អ្នកជំនាញ​ព្រមាន​ថា បម្រែបម្រួល​អាកាសធាតុ​បាន​កំពុង​សម្លាប់​មនុស្ស​រួច​ហើយ និង​ជាការ​គំរាមកំហែង​សុខភាព​ធំ​បំផុត​ក្នុង​សតវត្សរ៍​ទី​២១

328

​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ការប្រែប្រួល​អាកាសធាតុ​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​មនុ​ស្សរា​ប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ហើយនឹង​ក្លាយជា​ការគំរាមកំហែង​ផ្នែក​សុខភាព​ដ៏​ធំ​បំផុត​នៅក្នុង​សតវត្សរ៍​ទី ២១ នេះ​។​

​យោងតាម​របាយការណ៍​សំខាន់​មួយ​នៅក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ Lancet បានឱ្យដឹងថា រលក​កម្តៅ​កំពុង​កើន​ឡើងជា​ញឹកញាប់​ខណៈ​សីតុណ្ហភាព​សកលលោក​កើនឡើង មូស​ផ្ទុក​ជំងឺ​កំពុង​បង្កើន​វត្តមាន ហើយ​ដំណាំ​កំពុង​ខូចខាត ដោយសារ​ពិភពលោក​កើន​កម្តៅ​។​

​របាយការណ៍​កម្រាស់ ៥០ ទំព័រ ដែល​សរសេរ​ដោយ​ស្ថាប័ន​ចំនួន ២៦ រួមទាំង​សាកលវិទ្យាល័យ​ខូ​ឡិច​ឡុង​ដុង និង មហាវិទ្យាល័យ​ភូមិន្ទ​វេជ្ជសាស្ត្រ​របស់​អង់គ្លេស បាន​កត់ត្រា​ពី​ផលប៉ះពាល់​បរិស្ថាន​មកលើ​សុខភាព​មនុស្ស​រួចជាស្រេច​ទៅហើយ​។​

​ចំពោះ​ចក្រភព​អង់គ្លេស ការប្រែប្រួល​អាកាសធាតុ​មិនទាន់មាន​ផលប៉ះពាល់​ធំ​នៅឡើយ​ទេ ទោះបី​រលក​កម្តៅ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការស្លាប់​មនុស្ស​រហូតដល់​ទៅ ៣.០០០ នាក់​ក្នុង​មួយឆ្នាំ​ក៏ដោយ​។​

​ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា ចំពោះ​ពិភពលោក​វិញ បម្រែបម្រួល​អាកាសធាតុ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សុខភាព​មនុស្ស​រួចទៅហើយ​។​

​ពួក​អ្នកស្រាវជ្រាវ​បាន​ប៉ាន់​ស្មានថា​ពិភពលោក​បាន​កើន​គ្រោះធម្មជាតិ​ទាក់ទង​នឹង​អាកាសធាតុ​ដល់​ទៅ ៤៦ ភាគរយ​ចាប់តាំងពី​ឆ្នាំ ២០០០​។ រលក​កម្តៅ​គឺជា​បញ្ហាសំខាន់ ដោយ​ប៉ះពាល់​សុខភាព​មនុស្ស​ចាស់ជរា​ចំនួន ១២៥ លាន​នាក់​ក្នុង​រយៈពេល ១៦ ឆ្នាំ​មកនេះ​។​

​ការចម្លង​ជំងឺគ្រុនឈាម​បាន​កើនឡើង ១០ ភាគរយ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៥០ ពីព្រោះ​មូស​អាច​បង្កើន​ចំនួន​របស់​វា ដោយសារតែ​សីតុណ្ហភាព​ក្តៅ​៕ ដោយ៖ កញ្ញាដាលីស

ដំណាំ​កំពុង​ខូចខាត ដោយសារ​ពិភពលោក​កើន​កម្តៅ