អ្នកជំនាញ​សិទ្ធិមនុស្ស​អ​.​ស​.​ប​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២៩​តុលា​-៨ វិច្ឆិកា​

529
ចែករម្លែក
  • 11
    Shares

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​។

នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល ១១​ថ្ងៃ​នៅ​កម្ពុជា​ប្រទេស អ្នកជំនាញ​រូបនេះ​គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។​

អ្នករាយការណ៍​ពិសេស​អ​.​ស​.​ប​បំពេញបេសកកម្ម​ផ្លូវការ​ជា​ទៀត​ទាត់​មកកាន់​ប្រទេស​កម្ពុជា និង​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដែល​ក្រុមប្រឹក្សា​នេះ បានតែងតាំង​លោកស្រី នៅក្នុង​ខែមីនា ឆ្នាំ​២០១៥​។

​លោកស្រី​នឹង​បង្ហាញ​របាយការណ៍​បន្ទា​ប់​របស់​លោកស្រី ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩​។​អ្នកជំនាញ​រូបនេះ​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ដោយមាន​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ពិភាក្សា​អំពី​របកគំហើញ​បឋម​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី។

​សន្និសីទ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៨​ខែវិច្ឆិកា​នៅវេលា​ម៉ោង​៣​រសៀល​នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែលមាន​អាសយដ្ឋាន អគារ​លេខ ៤ ផ្លូវ ២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​៕S/

អ្នកជំនាញ​សិទ្ធិមនុស្ស​អ​.​ស​.​ប​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២៩​តុលា​-៨ វិច្ឆិកា​