អ្នកជំនាញ​សាធារណការ ផ្តើម​អ៊ុតថ្នល់​បេតុង AC ប្រវែង​ជាង​២​គីឡូម៉ែត្រ មុនពេល​បុណ្យ​សមុទ្រ​

839
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: ផ្លូវថ្នល់​បេតុង​AC ប្រវែង​២​គីឡូម៉ែត្រ ចាប់​ពីមុខ​សាលាខេត្ត​រហូតដល់​ជិត​ផ្លូវបំបែក​អតីត​រោងចក្រ​ត្រីខ ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ត្រូវបាន​ក្រុមការងារ​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង ផ្តើម​ស្ថាបនា​ឡើង​អោយបាន​មុន​ថ្ងៃបុណ្យ​សមុទ្រ​ចូលមក​ដល់​។

​ក្រុម​អ្នកជំនាញ​ផ្នែក​សាធារណការ​ផ្លូវការ ផ្តើម​សម្រុក​ស្ថាបនា​ផ្លូវថ្នល់​បេតុង​ប្រភេទ​AC អ៊ុត​កម្រ​ស់​៤​ហ៊ុន ប្រវែង​ជាង​២​គីឡូម៉ែត្រ ស្មើនឹង​ប្រមាណ​ជា​៣​ម៉ឺន​ការ៉េ ក្រោម​ថវិកា​អភិវឌ្ឍន៍​បន្ទាន់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព និង​ការងាយស្រួល​ធ្វើដំណើរ​កម្សាន្ត​ថ្ងៃបុណ្យ​សមុទ្រ​ខាងមុខ​។​

​លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​ថា នេះ​ជា​លើកដំបូង​ហើយ ដែល​ទី​រួម​ខេត្តកោះកុង​ទទួលបាន​ថ្នល់​បេតុង​ប្រភេទ​AC​ថ្មី​មួយ​ខ្សែ សម្រាប់​កាដូ​ថ្ងៃបុណ្យ​សមុទ្រ​ខាងមុខ​។

​បច្ចុប្បន្ន ក្រសួង និង​មន្ទីរ​របស់លោក​ផ្តោត​ការយកចិត្តទុកដាក់​អ៊ុត​ផ្លូវ​ជាប់មាត់​ព្រែ​កកោះ​ប៉ោ​តែមួយ​ខ្សែសិន ចាប់​ពីមុខ​សាលាខេត្ត​រហូតដល់​ជិត​ផ្លូវបំបែក​អតីត​រោងចក្រ​ត្រីខ ពីព្រោះថា​ផ្លូវ​នេះ ជា​តំបន់​រៀបចំ​ប្រារព្ធ​ពិធី​។ រីឯ​កំណាត់​ផ្លូវថ្នល់​ក្នុង​ក្រុង​ខេមរភូមិន្ទ​ផ្សេងទៀត នឹង​ស្នើសុំ​គម្រោង​អភិវឌ្ឍន៍​នៅ​ឆ្នាំ​បន្ទាប់​។​

​ប្រធាន​មន្ទីរ​សាធារណការ​រូបនេះ បញ្ជាក់ទៀតថា ក្រុមការងារ​ជំនាញការ​នឹង​ព​ន្លឿ​ន​ការ​អ៊ុត​បេតុង​AC​អោយ​ចប់​រួចរាល់​ទាំងស្រុង​នៅ​មុនពេល​ពិធីបុណ្យ​សមុទ្រ​ឈានចូល​មកដល់​។ ហើយ​បន្ទាប់ពី​បញ្ចប់​កា​ងារ​អ៊ុត​បេតុង បន្ត​គូស​គំនូរ​សញ្ញា និង​តម្លើង​ស្លាក​សញ្ញា​ចរាចរណ៍​តាម​ស្តង់ដារ​កំណត់​ផងដែរ​។​

​ទន្ទឹម​នោះ លោក អន ដា​វុ​ធ ក៏​អំពាវនាវ​យ៉ាងទទូច​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​ទំនិញ និង​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​ទាំងអស់គ្នា ជៀសវាង​ការដឹក​លើ​សទ​ម្ង​ង់​កំណត់ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ ត្រឹមត្រូវ ខណៈ​កំណាត់​ផ្លូវ​មួយចំនួន​ត្រូវបាន​ជួសជុល​កែលម្អ​រួច​។​

​លោក មាស សុខុម និង​អ្នកស្រី សោម ពិសី ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ចាត់ទុកថា សកម្មភាព​នៃ​ការងារ​អ៊ុត​ផ្លូវ​បេតុង​ថ្មី​នេះ ជា​ចំណុច​ដ៏​ល្អ​មួយ​សម្រាប់​ការធ្វើដំណើរ​ទៅមក ក៏ដូចជា​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​អោយ​មកលេង​កម្សាន្ត​ខេត្តកោះកុង​កាន់តែច្រើន​ថែមទៀត ពិសេស​គឺ​ថ្ងៃបុណ្យ​សមុទ្រ​តែម្តង​។​

​ទោះបីយ៉ាងណា ពួកគាត់​ស្នើ​ដល់​ក្រសួង និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​បន្ត​ពិនិត្យ និង​ជួសជុល​កែលម្អ​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​ដែរ ខណៈ​ផ្លូវថ្នល់​មួយចំនួន​រង​ការខូចខាត​ដោយសារ​ការដឹក​លើស​ទ​ម្ង​ង់ បាក់បែក និង​ទឹកភ្លៀង​រហូត​ដក់​។​

​គួរ​កត់សម្គាល់ថា ក្រៅពី​សកម្មភាព​អ៊ុតថ្នល់​បេតុង​AC មន្ទីរ​សាធារណការ ក៏បាន​សហការ​ជាមួយនឹង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជួល​រថយន្ត​បាញ់​ទឹក​លាង​ដុះខាត់​សម្អាត លាប​ពណ៌​បង្កាន់ដៃ និង​តួ​ស្ពាន​កោះកុង​អោយបាន​ស្អាត​ល្អ ដោយ​សកម្មភាព​ការងារ​នេះ ក៏​សម្រុក​បញ្ចប់​មុន​ថ្ងៃបុណ្យ​សមុទ្រ​ដូចគ្នា​ដែរ​៕