អ្នកជំនាញ​វប្បធម៌​៦​ប្រទេស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អភិរក្ស​និង​ផ្សព្វផ្សាយ​វិស័យ​វប្បធម៌​

435
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នកជំនាញ​ខាង​វប្បធម៌ និង​ឯកអគ្គរដ្ឋទូត មកពី​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ ឡាន​ឆាង​ដែល​រួមមាន​ចិន​,​មី​យ៉ាន់​ម៉ា​,​ឡាវ​,​ថៃ​,​កម្ពុជា​,​និង​វៀតណាម​បាន​ជួបជុំ​ពិភាក្សាគ្នា​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងរក​យន្តការ​និង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ពង្រឹង​និង​ថែរក្សា​វិស័យ​វប្បធម៌​របស់​ប្រទេស​នីមួយៗ​ឱ្យ​គង់វង្ស ។​


​សិក្ខាសាលា​មេគង្គ​ឡាន​ឆាង​ស្តីពី​គ្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​បាន​ត្រូវ​ប្រារព្ធ​ធ្វោ​ឡើង​នា​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩​នៅ​ស​ណ្ឋា​រ​គារ​កាំបូឌីយ៉ាណា​រាជធានី​ភ្នំពេញ​។​ថ្លែង​បើក​សិក្ខាសាលា​នេះ លោក​សំរាំង​កំសាន្ត​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​មានប្រសាសន៍ថា​៖​វេទិកា​នេះ​មាន​សារៈសំខាន់​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង​ពី​ការគ្រប់គ្រង​និង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​អ្នកជំនាញ​វប្បធម៌​មកពី​បណ្តា​ប្រទេស​ទន្លេមេគង្គ​និង​ទន្លេ​ឡាន​ឆាង​។​

​លោក​រដ្ឋលេខាធិការ​បា​ន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​ឱ្យមាន​ការចូលរួម​ថែរក្សា​វប្បធម៌​នេះ​។​ដោយ​លោក​បាន​ចាត់ទុកថា​នេះ​ជាការ​បើកឱកាស​ថ្មី​មួយ​បន្ថែមទៀត​ដល់​មន្ត្រី​ជំនាញ​និង​យុវជន​បានការ​ចែករំលែក​នូវ​បទពិសោធន៍​ចំណេះដឹង​ថ្មីៗ​លើ​ការងារ​អភិរក្ស​និង​ផ្សព្វផ្សាយ​វិស័យ​វប្បធម៌​ឱ្យទទួល​បាន​ជោគជ័យ​។​លោក​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ជំនាញ​មកពី​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​ទាំងអស់​ត្រូវខិតខំ​ពិភាក្សា​ឱ្យបាន​ផុសផុល​លើ​ការងារ​នេះ​។​ក្នុងនោះ​ចងក្រង​នូវ​អនុសាសន៍​ឬ​ទស្សន​ល្អៗ​ទុក​អនុវត្តន៍​ការងារ​ថែរក្សា​វប្បធម៌​នៅតាម​ប្រទេស នីមួយៗ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើងថា «​យើងទាំងអស់គ្នា ទទួលស្គាល់ថា​បេតិកភណ្ឌ​វប្បធម៌ នៃ បណ្តា​ប្រទេស​មេគង្គ ឡាន​ឆាង មាន ភាព​សំបូរបែប និង ចម្រុះ ។ ដូច្នេះ ប្រាកដ​ហើយ​ថា​បេតិកភណ្ឌ វប្ប​ធ៌​ម​ទាំងនេះ​ត្រូវតែ​ទទួលបាន​ការ​គាំពារ​ថែរក្សា​ពី​ជំនាន់​១​ទៅ​ជំនាន់​១​។​ពាក់ព័ន្ធ​ទៅនឹង​ភារកិច្ច​នេះ​អ្នកជំនាញ​និង​យុវជន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការបន្ត​ចំណេះ​និង​ជំនាញ​នៃ​ការអភិរក្ស​វប្ប​ធ៌​ម​ពី​មនុស្ស​ចាស់​ទៅកាន់​អ្នកជំនាន់ក្រោយ »​។​

​លោក កែវ កាន់​វិ​រៈ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​វប្បធម៌​អន្តរជាតិ និង​កិច្ចការ​អាស៊ាន នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​មានប្រសាសន៍ថា​ការពង្រឹង​វិស័យ​វប្បធម៌​នេះ​គឺ​តំណាង​ប្រទេស​នីមួយៗ​ធ្វើ​បទ​បង្ហាញ​ពី​វិស័យ​វប្បធម៌​រៀងៗ​ខ្លួន​បន្ទាប់មក​ពួកគេ​នឹង​ចុះ​ស្វែងយល់​នៅតាម​រមណីយដ្ឋាន​វប្ប​ធម៌​នៅ​រាជធានី​ភ្នំពេញ​និង​ទស្សនា​ប្រាសាទភ្នំជីសូ​នៅ​ខេត្តតាកែវ​ផងដែរ​។​

​លោក​កែវ​កាន់​វិ​រៈ​បញ្ជាក់ថា​សិក្ខាសាលា​ថ្ងៃនេះ​ជា​ផែនការ​ថ្មី​មួយទៀត​ក្នុង​គោលបំណង​ផ្លាស់ប្តូ​វប្បធម៌ ប្រពៃណី​រវាង​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​បន្ថែម​លើ​គោលនយោបាយ​វប្បធម៌​របស់​កម្ពុជា​និង​គោលនយោបាយ​វប្បធម៌​ក្នុង​តំបន់​ដែលមាន​ស្រាប់​។

សូមជម្រាបថា​សិក្ខាសាលា​ស្តីពី​បណ្តាញ​កិច្ចសហប្រតិបត្តិការ​ក្របខណ្ឌ​វប្បធម៌​មេគង្គ​-​ឡាន​ឆាង​ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នេះ​ដើម្បី​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិ​លើ​ការផ្លាស់ប្តូរ​វិស័យ វប្បធម៌ រ​ទៅវិញទៅមក​រវាង​មន្ត្រី​ជំនាញ​ផ្នែក​វប្បធម៌​មកពី​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ ចំនួន ៦​មាន​ប្រទេស ចិន មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា​និង​វៀតណាម​៕S/

​ចំណងជើង​រូបថត​៖​អ្នកជំនាញ​ខាង​វប្បធម៌​មកពី​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​ឡាន​ឆាង​ជួបជុំ​ពិភាក្សាគ្នា​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងរក​យន្តការ​និង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ពង្រឹង​និង​ថែរក្សា​វិស័យ​វប្បធម៌​របស់​ប្រទេស​នីមួយៗ​ឱ្យ​គង់វង្ស (​រូបៈ​សុផល​)