អ្នកជំនាញ​អប់រំ​៖ គ្រូ​ត្រូវ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញ​ជាប្រចាំ

1539
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: « គ្រូ​ត្រូវតែ​អភិវឌ្ឍ​សមត្ថភាព​និង​ជំនាញ​ជាប្រចាំ​។ គ្រូ ត្រូវ​រៀន​មិនចេះចប់ មានន័យថា​ការផ្តល់​ចំណេះដឹង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ វា​មិន​ដូចគ្នា​នោះទេ »​។ នេះ​ជាការ​លើកឡើង​របស់លោក តែ ឡាយ ប្រធាន​នាយក​អប់រំ និង​ធនធានមនុស្ស នៃ​សាលា​វេស​ឡាញ​នៅក្នុង​វេទិកា​គ្រូបង្រៀន លើក​ទី​៥ របស់​សាលារៀន​វេស​ឡាញ នា​ព្រឹក​ថ្ងៃទី​២៥ ឧសភា ២០១៩​នេះ​។​គ្រូបង្រៀន​ជិត​៣០០​នាក់ មកពី​គ្រប់​សាខា​សាលា​វ៉េ​ស​ឡាញ បាន​ចូលរួម​ក្នុង​វេទិកា​គ្រូបង្រៀន លើក​ទី​៥​នេះ​។​

​លោក តែ ឡាយ បាន​បន្តថា​៖​នាពេល​បច្ចុប្បន្ន​គេ​តែងតែ​សម្លឹង​ទៅដល់​ចំណេះដឹង និង​ជំនាញ​នា​សតវត្សរ៍​ទី​២១​។ ដូច្នេះ​វា​ទាមទារ​ឲ្យ​យើង​គ្រប់គ្នា​ធ្វើការ​អភិវឌ្ឍ​ចំណេះដឹង ជំនាញ​របស់​លោកគ្រូ អ្នកគ្រូ​យើង​ឲ្យ​ដល់​ចំណុច​នេះដែរ​។ ប្រសិនបើ​មិន​ដូច្នេះ​ទេ លោកគ្រូ អ្នកគ្រូ មិនអាច​ផ្តល់​សមត្ថភាព​គ្រប់គ្រាន់​ដល់​សិស្សានុសិស្ស​បាន​នោះទេ ដែល​ភាគច្រើន​គេ​និយាយថា គ្រូ នៅក្នុង​សតវត្សរ៍​ទី​១៩ ប៉ុន្តែ​សិស្ស​ដើរ​ទៅដល់​សតវត្សរ៍​ទី​២០ ឬ​២១​អស់​ទៅហើយ​។ ដូច្នេះ​សាលា​ត្រូវធ្វើ​យ៉ាងណា ដើម្បី​បំពាក់បំប៉ន​លោកគ្រូ អ្នកគ្រូ ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ចំណេះដឹង​គ្រប់គ្រាន់ សម្រាប់​បណ្តុះបណ្តាល​សិស្ស ឲ្យ​ទទួលបាន​លទ្ធផល​ក្នុងការ​សិក្សា​មួយ ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​។​

​លោក តែ ឡាយ បានបញ្ជាក់​ទៀតថា សាលា​វេស​ឡាញ បានកំណត់​យក​មុំ​បី គឺ​សាលារៀន គ្រួសារ និង​សង្គម មានន័យថា​ការបណ្តុះបណ្តាល​ចំណេះដឹង ជំនាញ សមត្ថភាព បុគ្គលិកលក្ខណៈ​របស់​សិស្ស គឺ​ពឹង​ផ្អែកទៅលើ​មុំ​ទាំងបី​នេះហើយ​។ ដោយ​មិនអាច​មានតែ​សាលារៀន ព្រោះថា​ការបណ្តុះបណ្តាល​ចំណេះដឹង គឺ​ពឹង​ផ្អែកទៅលើ​សាលារៀន​ជា​ចម្បង​។ ប្រសិនបើ​យើង​ពិនិត្យមើល​ទៅលើ​ការបណ្តុះបណ្តាល​បុគ្គលិកលក្ខណៈ​(​ចេះ​សហការគ្នា ដោះស្រាយ​បញ្ហា និង​មាន​ទំនួល​ខុសត្រូវ​ក្នុង​កិច្ចការ​អ្វីមួយ​) មានន័យថា​យើង​ពឹងផ្អែក​ទៅលើ​គ្រួសារ​ជា​ចម្បង​។

​សូម​រំលឹកថា វេទិកា​គ្រូបង្រៀន​លើក​ទី​៥​នេះ គឺ​សាលា​តែងតែ​រៀបចំ​ជា​រៀងរាល់ឆ្នាំ ផ្តោត​សំខាន់​លើ​ការអប់រំ ដើម្បី​ឲ្យ​ការសិក្សា​របស់​សិស្ស ទាំង​ជំនាញ និង​បុគ្គលិកលក្ខណៈ ទទួលបាន​លទ្ធផល​ល្អ​។ ដែល​ភាគច្រើន​គេ​និយាយថា ផ្ទេរ​ចំណេះដឹង​ពី​គ្រូ ទៅ​សិស្ស ប៉ុន្តែ​វា​មិនមែនជា​ការងាយស្រួល​នោះទេ សម្រាប់​ថ្ងៃនេះ គឺជា​ការបណ្តុះបណ្តាល​ប​ន្ថែ​ម​លើ​បច្ចេកទេស ក្នុងការ​អភិវឌ្ឍន៍​វិធីសាស្ត្រ​បង្រៀន​បន្ថែមទៀត ដើម្បី​ឲ្យ​លោកគ្រូ អ្នកគ្រូ មានចំណេះដឹង​កាន់តែ​ប្រសើរ ក្នុងការ​ជម្រុញ និង​បង្ហាត់បង្រៀន​កាន់​តែមាន​ប្រសិទ្ធភាព​។​

គ្រូបង្រៀន​ជិត​៣០០​នាក់ មកពី​គ្រប់​សាខា​សាលា​វ៉េ​ស​ឡាញ បាន​ចូលរួម​ក្នុង​វេទិកា​គ្រូបង្រៀន លើក​ទី​៥(​រូប​:​សុផល​)

​គ្រូ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​គ្រូបង្រៀន​នេះ​នឹង​ទទួលបាន​បទពិសោធ​ន៏​កាន់តែ​ប្រសើរឡើង​ក្នុងការ​បង្រៀន​ដែល​បង្កើន​ការចូលរួម​ក្នុង​ថ្នាក់រៀន​និង​អន្ត​រកម្ម​នៅក្នុង​ថ្នាក់រៀន​ប្រចាំថ្ងៃ​។​ដឹង​ពី​បច្ចេកទេស
​វិធីសាស្ត្រ​បង្រៀន​ខុសៗ​គ្នា​ពី​គ្រូ​ដែលមាន​បទពិសោធន៍​ផ្សេងៗ​។​បង្កើន​ការទទួលខុសត្រូវ​រប​ស់​ពួកគេ​ក្នុង​ការបង្រៀន​និង​ការអនុវត្ត​ប្រចាំថ្ងៃ​។​ទទួលបាន​គំនិត​ច្នៃប្រឌិត​បន្ថែមទៀត​ក្នុងការ​ធ្វើឱ្យ​ថ្នាក់រៀន​របស់​ពួកគេ​កាន់​តែមាន​ថាមភាព​; និង​អនុវត្ត​បច្ចេកវិទ្យា​កាន់តែច្រើន​នៅក្នុង​ថ្នាក់រៀន​៕