អ្នកជំនាញ​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ ចែករំលែក​បទពិសោធ​ន៍​និង​ចំណេះដឹង​អំពី​ការជួសជុល​និង​អភិរក្ស​ប្រាសាទ​ឥដ្ឋ​បុរាណ​ដល់​អ្នកជំនាញ​ថៃ​

482
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប ៖ អ្នកជំនាញ​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ​ចំនួន​បី​រូប​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូ​វា​បាន​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីអំពី “​ការស្វែងយល់​អំពី​បច្ចេកទេស​បុរាណ​និង​ការប្រើ​សម្ភារៈ​បុរាណ ដើម្បី​ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​តំបន់​អង្គរ​” នៅ​ខេត្ត​សា​កែវ កាលពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​កន្លងមកនេះ​។

ក្នុង​សិក្ខាសាលា​នេះ អ្នកជំនាញ​ខ្មែរ​ទាំងបី​រូប​មាន​៖ លោក លី វណ្ណា បុរាណ​វិទូ​និង​ជា​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ លោក តាន់ សុផល អ្នក​អភិរក្ស​ឥដ្ឋ និង​លោក ហួន សុខ​ជាតិ វិស្វករ បាន​ចែករំលែក​បទពិសោធន៍ ចំណេះដឹង​អំពី​បច្ចេកទេស​បុរាណ និង​ការប្រើ​សម្ភារៈ​បុរាណ​ដើម្បី​ជួសជុល​ប្រាសាទបុរាណ​សាង​អំពី​ឥដ្ឋ​ដល់​អ្នកជំនាញ​ថៃ​ជាង​៣០​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌ មកពី​ការិយាល័យ​ប្រចាំ​តំបន់​ទូទាំងប្រទេស​នៃ​នាយកដ្ឋាន​វិចិត្រសិល្បៈ​នៃ​ប្រទេស​ថៃ​។​

លោក លី វណ្ណា បានឱ្យដឹងថា សិក្ខាសាលា​នេះ​គឺ​ផ្តើមចេញពី​ការយល់ឃើញថា ដើម្បី​អភិរក្ស​និង​ជួសជុល​ប្រាសាទ​មួយ​ឱ្យ​រក្សាបាន​នូវ​តម្លៃ​ដើម យើង​ត្រូវ​ប្រើ​បច្ចេកទេស​បុរាណ​និង​សម្ភារៈ​បុរាណ​គួបផ្សំ​ជាមួយនឹង​តម្រូវការ​ក្នុងពេល​ចាំបាច់​នៃ​ការប្រើ​បច្ចេកទេស​និង​សម្ភារៈ​ទំនើប​ដែល​មិន​ប៉ះពាល់​ដល់​លក្ខណៈសម្បត្តិ​បុរាណ​របស់​ប្រាសាទ​។ នេះ​ក៏​ដោយសារ​កន្លងមក ការជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​ប្រទេស​ថៃ​ប្រើ​បាយអរ​ដែលជា​ល្បាយ​បានមកពី​ការ​លាយ​បញ្ចូល​គ្នា​នៃ​ខ្សាច់ កំបោរ និង​ស៊ីម៉ង់​តិ៍​ផត​ឡែ​ន​ដ៍​ពណ៌​ស​ដើម្បី​បិទ បៀក និង​ភ្ជាប់​ឥដ្ឋ​។ ការប្រើ​ប្រភេទ​ល្បាយ​ស៊ីម៉ង់​តិ៍​ដូចនេះ មិនត្រូវ​គ្នា​ជាមួយ​ឥដ្ឋ​បុរាណ​ឡើយ ដោយសារ​សម្ភារៈ​សំណង់​ទាំងពីរ​ប្រភេទ​នេះ​មាន​លក្ខណៈ​រឹងមាំ​ខុសគ្នា​ខ្លាំង ម្យ៉ាងទៀត​ស៊ីម៉ង់​តិ៍​អាច​នាំមក​នូវ​ការកកើត​អំបិល​បំផ្លាញ​ដល់​ឥដ្ឋ​បុរាណ​នៃ​ប្រាសាទ​។​

លោក​បុរាណ​វិទូ​រូបនេះ​បន្តថា កត្តា​នេះហើយ​ដែល​នាយកដ្ឋាន​វិចិត្រសិល្បៈ​នៃ​ប្រទេស​ថៃ​មាន​កង្វល់​យ៉ាងខ្លាំង​អំពី​បញ្ហា​នៃ​ការប្រើ​ស៊ីម៉ង់​តិ៍ ហើយក៏​ងាក​មក​គិត​អំពី​ការ​រិះរក​មធ្យោបាយ​ប្រើ​បច្ចេកទេស​ជួសជុល​ប្រាសាទ​ឥដ្ឋ​តាមបែប​បុរាណ​និង​ប្រើ​បាយអរ​បុរាណ​។​ល​។ ទើប​នាយកដ្ឋាន​វិចិត្រសិល្បៈ​នៃ​ប្រទេស​ថៃ​ផ្តួចផ្តើម​គំនិត​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​យក​បច្ចេក​បុរាណ​នេះ​ទៅ​អនុវត្ត​នៅក្នុង​គម្រោង​ជួសជុល​ប្រាសាទ​ខាវ​លួ​ន​ដែលជា​ប្រាសាទ​ឥដ្ឋ​មួយ​មិនទាន់​ដឹង​កាលបរិច្ឆេទ​ច្បាស់លាស់​ស្ថិតនៅក្នុង​ស្រុក​តា​ប្រា​យ៉ា​នៃ​ខេត្ត​សា​កែវ ។​

សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​១​ដែល​អ្នកជំនាញ​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ​បាន​បំពេញបេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង ​និង​ជាទី​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា ដែលមាន​ធនធានមនុស្ស​ដ៏​មាន​សមត្ថភាព​ក្នុងការ​ផ្តល់នូវ​ចំណេះដឹង បទពិសោធន៍​អំពី​ការជួសជុល​ប្រាសាទ​ឥដ្ឋ​ក្នុង​តំបន់​អង្គរ​ទៅកាន់​អន្តរជាតិ​៕​B/

#