អ្នកជំនាញ​៖ ​ការរំលាយចោល​សព្វាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​អាច​ចំណាយពេល​១៥​ឆ្នាំ​

618

នៅពេល​រដ្ឋការ​ត្រាំ ខិតខំ​រៀបចំ​ការចាប់ផ្តើម​កិច្ចពិភាក្សា​ជាមួយ​កូរ៉េខាងជើង​អំពី​អ្វីដែល​ខ្លួន​ហៅថា “​ការរំសាយ​ចោល​សព្វាវុធ​នុយក្លេអ៊ែរ​ដ៏​ឆាប់រហ័ស​” ទីប្រឹក្សា​រដ្ឋា​ភិ​​បាល​អាមេរិក​ម្នាក់​ដែល​ធ្លាប់បាន​ទៅ​មើល​បណ្តាញ​បរមាណូ​ដ៏​ស្មុគស្មាញ​របស់​កូរ៉េខាងជើង ព្រមាន​ថា​ដំណើរការ​រំសាយ​នេះ អាច​ចំណាយពេល​យូរ រហូតដល់​១៥​ឆ្នាំ​។​

​ស៊ី​ក​ហ្វៀ​ល អេស ហិ​ក​ឃឺ អតីត​នាយក​មន្ទីរពិសោធន៍​អាវុធ Los Alamos​នៅ​រដ្ឋ​ញូ​វ ម៉ុក​ស៊ី​កូ និង​ឥឡូវ​ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​ស្ទែ​ន​ហ្វ​ត និយាយថា អ្វី​​ដែល​ល្អ​បំផុត​ដែល​អាមេរិក​អាច​សង្ឃឹម​គឺ​ការរំសាយ​តាម​ដំណាក់កាល ដែល​ធ្វើឡើង​បន្ទាប់ពី​ការរំសាយ​ផ្នែក​សំខាន់ៗ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​តែ​ទោះជា​យ៉ាងណា​ ​តារាង​ពេលវេលា​នៃ​ការរំសាយ​សព្វាវុធ​រប​ស់​កូរ៉េខាងជើង​ខុសគ្នា​ពីអ្វី​ដែល​អាមេរិក​បានទាមទារ​កា​ល​ពីមុន​សំរាប់​អ្វី​ដែលជា​ចំណុច​សំខាន់​មួយ​នៅ​​ក្នុងជំនួប​កំពូល​រវាង​ប្រធានាធិបតី​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​។​

​គណៈប្រតិភូ​អាមេរិក​២ មួយ​ទៅដល់​សិង្ហ​បុរី​និង​មួយ​នៅ​កូរ៉េខាងជើង កំពុង​ពិភាក្សា​អំពី​ការរៀបចំ​ជំនួប​មួយ​រវាង​មេដឹកនាំ​ទាំងពីរ​។​ត្រាំ​បាន​លុបចោល​ជំនួប​ជាមួយ​គីម​​កាលពី​ថ្ងៃ​២៤​ឧសភា តែមួយ​ថ្ងៃក្រោយ​បាន​ប្រែសម្តី​វិញ​ដោយ​លោក​និយាយថា ជំនួប​ថ្ងៃ​១២​ខែមិថុនា នៅ​សិង្ហ​បុរី អាច​ត្រូវ​ធ្វើតាម​ការគ្រោងទុក​។​

​នៅក្នុង​កិច្ចសម្ភាសន៍​មួយ លោក​ហិ​ក​ឃឺ​បាន​និយាយថា លោក​បាន​ជំរុញ​ការពិភាក្សាគ្នា​នៅក្នុង​ការសិក្សា​ក្នុង​សកល​វិទ្យាល័យ​ស្ទែ​ន​ហ្វ​ត អំពី​ប្រធានបទ​ស្មុគស្មាញ​មួយ​​ដែល​នឹង​ជា​ស្នូល​នៃ​ជំនួប​របស់​ត្រាំ​ជាមួយ​គីម នៅ​សិង្ហ​បុរី ប្រសិនបើ​ជំនួប​នេះ​កើតមានឡើង​។​តាំង​ពីមុនមក របៀបវារៈ​រំសាយ​សព្វាវុធ​នុយក្លេអ៊ែ​រ​ជា​ការទារ​ទារ​ធំជាងគេ​​តែមួយគត់​ពី​រដ្ឋាភិបាល​អាមេរិក​។​

​លោក​ហិ​ក​ឃឺ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​ឧសភា​ថា​” យើង​បាន​និយាយ​អំពី​ទីតាំង​រាប់សិប អាគារ​រាប់រយ​និង​មនុស្ស​រាប់ពាន់នាក់​។​ចំណុច​សំខាន់​ក្នុងការ​រំលាយ​​ចោល​ប្រព័ន្ធ​បរមាណូ​ដ៏​ស្មុគស្មាញ​របស់​កូរ៉េខាងជើង គឺ​ត្រូវបង្កើត​ទំនាក់ទំនង​មួយ​ជាមួយ​របប​ដែល​សន្តិសុខ​របស់ខ្លួន​ពឹង​ផ្អែកលើ​អ្វីមួយ​ដែល​លើសពី​សព្វាវុធ​នុយ​​ក្លេ​អ៊ែរ​។​

​ហិ​ក​ឃឺ​បាន​អោយយោបល់​ថា ផែនទី​ផ្លូវ​របស់​ក្រុម​លោក ទុក​ឱកាស​សំរាប់​ការចរចា​នៅ​ចំណុច​ស្មុគស្មាញ​ជាច្រើន ដូចជា​កន្លែង​ត្រូវ​គូសបន្ទាត់​រវាង​សកម្មភាព​នុយក្លេអ៊ែរ​​ស៊ីវិល​និង​យោធា​។​ដំបូង រដ្ឋការ​ត្រាំ​បាន​និយាយថា កូរ៉េខាងជើង​ត្រូវតែ​បោះបង់​ចោលការ​ចម្រាញ់​ជាតិ​អ៊ុយ​រ៉ា​ញ៉ូ​ម​ទាំងអស់ ដែល​អាច​មិន​ត្រឹមតែ​ផ្តល់​ឥន្ធនៈ​សំរាប់​ផលិត​​គ្រាប់បែក តែ​ក៏​សំរាប់​រ៉េ​អា​ក់ទ័រ​សំរាប់​ផលិត​អគ្គិសនី​បំភ្លឺ​ទីក្រុង​ផងដែរ​។​

​តែ​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ផ​ម​ផេ​វ បាន​ឡើង​ផ្តល់​កសិណ​នៅ​ចំពោះមុខ​គណៈកម្មការ​ស​ភា ដោយបាន​និយាយ​ជា​លើកដំបូង​ថា លោក​ត្រូវការ​​ពេល​ចរចា​ខ្លះ​លើ​បញ្ហា​នេះ​។​

​ត្រាំ​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ខែ​នេះ​ដោយសារតែ​អាមេរិក​បានអនុញ្ញាត​អោយ​ប្រទេស​នេះ​ផលិត​ឥន្ធនៈ​បរមាណូ​ក្រោយ​ឆ្នាំ​២០៣០ ដែល​​លោក​បាន​និយាយថា​ជា​ហានិភ័យ​ដែល​មិនអាច​ទទួលយកបាន​មួយ​។​វា​មិន​ប្រាកដថា​តើ​លោក​អាច​ហាម​មិនអោយ​អ៊ីរ៉ង់​ផលិត​ឥន្ធនៈ​ប្រភេទ​នេះ​សំរាប់​គោលដៅ​ស៊ីវិល​​ដោយ​វិធី​ណា ខណៈ​ត្រៀម​អនុញ្ញាតអោយ​កូរ៉េខាងជើង​ធ្វើ​ដូចគ្នា​។​

​លោក​ហិ​ក​ឃឺ បាន​ចោទ​ជា​សំណួរ​ថា តើ​អនុញ្ញាតអោយ​ពួក​វិស្វករ​រ៉ុក្កែត​កូរ៉េខាងជើង ដែល​បច្ចុប្បន្ន​ផលិត​កាំជ្រួច​ចម្ងាយ​ឆ្ងាយ បង្វែរ​ជំនាញ​របស់គេ​ចូលទៅក្នុង​កម្មវិធី​​អវកាស​ស៊ីវិល​?”​ពួកគេ​នឹងមិន​បោះបង់ចោល​អ្វីមួយ​ឡើយ និង​មានរឿង​ខ្លះ​ដែល​មិនជា​បញ្ហា​តែមួយ​។​ការ​ប្រឈម​ខ្លះ​អាច​គ្រប់គ្រង​បាន​”​។​

​នៅក្នុង​របាយការណ៍រ​បស់​ខ្លួន ក្រុម​ស្ទែ​ន​ហ្វ​ត​មើលឃើញ​សកម្មភាព​រំសាយ​សព្វាវុធ​នេះ​បី​ដំណាក់កាល ដែល​សរុបទៅ​ត្រូវ​ចំណាយពេល​១៥​ឆ្នាំ​។​ដំណាក់កាល​ដំបូង​​ចំណាយពេល​១​ឆ្នាំ គឺ​បញ្ឈប់​ប្រតិបត្តិការ​យោធា ឧស្សាហកម្ម​និង​បុគ្គល​។​ទី​២ ចំណាយពេល​៥​ឆ្នាំ គឺ​បិទ​ឬ​រំលាយចោល​ទីតាំង រោងចក្រ​និង​សព្វាវុធ និង​ដំណាក់កាល​​ចុងក្រោយ ដែលជា​ដំណាក់កាល​ពិបាក​បំផុត ចំណាយពេល​១០​ឆ្នាំ គឺ​បំបាត់​ឬ កំហិត​រោងចក្រ​និង​កម្មវិធី​។​

​រដ្ឋការ​របស់​ប្រធានាធិបតី​ត្រាំ មិនបាន​បញ្ជាក់​លម្អិត​ជា​សាធារណៈ​អំពី​ជំហាន​ជាក់លាក់​ត្រូវ​ដើរ​សំរាប់​ការរំសាយ​សព្វាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ឬអ្វី​ដែល​ខ្លួន​ត្រូវ​​ទាមទារ​បើ​ត្រាំ​ជួប​គីម ។​លក្ខខណ្ឌ​ច្បាស់​ជាងគេ​របស់​អាមេរិក​គឺ​ការរំសាយ​សព្វាវុធ​នុយ​ក្លេ​អ៊ែរ​ត្រូវតែ​ធ្វើអោយបាន​ទាំងស្រុង ជៀស​មិន​ផុត​និង​ត្រូវបាន​បញ្ជាក់​ត្រឹមត្រូវ​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដែល​និយម​សង្គ្រាម​របស់​ត្រាំ លោក ច​ន អ បុល​ថុ​ន បាន​និយាយ​នៅមុន​ចូលរួម​ក្នុង​រដ្ឋាភិបាល​កាលពី​ខែមេសា​ថា លោក​ប្រធានាធិបតី​គួរប្រើ​ជំនួប​​កំពូល​ណាមួយ​ប្រាប់​ទៅ​កូរ៉េខាងជើង​អោយ​រំលាយចោល​និង​ប្រគល់​អាវុធ​នុយក្លេអ៊ែរ​រួមទាំង​ឧបករណ៍​ទាំងអស់ និង​ថា​ទាល់តែ​ធ្វើ​ដូច្នេះ​ទើប​អាមេរិក​អាច​ពិភាក្សា​បន្ធូរ​​បន្ថយ​ទណ្ឌកម្ម​និង​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កូរ៉េខាងជើង​។​

​ក្នុង​កិច្ចសម្ភាសន៍​កាលពីពេល​ថ្មីៗ លោក​បុល​ថុ​ន​បាន​គាំទ្រ​គំនិត​ស្តីពី​ការរំសាយ​សព្វាវុធ​នុយ​ក្លេ​អ៊ែរ​ចោល​ភ្លាមៗ ដែល​ក្នុងនេះ​កូរ៉េខាងជើង​នឹង​បញ្ជូន​សព្វាវុធ​នុយក្លេអ៊ែ​រ​​និង​គ្រឿង​បរិក្ខារ​ប​ស់វា​មក​មន្ទីរពិសោធន៍ Oak Ridge National Laboratory​នៅ​រដ្ឋ​ថេ​ន​ណេ​ស៊ី​។​លោក​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​អំពី​ប្រទេស​លី​ប៊ី​សំរាប់​យក​ជា​គំរូ​​មួយ​នៅក្នុង​រំសាយ​សព្វាវុធ​បរមាណូ​របស់​កូរ៉េខាងជើង​។​

​តែ​លោក​ត្រាំ​មាន​ជំហរ​ផ្ទុយ​ពី​លោក​បុល​ថុ​ន ដោយ​កាលពី​សប្តាហ៍​មុន​លោក​បាន​បើកទ្វារ​សំរាប់​ការរំសាយ​សព្វាវុធ​នេះ​ជា​ដំណាក់កាល ដោយ​ថា​កូរ៉េខាងជើង​អាច​យល់​​ថា​វា​មិនអាច​ធ្វើទៅ​រួច​ក្នុងការ​រំលាយចោល​វា​តែ​ក្នុង​មួយ​ជំហាន​៕​ដោយ​:​វាសនា​