អ្នកជំនាញ​អភិរក្ស​ជាតិ​-​អន្តរជាតិ​យកចិត្តទុកដាក់​ការងារ​ជួសជុល​ព្រះពុទ្ធ​រូប​ពីរ​អង្គ​សម័យ​ក្រោយ​អង្គរ​នៅ​ប្រាសាទប្រែរូប​

427
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ​អ្នកជំនាញ​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ស្ថាប័ន GIZ រួមទាំង​អ្នកស្រាវជ្រាវ​កូរ៉េ បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លម្អិត​តាម​ជំនាញ​នីមួយៗ ដើម្បី​បំពេញការងារ​អភិរក្ស​ក្នុងការ​ប្រើប្រាស់​បច្ចេកទេស​និង​សម្ភារៈ ​ដែល​មិន​ប៉ះពាល់​ដល់​ការជួសជុល​ព្រះពុទ្ធ​រូប​ពីរ​អង្គ​សម័យ​ក្រោយ​អង្គរ​ ស្ថិតនៅ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទប្រែរូប​។​

លោក​បណ្ឌិត លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្កា​បានឱ្យ​ថា​៖ បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​បាន​សម្រង់​ស្ថានភាព​ខូចខាត រក​បំណែក​ព្រះ​ពុទ្ធរូប​ទាំងពីរ​អង្គ​ដែល​បាត់បង់ សម្អាត និង​ផ្គុំ​បំណែក​ដែល​រកឃើញ​នោះ​ទៅនឹង​ដងខ្លួន​ពុទ្ធរូប​រួចរាល់​អស់ហើយ​។ ចំពោះ​ការងារ​ដែល​នៅសល់​ត្រូវធ្វើ​បន្ត​គឺ ការសិក្សា លើ​សមាសធាតុ​បន្សំ​នៃ​សម្ភារៈ​នីមួយៗ​ដែល​ខ្មែរ​បុរាណ​យកមក​ធ្វើ​ពុទ្ធរូប មានដូចជា​៖

១. ថ្មភក់ ​៖ ពុទ្ធរូប​ទាំងពីរ​អង្គ​ធ្វើឡើង​ដោយ​ការ​ផ្គុំ​ថ្មភក់​ច្រើន​ដុំ​ប្រភេទ​ផ្សេងៗ​គ្នា ដែល​ខ្លះ​សន្និដ្ឋានថា​យក​ពី​ប្រាសាទ​នៅក្នុង​តំបន់ ឯ​ខ្លះទៀត​មិនដឹង​ប្រភព​ទេ​។​
២. ខ្មុក​ម្រ័ក្សណ៍​ដែល​ខ្មែរ​បុរាណ​យកមក​ប៉ាត​លាប​លើ​រូប​បដិមា​។​
៣. ពហុ​វណ្ណភាព (​ពណ៌​ចម្រុះ​) ៖ មានទឹក​ពណ៌​មាស​និង​ក្រហម​ជាដើម ដែល​មិនទាន់​ដឹងថា​ខ្មែរ​បុរាណ​យកមក​ពី​ប្រទេស​ចិន ប្រទេសជិតខាង ឬ​ផលិត​ខ្លួនឯង​។​
៤. កំបោរ​បាយអរ​ម្រ័ក្សណ៍​៖ ពាស​បាយអរ​ដើម្បី​ភ្ជិត​កន្លែង​ប្រហោង ហើយ​លាប​ម្រ័ក្សណ៍​ពីលើ​រូប​។​
៥. ដែក​ ៖ មាន​មូល ស្រួច ទាល ជ្រុង ដែល​បុរាណ​យក​ធ្វើ​ជន្លួញ ធ្វើ​ខ្ចា​ប់​ដើម្បី​ត​ដុំថ្ម​មួយ​ទៅមួយ​ទៀត​ក្នុងការ​ធ្វើ​រូប​បដិមា ហើយ​មានគុណ​ភាពល្អ ប្រើ​បានយូរ​។​
៦. ឈើ​ ៖ ធ្វើជា​ស្នៀត ពន្លួញ​ឈើ​ដើម្បី​ត​ថ្ម​។​
៧. គ្រឿង​លម្ អ​៖ នៅលើ​ស្បង់​ចីវរ ខ្សែក្រវ៉ាត់​មាន​លម្អ​ដោយ​សំបក​សិប្បីសត្វ​យ៉ាង​
​ស្រស់ស្អាត​។

ចំពោះ​សំណាក​ខ្មុក​ម្រ័ក្សណ៍​និង​គ្រឿង​លម្អ ក្រុមការងារ​បាន​យកទៅ​ពិសោធ​នៅ​ប្រទេស​កូរ៉េ ដើម្បី​ដឹង​ពី​ប្រភព​និង​អាយុកាល ដែល​បច្ចុប្បន្នកំពុងរ​ង់​ចាំ​លទ្ធផល​។​

លោក​បណ្ឌិត​បន្តទៀតថា ដោយសារ​សម្ភារៈ​ដែល​យ​កមក​ប្រើ​មាន​ភាព​ចម្រុះ តម្រូវឱ្យ​អ្នកជំនាញ​ផ្នែក​នីមួយៗ​ត្រូវ​ស្វែងយល់​របៀប ​នៃ​ការប្រើប្រាស់​និង​ប្រភព​នៃ​វត្ថុធាតុដើម​។ ដូច្នេះ​លោក​ក៏បាន​ទាមទារ​ឱ្យ​ក្រុមការងារ​សម្រង់​ព័ត៌មាន​ខូចខាត​ឱ្យអស់ ពិនិត្យមើល​ស្លាកស្នាម​ជា​លក្ខណៈពិសេស​ នៃ​បច្ចេកទេស​បុរាណ​លើ​រូប​ព្រះពុទ្ធ​។ កំណត់​កូដ​ពណ៌​ឱ្យបាន​ច្បាស់លាស់​ទៅលើ​ភាព​ខូចខាត​នៃ​សំណង់ ហើយ​សម្ភារៈ​ពី​បុរាណ​ដែល​អាច​ប្រើការ​បាន ត្រូវ​យកមកប្រើ​ឡើងវិញ ដោយមាន​ការពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​វិស្វករ​ទៅលើ​ភាព​ធន់​និង​ភាព​មាំ​នៃ​ការ​ទ្រ​ទម្ងន់​បដិមា​។

លើសពីនោះ​ត្រូវមាន​អ្នកជំនាញ 3D Scaning ដើម្បី​មាន​ភាពងាយស្រួល​និង​ដឹង​ច្បាស់​អំពី​បច្ចេកទេស​កាន់តែ​លម្អិត​ក្នុងការ​បំពេញបន្ថែម​រូប​ដែល​បាត់បង់​ឱ្យ​ត្រូវ​នឹង​រូប​ពិត​។ ក្នុងនោះដែរ​ដើម្បី​បន្ថែម​និង​ពង្រឹងសមត្ថភាព នាយកដ្ឋាន​ក៏បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​បុគ្គលិក​ជំនាញ ទាក់ទង​នឹង​ការ​ពង្រាង​រូប​ផងដែរ ដើម្បី​ធ្វើឱ្យ​ការអភិរក្ស​និង​ជួសជុល​កាន់តែ​ល្អប្រសើរ​។​

សូម​បញ្ជាក់ដែរថា ពុទ្ធបដិមា​ទាំងពីរ​អង្គ​នៅ​ប្រាង្គ​កណ្តាល​ប្រាសាទប្រែរូប គឺ​បាន​បាត់បង់​ព្រះ​កេស ព្រះ​ហ​ស្ថ​ទាំងស្រុង និង​ដាច់​ត្រឹម​កជើង​។ បដិមា​ព្រះពុទ្ធ​ទាំងនេះ ធ្វើ​អំពី​ថ្មភក់​ក្នុង​រចនាបទ​បាយ័ន ទ្រង់​ឈរ​ក្នុង​កាយវិការ​អភ័យ​មុ​ទ្រៈ ​លម្អ​ដោយ​ខ្មុក​និង​ម្រ័ក្សណ៍ មាន​ក្បាច់​បិទ​លម្អ​ដោយ​គ្រឿង​សិប្បីសត្វ​ថែមទៀត​។ បើតាម​លក្ខណៈ​សម្គាល់​​ខាង​ផ្នែក​ក្បាច់លម្អ​និង​រចនាបថ​បង្ហាញថា ព្រះ​ពុទ្ធរូប​ទាំងពីរ​អង្គរ​នេះ​ប្រហែល​ជា​ធ្វើឡើង​ក្នុងសម័យ​កណ្តាល (​ស​.​វ​ទី​១៥-១៦) ជា​សម័យ​ដែល​ខ្មែរ​ងាក​មក​គោរព​ព្រះពុទ្ធសាសនា​ថេរវាទ​វិញ ត្បិត​ប្រាសាទ​នេះ​ដើមឡើយ​ គឺ​សាង​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​។​ បច្ចុប្បន្ន​មាន​ប្រជាជន​នៅ​ជុំវិញ​ទីនេះ តែងតែ​មក​បន់ស្រន់​សុំ​ទឹកភ្លៀង និង​បាន​ហៅ​ឈ្មោះ​ពុទ្ធបដិមា​ទាំងពីរ​អង្គ​នេះ​ថា «​លោកតា​សៅ​»៕​B/