អ្នកជំនាញ​អារ៉ាប់​៖ សន្និសីទ​ប្រកបដោយ​ផ្លែផ្កា​នៅ​ទីក្រុង​ប៉េកាំង​បាន​នាំមក​នូវ​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​ចិន​-​អារ៉ាប់​

752
ចែករម្លែក

​ពួក​អ្នកជំនាញ​អារ៉ាប់​បាន​សាទរ​សន្និសីទ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​អារ៉ាប់​ដែល​ទើបនឹង​បញ្ចប់​ថ្មីៗ​នេះ ថា​បាន​នាំមក​នូវ​ការចាប់ផ្តើម​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​ចិន​-​អារ៉ាប់ តាមរយៈ​ការបង្កើត​ផែនការ​លម្អិត​សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។​

​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី ៨ នៃ​វេទិកា​កិច្ចសហប្រតិបត្តិការ​ចិន​-​អារ៉ាប់ (CASCF) ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កក្កដា​នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន បានអនុម័ត​សេចក្តីប្រកាស​របស់​ក្រុង​ប៉េកាំង សេចក្តីប្រកាស​សកម្មភាព​ស្តីពី​កិច្ចសហប្រតិបត្តិការ​អំពី​ផ្លូវ​និង​ក្រវាត់​របស់​ចិន​និង​អារ៉ាប់ និង​ផែនការ​សកម្មភាព​មួយ ដែល​ណែនាំ​ពី​ការអភិវឌ្ឍ​របស់ CASCF ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២០​។​

​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ថ្លែង​នៅក្នុង​ពិធី​បើក​សន្និសីទ​នោះ​ថា ចិន​និង​បណ្តា​ប្រទេស​អារ៉ាប់​បាន​ព្រមព្រៀងគ្នា​បង្កើត​នូវ “​ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​ឆ្ពោះទៅ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​និង​ការអភិវឌ្ឍ​រួម​”​។​

​ដោយ​ហៅ​បណ្តា​រដ្ឋ​អារ៉ាប់​ជា​ដៃគូ​ពី​បុព្វេ​របស់​ចិន​នៅក្នុង​កិច្ចសហប្រតិបត្តិការ​អំពី​ផ្លូវ​និង​ក្រវាត់ លោក​ស៊ី​ជីន​ពីង​បាន​និយាយថា កិច្ចសហប្រតិបត្តិការ​នេះ​បាន​បង្កើន​ថាមពល​ដល់​គ្រប់ផ្នែក​នៃ​ទំនាក់ទំនង​ចិន​-​អារ៉ាប់ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ស្រុង​របស់ខ្លួន​ទៅក្នុង​ដំណាក់កាល​ថ្មី​មួយ​។​

​ជាការ​ពិត ចិន​និង​បណ្តា​រដ្ឋ​អារ៉ាប់​បាន​បង្កើន​ទំហំ​នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​របស់ខ្លួន​នៅក្រោម​គម្រោង​គំនិត​ផ្តួចផ្តើម​អំពី​ផ្លូវ​និង​ក្រវាត់ ដែល​ត្រូវបាន​ស្នើឡើង​ដោយ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៣ ដើម្បី​កសាង​បណ្តាញ​ពាណិជ្ជកម្ម​និង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​អាស៊ី​ទៅ​អាហ្វ្រិក​និង​អឺរ៉ុប​តាម​បណ្តោយ​ផ្លូវជំនួញ​សូត្រ​បុរាណ​។​

​បច្ចុប្បន្ន ចិន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី ២ របស់​ពិភព​អារ៉ាប់​ជាមួយ​ទុនវិនិយោគ​ផ្ទាល់​ចំនួន ១៥ ពាន់​លាន​ដុល្លារ បានប្រកាស​ពី​វិធានការ​ជាក់ស្តែង​ជា​បន្តបន្ទាប់​នៅឯ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ចិន​និង​អារ៉ាប់​ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក​នាពេល​អនាគត​។​

​អ្នកជំនាញ​អារ៉ាប់​បាន​សាទរ​កិច្ចប្រជុំ​នេះ​សម្រាប់​ការបង្កើត​ផែនការ​ច្បាស់លាស់​និង​ជា​ប្រព័ន្ធ​សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត​នៃ​ចំណង​ទំនាក់ទំនង​ចិន និង អារ៉ាប់​។​

​លោក អា​ឡា​ណូ​ត អាល់​សា​បា អ្នកជំនាញ​ចិន​និង​កូ​វ៉ែត​បាន​និយាយថា សេចក្តីប្រកាស​របស់​ក្រុង​ប៉េកាំង​បានបង្ហាញ​ពី​របៀប​ដែល​ការអភិវឌ្ឍ​របស់​ចិន​អាច​ផ្តល់​ប្រយោជន៍​ដល់​បណ្តា​ប្រទេស​អារ៉ាប់ ជាមួយ​ភាគី​ទាំង​២​បាន​ឯកភាពគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន​។​

​លោក អាល់​សា​បា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​ថា “​សេចក្តីប្រកាស​នេះ​បង្ហាញ​ពី​ឆន្ទៈ​របស់​ចិន​ក្នុងការ​គាំទ្រ​ដល់​ស្ថិរភាព​និង​ការអភិវឌ្ឍ​នៃ​តំបន់​នេះ​ក្រោម​គំនិត​នៃ​ការរួបរួម​គ្នា​” ។​

​លោក​អាល់​សា​បា​បាន​និយាយថា​បណ្តា​ប្រទេស​អារ៉ាប់​អាច​ប្រើប្រាស់​អត្ថប្រយោជន៍​របស់​ពួកគេ​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក​នេះ​នៅក្រោម​គម្រោង​គំនិត​ផ្តួចផ្តើម​អំពី​ផ្លូវ​និង​ក្រវាត់ ដោយ​សំដៅ​ទៅលើ​ធនធាន​ប្រេង​និង​ឧស្ម័ន​ដ៏​សម្បូរបែប​នៅក្នុង​បណ្តា​រដ្ឋ​អារ៉ាប់ ដែល​ចាំបាច់​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​និង​ការវិនិយោគ​បន្ថែមទៀត​៕ ដោយ៖ កញ្ញាដាលីស

សន្និសីទ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ចិន​និង​អារ៉ាប់​បានបញ្ចប់​កាលពី​ថ្ងៃ​អង្គារ