អ្នកជំនាញ​លើកឡើង​អំពី​ជម្រើស​យោធា​ចំនួន ៦ ដែល​អាមេរិក​អាច​នឹង​ប្រើប្រាស់​ដើម្បី​ប្រឆាំងនឹង​កូរ៉េខាងជើង​

1952
ចែករម្លែក

​សង្គ្រាម​នៃ​ការគំរាមកំហែង​រវាង​លោក​ប្រធានាធិបតី​ត្រាំ និង​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង គីម ជុង​អ៊ុន កំពុងតែ​បង្កើតឱ្យមាន​ការព្រួយបារម្ភ​ជាស​កល​។​

​យើង​ស៊ាំ​រួចទៅហើយ​នឹង​ការប្រើ​ប្រព័ន្ធ​ឃោសនា​ឈាមរាវ​ពី​ទីក្រុង​ព្យុងយ៉ាង ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​ឯណេះ​វិញ ដែល​ប្រើ​ភាសា​ដូចគ្នា​ដែរនោះ គឺ “​ភ្លើង​និង​កំហឹង​” គឺជា​ការចាប់ផ្តើម​ថ្មី​មួយទៀត​។ ការគំរាមកំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​អាស៊ី​បូព៌ា កាន់​តែមាន​ភាពអាសន្ន​ខ្លាំង​ឡើង​។​

​ប៉ុន្តែ​មុនពេល​វោហា​សាស្ត្រ​នេះ​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​របស់​វា មេដឹកនាំ​លោកខាងលិច​ត្រូវ​ពិចារណា​អំពី​ប្រវត្តិសាស្ត្រ​និង​ការវិភាគ​យុទ្ធសាស្ត្រ ដែល​បង្រៀន​យើង​អំពី​របៀប​ចៀសវាង​ពី​គ្រោះមហន្តរាយ ឬ​វិធី​ដែល​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​វា​។​

​ចរិត​នៃ​សង្គ្រាម​កូរ៉េ​លើកទីមួយ​ដ៏​បំផ្លិចបំផ្លាញ​ក្នុងអំឡុង​ឆ្នាំ ១៩៥០-៥៣ គឺជា​ការព្រមាន​នៃ​ការខាតបង់​ដ៏​ធំធេង​នៃ​សង្គ្រាម​ជា​លើក​ទី​ពីរ ដែល​អាច​នឹង​អូសទាញ​ប្រទេសជិតខាង​ដូចជា​ប្រទេស​ជប៉ុន ក៏ដូចជា​ប្រទេស​ពី​ចម្ងាយ ចក្រភព​អង់គ្លេស ឬ​ប្រទេស​ចិន​ដ៏​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត ឱ្យចូល​រួម​ក្នុង​រងើកភ្លើង​សង្គ្រាម​ថ្មី​មួយ​។​

​ជម្រើស​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ពិចារណា មាន​ចាប់ពី​ជម្រើស​ដែល​បាន​សាកល្បង​និង​គួរឱ្យ​ទុកចិត្ត​រួចហើយ រហូតដល់​ជម្រើស​ដែល​មិន​នឹកស្មាន​ដល់​។​

ជម្រើស​ទី ១ ៖ ការវាយលុក​មាន​ដែន​កំណត់​

​ក្នុង​ឆ្នាំ ១៩៩៤ ប្រធានាធិបតី​ប៊ី​ល គ្លី​ន​តុ​ន​បានគិត​គូរ​អំពី​ការប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ដើម្បី​វាយប្រហារ​រោងចក្រ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​មុនពេល​គ្រាប់បែក​អា​តូ​មិ​ក​អាច​ត្រូវបាន​ផលិតឡើង​។​

​បន្ទាប់មក​សហរដ្ឋអាមេរិក​ចាប់ផ្តើម​មាន​មូលដ្ឋាន​ទ័ពអាកាស​ជាច្រើន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន​និង​កោះ​ក្វាម ដើម្បី​ទុក​បើក​ការវាយលុក ជាមួយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B1 និង​មី​ស៊ី​ល​ធុន​ស្រាល​ព្រមទាំង​នាវា​ផ្ទុក​យន្ដហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​ខ្លួន ដែល​នាវា​នីមួយៗ​ផ្ទុក​យន្តហោះ​ចម្បាំង​បាន​ច្រើនជាង​នាវា​ផ្ទុក​យន្តហោះ​របស់​កងទ័ព​ចក្រភព​អង់គ្លេស​ទៅទៀត​។​

​លោក​គ្លី​ន​តុ​ន​បាន​សម្រេចចិត្ត​មិន​ប្រើ​ចំណាត់ការ​យោធា​ទេ​ដោយសារតែ​ការព្រួយបារម្ភ​ថា​កងកម្លាំង​ថ្មើរជើង​ដ៏​ធំ​របស់​កូរ៉េខាងជើង​នឹង​បំផ្លាញ​នៅ​ទូទាំង​ព្រំដែន​កូរ៉េខាងត្បូង​។ ដូច្នេះ​គេ​នឹង​ត្រូវការ​សង្គ្រាម​ធំ​មួយ​ដើម្បី​កម្ចាត់ទ័ព​កូរ៉េខាងជើង​។​

​សព្វថ្ងៃនេះ​កូរ៉េខាងជើង​គឺ​ត្រៀមខ្លួន​បានល្អ​ប្រសើរ​ជាង​មុន​ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​ដ៏​ធ្ងន់ធ្ងរ​ពី​សហរដ្ឋអាមេរិក​។ កងកម្លាំង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​មិន​អង្គុយ​នៅ​ស្ងៀម​នោះទេ​។ កូរ៉េខាងជើង​បានដាក់​ពង្រាយ​ជើង​ទម្រ​ចល័ត​បាញ់​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត ដូច្នេះ​ខ្លួន​អាច​ផ្លាស់​ទី​និង​លាក់ទុក​មី​ស៊ី​ល​ជាច្រើន​ដើម​។​

​មី​ស៊ី​ល​ធន់​រឹងមាំ​ថ្មី​របស់​កូរ៉េខាងជើង​ក៏​អាច​ត្រូវបាន​បាញ់​បាន​លឿន​ជាង​មី​ស៊ី​ល​ចាស់​ផងដែរ​។ ការអភិវឌ្ឍ​ទាំងនេះ​ធ្វើឱ្យ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​គីម ជុង​អ៊ុន មិន​មើលស្រាល​បាន​នោះឡើយ​។​

ជម្រើស​ទី ២ ៖ ការ​លុកលុយ​ទ្រង់ទ្រាយ​ធំ​

​យោធា​អាមេរិក​បាន​បណ្តេញ​កូរ៉េខាងជើង​នៅក្នុង​សង្គ្រាម​កូរ៉េ​លើកទីមួយ​ប៉ុន្តែ​សហរដ្ឋអាមេរិក​មាន​ក​ង​ទ័ព​និង​នាវា​អាច​ឡើងគោក​ច្រើនជាង នៅក្នុង​ដៃ​។ កងទ័ពជើងទឹក​អាមេរិក​បាន​សម្របសម្រួល​ការឡើង​លើគោក​យក​ស្ទីល​តាម​ព្រឹត្តិការណ៍ D-Day នៅលើ​ឆ្នេរសមុទ្រ​កូរ៉េខាងត្បូង ដែល​ស្ថិតនៅ​ពីក្រោយ​កងទ័ព​កូរ៉េខាងជើង ដោយ​រៀប​អន្ទាក់​ព័ទ្ធ​កូរ៉េខាងជើង​នៅក្នុង​កូរ៉េខាងត្បូង​។​

​កូរ៉េខាងជើង​មិនមាន​កងទ័ពជើងទឹក​ដើម្បី​ការពារ​ឆ្នេរសមុទ្រ​របស់ខ្លួន​ទេ​ហើយ​កូរ៉េខាងជើង​រំពឹងថា​កង​ម៉ា​រី​ន​អាមេរិក​នឹង​ហូរ​ចូល​តាម​ឆ្នេរ​និង​ដើរទៅ​ទីក្រុង​ព្យុងយ៉ាង​ដូចដែល​ពួកគេ​បានធ្វើ​នៅ​ខែតុលា​ឆ្នាំ ១៩៥០ ដែរ​។ ប៉ុន្តែ​ពេលនេះ​កងទ័ព​កូរ៉េខាងជើង ដែល​បំពាក់អាវុធ​មិន​គ្រប់គ្រាន់ ប៉ុន្តែ​មាន​ទំហំធំធេង​ជាង​មុន នឹង​អង្គុយ​រង់ចាំ​ទ័ព​របស់​អាមេរិក​ជាស្រេច​។ ដើម្បី​ឈ្នះ​យ៉ាង​ឆាប់រហ័ស​និង​យ៉ាង​ម៉ឺងម៉ាត់ សហរដ្ឋអាមេរិក​ត្រូវបញ្ជូន​កម្លាំងយោធា​ដ៏​ច្រើន​សម្បើម​ទៅ​ដាក់ពង្រាយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​ក៏មាន​បញ្ហា​ផ្សេងទៀត​ផងដែរ គឺ​ចាប់ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូតដល់​ស៊ី​រី​។ សង្គ្រាម​នៅ​កូរ៉េ​នឹង​អាចឱ្យ​ទាហាន​និង​កង​ម៉ា​រី​ន​អាមេរិក​យកឈ្នះ​បាន លុះត្រាតែ​កងទ័ព​កូរ៉េខាងត្បូង ៦៥០.០០០ នាក់​ចូលរួម​ដែរ​។ ទោះជា​យ៉ាងណា កូរ៉េខាងត្បូង​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ចូលរួម​សង្គ្រាម​វាយលុក​ជាមុន ព្រោះ​វា​នឹង​គំរាមកំហែង​ទីក្រុង​សេ​អ៊ូ​ល​និង​ទីក្រុង​ផ្សេងៗ​ទៀត ជាមួយ​ការបំផ្លិចបំផ្លាញ​ពី​កូរ៉េខាងជើង​។​

​បន្ទាប់មក គឺមាន​ប្រទេស​ចិន​មួយទៀត​។ ចិន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅ​កូរ៉េខាងត្បូង​នាពេល​ថ្មីៗ​នេះ​។ ការភ័យខ្លាច​របស់​ក្រុង​ប៉េកាំង​គឺថា គោលដៅ​ពិតប្រាកដ​នៃ​សកម្មភាព​យោធា​របស់​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​នេះ​គឺ​ទីបំផុត​ជា​ប្រទេស​ចិន​។ ការធ្វើសកម្មភាព​ដោយ​មិន​ប្រាកដ​អំពី​អ​ព្យា​ក្រឹត្យ​ភាព​របស់​ប្រទេស​ចិន គឺមាន​ហានិភ័យ​នៃ​ការរីក​រាលដាល​ជម្លោះ​ធំធេង​និង​កាន់តែ​គ្រោះថ្នាក់​ជាង​មុន ដូច្នេះ​លទ្ធភាព​ផ្ទុះ​សង្គ្រាមលោកលើកទី ៣ គឺអាច​កើតឡើង​គ្រប់ពេល​។​

​ទោះបីជា​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទទួលយក​ការដួលរលំ​នៃ​របប​របស់​គីម ជុង​អ៊ុន ក៏ប៉ុន្តែ​ការ​លុកលុយ​ធម្មតា​នឹង​មិនអាច​ទប់ស្កាត់​គីម ជុង​អ៊ុន​ពី​ការវាយប្រហារ​នុយក្លេអ៊ែរ​ក៏ដូចជា​ការបាញ់​អាវុធ​គីមី​និង​ជីវសាស្ត្រ​របស់គាត់​បាន​នោះទេ​។​

​យោងតាម​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​បានឱ្យដឹងថា​កូរ៉េខាងជើង​មាន​គ្រាប់បែកនុយក្លេអ៊ែរ​ចំនួន ៦០ គ្រាប់​។ ប្រសិនបើ​បាញ់​តែ​ប៉ុ​ន្មា​គ្រាប់​ជោគជ័យ​លើ​កូរ៉េខាងត្បូង នោះ​ទំហំ​នៃ​អ្នកស្លាប់​និង​របួស​គឺ​គួរឱ្យ​ភ័យខ្លាច​ណាស់​។​

​ជ​ម្រើស​ទី ៣ ៖ ការវាយលុក​ផ្តួលរំលំ​របប​គីម ជុង​អ៊ុន​

​ការវាយប្រហារ​តាម​អាកាស​ដ៏​ជោគជ័យ​លើ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នឹងមិន​បញ្ឈប់​នូវ​មហិច្ឆតា​របស់លោក​គីម ជុង​អ៊ុន​បានឡើយ​។ ដរាបណា​របប​នេះ​នៅមាន​ជីវិត របប​នេះ​នឹង​ព្យាយាម​កសាងឡើង​វិញ​។ ដូច្នេះ​ការផ្តួលរំលំ​មេដឹកនាំ​កូរ៉េខាងជើង​នៅក្នុង​ការវាយប្រហារ ដែល​គេ​ហៅថា​ការវាយប្រហារ​កាត់​ក្បាល​ចោល ត្រូវគេ​រំពឹងទុក​ខ្ពស់​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។​

​តើ​គ្រាប់បែក​ឆ្លាត អាច​កំណត់​ទីតាំង​និង​សម្លាប់​លោក​គីម ជុង​អ៊ុន​និង​មេបញ្ជាការ​សំខាន់ៗ​របស់គាត់ មុនពេល​ពួកគេ​អាច​រៀបចំ​ការវាយប្រហា​រ​តប​វិញ​ដ៏​ប្រល័យ​?

​ជា​អកុសល ការវាយលុក​ដ៏​ជោគជ័យ​នឹងមិន​អាច​បញ្ឈប់​ការបាញ់​រ៉ុក្កែត​រះ​ភ្លាមៗ​ដើម្បី​សងសឹក​វិញ​នោះឡើយ​។​

​ក្នុងករណី​ណាក៏ដោយ ការធ្វើឃាត​មេដឹកនាំ​បរទេស​គឺ​និយាយ​ស្រួល​ជាង​ធ្វើ​។ វា​នឹង​ជាការ​វាយប្រហារ​ដ៏​សំណាង​បំផុត ដែល​អាច​សម្លាប់​គីម ជុង​អ៊ុន និង​មេដឹកនាំ​ថ្នាក់ក្រោម​របស់គាត់​។ ប្រសិនបើ​បរាជ័យ​វិញ​នោះ ការ​សងសឹក​របស់លោក​គីម​ជុង​អ៊ុន​នឹង​ជាការ​វាយប្រហារ​ឥត​រើសមុខ សំដៅទៅ​កូរ៉េខាងត្បូង ជប៉ុន និង​មូលដ្ឋានទ័ព​អាមេរិក​ណាមួយ​នៅក្នុង​ដែន​វាយប្រហារ​របស់​កូរ៉េខាងជើង​។​

​នៅក្នុង​ការអនុវត្ត​ជាក់ស្តែង ការវាយលុក​ផ្តួលរំលំ​របប​ណាមួយ គឺ​មានន័យ​ស្មើនឹង​ការផ្ទុះ​សង្គ្រាម​ពេញទំហឹង​តែម្តង​។ ហើយ​ទោះបីជា​ជោគជ័យ ក៏ប៉ុន្តែ​ការកាន់កាប់​របស់​កូរ៉េខាងត្បូង​និង​អាមេរិក​លើ​ប្រទេស​កូរ៉េខាងជើង​អាច​ប្រឈម​នឹង​ការតស៊ូ​ដោយ​ទ័ពព្រៃ​ដោយ​ប្រើប្រាស់​ឧស្ម័ន​ពុល​និង​អាវុធ​បាក់តេរី​។​

​ចិន​ក៏​មិន​សប្បាយចិត្ត​ដែរ ដែល​ត្រូវ​ប្រឈម​នឹង​ជំនន់​ជនភៀសខ្លួន​រាប់លាន​នាក់ ដោយសារ​ការដួលរលំ​ភ្លាមៗ​នៃ​របប​គីម ជុង​អ៊ុន​។​

​ជម្រើស​ទី ៤ ៖ ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​

​ប្រមុខរដ្ឋ​នៅ​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​អំពី​ការប្រើប្រាស់​ឧត្តមភាព​ខាង​អាវុធ​នុយក្លេអ៊ែរ​ដ៏​ធំ​របស់​អាមេរិក​ដើម្បី​លុបបំបាត់​កូរ៉េខាងជើង ដើម្បី​គំរាម​ប្រទេស​នេះ​តែម្ដង​ឱ្យ​រួចរាល់​តែម្តង​។​

​ប៉ុន្តែ​ការវាយប្រហារ​បែបនេះ​អាច​សម្លាប់​មនុស្ស​រាប់លាន​នាក់​ដែល​រងទុក្ខវេទនា​ជា​យូរយារ​ក្រោម​របប​របស់​គីម​ជុង​អ៊ុន ដែល​នេះ​ជាការ​ចំអក​មួយ​អំពី​ក្រមសីលធម៌​របស់​អាមេរិក​ប្រឆាំងនឹង​របប​នេះ​។ វិបត្តិ​កើតចេញពី​ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ជា​លើកដំបូង​របស់​អាមេរិក​នឹង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​ខ្ចាត់ខ្ចាយ ហើយ​ធ្វើឱ្យមាន​ការបង្កើន​ការចំណាយ​ផ្នែក​ការពារជាតិ​យ៉ាងច្រើន​ពី​ចិន​និង​រុស្ស៊ី​។​

​ជម្រើស​ទី ៥ ៖ ការដាក់​សម្ពាធ​លើ​ប្រទេស​ចិន​

​លោក​ត្រាំ​ខោក​ក្បាល​ផង និង​អង្អែល​ក្បាល​ផង ដាក់​មេដឹកនាំ​ចិន ដើម្បី​ឱ្យប្រើ​ឥទ្ធិពល​របស់​ពួកគេ​រារាំង​គីម ជុង​អ៊ុន​។ គេ​ថែមទាំង​បាន​លើកឡើងថា ទំនាក់ទំនង​របស់​ចិន​អាច​ត្រូវបាន​ប្រើ​ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​របប​នេះ​ចេញពី​ខាងក្នុង​។ ប៉ុន្ដែ​លទ្ធភាព​របស់​ពួកគេ​ប្រហែល​ជាមាន​កម្រិត​។ ប្រជាជន​កូរ៉េខាងជើង​មានការ​ប្រយ័ត្នប្រយែង​ក្នុង​ការដែល​ត្រូវគេ​មើលឃើញថា​មាន​ភាពជិតស្និទ្ធ​ជាមួយ​ចិន​។ ពួកគេ​នៅ​ចងចាំ​ពីអ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ឆ្នាំ ២០១៣ ភ្លាមៗ​បន្ទាប់ពី​លោក​គីម​ឡើងកាន់​អំណាច​នៅពេល​ពូ​របស់លោក ឈ្មោះ ចាង ត្រូវបាន​គេ​ចាត់ទុកថា​នៅក្រោម​ឥទ្ធិពល​របស់​ប៉េកាំង​ទាំងស្រុង​។ គេ​និយាយថា គាត់​ត្រូវបាន​បោះ​ឱ្យ​ឆ្កែ​ស៊ី​។​

​ប្រទេស​ចិន​នៅតែ​ជា​អ្នក​នាំមុខគេ​សម្រាប់​បច្ចេកវិជ្ជា​ដ៏​គំរាមកំហែង​បំផុត​របស់​គីម ជុង​អ៊ុន​។ ទីភ្នាក់ងារ​ស៊ើបអង្កេត​របស់​សហរដ្ឋ​អាមេរិក​មានការ​បារម្ភ​ថា​សូម្បីតែ​រដ្ឋាភិបាល​ចិន​អាច​ត្រូវបាន​បញ្ចុះបញ្ចូល​ឱ្យ​បញ្ឈប់​ការផ្តល់​ជំនួយ​ដល់​កូរ៉េខាងជើង​ក៏​កូរ៉េខាងជើង​នៅតែ​អាច​សូកប៉ាន់​ក្រុមហ៊ុន​ចិន​ដើម្បី​ចែករំលែក​អាថ៌កំបាំង​យោធា​របស់​ពួកគេ​។​

​មិន​ថា​តួនាទី​អ្វី​ទេ​ដែល​ចិន​ដើរ​ក្នុងការ​រឹតត្បិត​ភាព​ឆ្លាត​វៃ​របស់​កូរ៉េខាងជើង ប្រទេស​ចិន​នឹង​ចង់បាន​ការធានា​អំពី​ការរស់រាន​របស់រប​ប​កូរ៉េខាងជើង​ក្នុងនាម​ជា​រដ្ឋ​មួយ ជា​ថ្នូរ​ត្រឡប់មកវិញ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល​ល័​រ​សុន បានលើកឡើង​ថា​គាត់​ជឿ​ចិន​។ ប៉ុន្តែ​ឥឡូវ គាត់​ត្រូវ​បញ្ចុះបញ្ចូល​លោក​ត្រាំ​សិន​។​

​ជម្រើស​ទី ៦ ៖ ចំណាត់ការ​របស់​អន្តរជាតិ​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​គាំទ្រ​ការដាក់ទណ្ឌកម្ម​ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បានចាប់ផ្តើម​ការសាកល្បង​នុយក្លេអ៊ែរ​កាលពី​មួយ​ទសវត្សរ៍​មុន​ហើយ​កាលពី​សប្តាហ៍​មុន​បាន​ពង្រឹង​យុទ្ធសាស្ត្រ​នេះ​ដដែល​។ នេះ​មានន័យថា​ទីក្រុង​ប៉េកាំង​និង​មូ​ស្គូ​បាន​ឯកភាព​ជាគោលការណ៍​ជាមួយ​អ្វីដែល​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ចង់បាន​រួចហើយ​។​

​ប្រទេស​ចិន​និង​រុស្ស៊ី​គឺជា​ទីពឹង​របស់​ប្រទេស​កូរ៉េខាងជើង​នៅ​ពិភព​ខាងក្រៅ​។ ពួកគេ​អាច​ច្របាច់ក​របប​នេះ​ឱ្យដាច់​ខ្យល់​បាន ប្រសិនបើ​ពួកគេ​ធ្វើ​សកម្មភាព​រួមគ្នា​ដើម្បី​កាត់បន្ថយ​ពាណិជ្ជកម្ម​និង​បណ្តាញ​ដឹកជញ្ជូន​។ ប៉ុន្តែ​ពេលនោះ ទីក្រុង​ប៉េកាំង​និង​មូ​ស្គូ​អាច​នឹង​ក្លាយជា​គោលដៅ​វាយប្រហារ​របស់​មី​ស៊ី​ល​គីម​ជុង​អ៊ុន​ផងដែរ​។ បើទោះបីជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ហានិភ័យ​នោះ​ក៏ដោយ ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង និង​លោកពូ​ទីន​ច្បាស់​ជា​ទាមទារ​ថ្លៃ​ខ្ពស់​ណាស់​ក្នុងការ​ដោះដូរ​សម្រាប់​ការជួយជ្រោមជ្រែង​ពី​ពួកគេ​៕

​ដោយ លោក​ម៉ាក អាល់​ម៉ុ​ន នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​វិបត្តិ​នៅ​ទីក្រុង​អុក​ស្វត

ប្រែសម្រួលដោយ៖ កញ្ញាដាលីស

អាមេរិក មាន​ជម្រើស ៦ ក្នុង​ដៃ ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង