អ្នកជំនាញ​អំពាវនាវ​ឲ្យអ្នក​ប្រក​បរបរ​ទីផ្សារ​បណ្តាញ​ប្រយ័ត្ន​គ្រោះថ្នាក់ ​និង​ត្រូវ​រៀនសូត្រ​ឲ្យបាន​ត្រឹមត្រូវ​

111
ចែករម្លែក

ដោយ​:​ដេប៉ូ​/​ភ្នំពេញ ​៖ ​ស្រប​ពេលដែល​ទីផ្សារ​បណ្តាញ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​សកម្មភាព​យ៉ាង​ផុលផុស ហើយ​អ្នក​ប្រកប​របរ​មួយ​នេះ​ជួប​បញ្ហា​ប្រឈម​ច្រើន​នៅ​ចំពោះមុខ​នោះ ត្រូវបាន​អ្នកជំនាញ​អំពាវនាវ​ឱ្យចូល​រៀន​វគ្គ​បណ្តុះបណ្តាល​និង​បង្កើន​សមត្ថភាព​ត្រឹមត្រូវ​ចៀសវាង បង្ក​ហានិភ័យ​ខ្លួនឯង​និង​សង្គមជាតិ​។​

គួរ​បញ្ជាក់ថា ធុរកិច្ច​ទីផ្សារ​បណ្តាញ ឬ​ហៅ ថា MLM (Multi-level-Marketing) គឺជា​ការធ្វើ​ទីផ្សារ​ទំនិញ ឧបភោគ បរិភោគ ក្នុង​លក្ខណៈ នៃ​ការលក់​ពី​បុគ្គល​ម្នាក់ ទៅកាន់​បុគ្គល​ម្នាក់ទៀត ដោយ​ក្រុមហ៊ុន ឬ​សហគ្រិន នឹង​ផ្តល់ឱកាស ក្នុង​ការធ្វើ​ធុរកិច្ច ដល់​អ្នកលក់​សេរី និង​មនុស្ស​គ្រប់គ្នា មិន​ថា​អ្នក​គឺជា​នរណា បញ្ចប់​ការសិក្សា​កម្រិតណា​នោះទេ អ្នក​អាច​ចូលរួម ធ្វើ​ធុរកិច្ច​ទីផ្សារ​បណ្តាញ បាន​ទាំងអស់។​

ពាក់ព័ន្ធ​ទៅនឹង​ទីផ្សារ​បណ្តាញ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះដែរ​លោក​ស​ហ​មូ​ហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន​អាជីវកម្ម​អន្តរជាតិ​បាន​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ថា​ លោកបានកត់សម្គាល់​ឃើញថា​អាជីវករ ដែល​កំពុង​ប្រ​ត្តិ​ប​ត្តិ​ការ​អាជីវកម្ម បណ្តាញ​បច្ចុប្បន្ន នៅមាន​កង្វះ​ការអប់រំ ចំណេះដឹង​វិជ្ជាជីវៈ​ច្បាស់លាស់​ធ្វើឲ្យ​ងាយ​បង្ក​ហានិភ័យ​បង្ក​ការ​ពាល់​ដល់​អ្នកប្រើប្រាស់​និង​ពិសេស​ផ្លូវច្បាប់​ថែមទៀត​។​

ដោយសារ​ផ្តើមចេញពី​បញ្ហា​នេះដែរ​ទើប លោក​អំពាវនាវឲ្យ​អ្នក​ប្រកប​លើ​មុខរបរ​នេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ព្រម​ជាមួយគ្នា​ដើម្បី​ជៀសវាង​កំហុសឆ្គង​ទាំងអស់​នេះ​ពួកគេ​ងាក​មក​រៀនសូត្រ​ត្រឹមត្រូវ។ ​អ្វីដែល​សំខាន់​នោះ​គឺ​ត្រូវ​ឆ្លងកាត់​ការបណ្តុះ​បណ្តាល និង​មាន​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ​បញ្ជាក់ ពី​ជំនាញ​អាជីវកម្ម​ទីផ្សារ​បណ្តាញ ។​

ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ដែរ​លោក​បណ្ឌិត ឡី សុភាព​បាន​បញ្ជាក់ថា “​យើង​ឃើញថា​ទីផ្សារ​បណ្តាញ​យើង​បច្ចុប្បន្ន​មាន​អ្នក​ប្រកបមុខរបរ​នេះ​ច្រើន តែ​ពួកគាត់​មិនបាន​យល់ដឹង​ពី​បញ្ហា​ហានិភ័យ​នោះទេ​។​ហេតុនេះ​មានតែ ការទទួល​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​ប៉ុណ្ណោះ​ទើប អាច​ចៀស​ផុតពី​រឿង​ធំៗ​ក្នុងនេះ​ដូចជា​បើ​ក្រុមហ៊ុន​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ការចែក​ភាគលាភ និង​ប្រយោជន៍​មិន​សមភាព បាន​ត្រឹម​សន្យា​ខ្យល់ ហើយ​បិទ​ទៅ​បាត់ទៅ​។ មួយវិញទៀត អ្នក​ប្រកប​អាជីវកម្ម​ទីផ្សារ​បណ្តាញ អាច​និយាយ​លើស ឬ​ចាញ់បោក​ត​គ្នា និង​បោកប្រាស់​ត​គ្នា ដោយ​មិនដឹង​ខ្លួន​” ។​

លោក​បណ្ឌិត​បាន​បន្តឲ្យដឹងថា ចំពោះ​ការបានទទួល​បណ្តុះបណ្តាល​នេះ ធ្វើ​ឲ្យ​យើង​ដឹង​មិនអាច​ឲ្យ​គេ មក​បោកប្រាស់​បាន ហើយ​ការនិយាយស្តី អំពី​ការផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​ដែល​យើង កំពុង​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ ឃោសនា​បាន​ត្រឹមត្រូវ មិន​ពន្លើស​ការពិត ធ្វើ​ឲ្យ​ទីផ្សារ​កាន់តែ​ល្អប្រសើរ ក្នុងការ​ប្រកប​អាជីវកម្ម​ទីផ្សារ​បណ្តាញ ទាំង​ខ្នាតតូច និង​មធ្យម ដោយ​ធ្វើ​ឲ្យ​អតិថិជន កាន់​តែមាន​ជំនឿ និង​អាជីព​មួយ​នេះ​កាន់តែ​រឹងមាំ​។​

លោក​បណ្ឌិត​បន្ត​ឱ្យដឹងថា​”​ក្នុងនាម​ប្រធាន​សមាគម អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា​ខ្ញុំ​ចង់​ឲ្យ​មានការ​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នេះ មាន​ជំនាញ​វិជ្ជាជីវៈ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ បាន​ត្រឹមត្រូវ ស្របតាម​គោល​នយោបាយ របស់​រាជរដ្ឋាភិបាល​”។​

​ដោយឡែក​លោក លី ស៊ីន​ន្ទ ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន NSZ World ដែលជា​ក្រុមហ៊ុន ផ្គត់ផ្គង់​ផល​តិ​ផល​គ្រឿងសំអាង ម៉ាក់ QnanoX និង​ជា​ក្រុមហ៊ុន ផ្តល់​អាជីវកម្ម​ទីផ្សារ​បណ្តាញ​ធំជាងគេ​នៅ​កម្ពុជា បានប្រកាស​គាំទ្រ ចំពោះ​ការអំពាវ​នាវ របស់​សមាគម​អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា ដោយបាន​បញ្ជូន និង​បញ្ជ្រៀប​ទៅដល់​សមាជិក អ្នក​ប្រកប​អាជីវកម្ម​ទីផ្សារ បណ្តាញ​របស់ខ្លួន​ចូលរួម វគ្គ​សិក្សា​បណ្តុះ​បណ្តាល​​​​​វិជ្ជាជីវៈ ជាមួយ​វិទ្យាស្ថាន អាជីវកម្ម​អន្តរជាតិ ដែលជា​វិទ្យាស្ថាន​ឈាន​មុនគេ និង​ដំបូង​គេ​បង្អស់ ដែល​ទទួលស្គាល់ ដោយ​រាជរដ្ឋាភិបាល​ផ្ទាល់ នូវ​ជំនាញ​បណ្តុះបណ្តាល ច្បាប់​បទដ្ឋាន​គតិ​យុទ្ធ ពី​អាជីវកម្ម​ទីផ្សារ​បណ្តាញ​នៅ​កម្ពុជា ។​

លោក​បាន​បញ្ចាក់​ផង​ថា​ ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​ទើប​ក្រុមហ៊ុន​របស់​លោ​ប្រែក្លាយជា​ក្រុមហ៊ុន​ស្របច្បាប់ ដើម្បី​បញ្ជៀ​ស​ហានិភ័យ​ទៅ​ថ្ងៃមុខ សម្រាប់​អ្នក​ទីផ្សារ​បណ្តាញ​ខ្លួនឯង និង​ប្រជាជន​កម្ពុជា​ផងដែរ​៕B/

​លោក​សហ​មូ​ហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន​អាជីវកម្ម​អន្តរជាតិ និង​លោក លី ស៊ីន​ន្ទ ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន NSZ World
(​រូប​៖​ដេប៉ូ​)​


#