ៉ូណា​វីរុស​អាច​សម្លាប់​មនុ​ស្សរាប់​សិប​លាន​នាក់ នៅ​៣​ខែ​មុន​ការផ្ទុះ​វីរុស​ចម្លង​នៅ​ចិន​