អ្នកជំនាញ​: កម្ពុជា​ត្រូវការ​អ្នកជំនាញ​ភាសាបាលី​-​សំស្ក្រឹត​ច្រើន​

572
ចែករម្លែក
  • 1.9K
    Shares

ដោយៈ​មេសា​/ភ្នំពេញៈ លោក អែម ឧ​ត្ត​ម ព្រឹទ្ធបុរស​រង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ទទួលបន្ទុក​ភាសាបាលី សំស្ក្រឹត និង ភាសាបរទេស បានលើកឡើង​អំពី​តម្រូវការ នៃ អ្នកជំនាញ​ខាង​ភាសាបាលី សំស្ក្រឹត​ថា ដោយហេតុថា កាលពីមុន អ្នកចេះ​ភាសាបាលី សំស្ក្រឹត ប្រើប្រាស់​តែ​នៅក្នុង​វិស័យ​សាសនា ដូចជា​ធ្វើ​គ្រូបង្រៀន​ជាដើម​តែប៉ុណ្ណោះ ដែល​ទទួលបាន​ប្រាក់កម្រៃ​តិចតួច​ពេក ស្ទើរតែ​មិនអាច​ចិញ្ចឹម​ជីវី​តរស់​ផង ទើប​មិនសូវមាន​អ្នកសិក្សា​ភាសាបាលី សំស្ក្រឹត នេះ ។ ចំណុច​នេះ កុំថាឡើយ​អ្នក​ដែលជា​គ្រហស្ថ ឬ អ្នក​ដែល​មិនបាន​បួស ជា​ញឹកញាប់ សូម្បីតែ អ្នកបួស ពោលគឺ​ព្រះសង្ឃ ក៏​មិនសូវ​ចង់​ចាប់យក​ជំនាញ​ភាសាបាលី សំស្ក្រឹត​នេះដែរ ។ ប៉ុន្តែ​បច្ចុប្បន្ន គ្រប់​ស្ថាប័ន និង គ្រប់​វិស័យ​សុទ្ធតែ​ត្រូវការ​ប្រើប្រាស់ និង យល់ដឹង​នូវ​ពាក្យ​បច្ចេកទេស ដែលមាន​ប្ញ​សគល់​ពី​ភាសាបាលី សំស្ក្រឹត


​តាមពិត​ភាសាបាលី សំស្ក្រឹត បាន​ចាក់​ប្ញ​សគល់​យ៉ាងជ្រៅ​នៅក្នុង ភាសា អក្សរសាស្ត្រ ប្រពៃណី ប្រវត្តិសាស្ត្រ និង វប្បធម៌ អរិយធម៌ ខ្មែរ​គ្រប់​ទិដ្ឋភាព ។ ចំណែក​ពាក្យ​បច្ចេកទេស​សំខាន់ៗ​ដែលមាន​ស្រាប់​ពីមុនមក ក៏ដូចជា​ពាក្យ​បច្ចេកទេស​ដែល​បង្កើត​ថ្មីៗ សម្រាប់​ប្រើប្រាស់​នៅក្នុង​វិស័យ​នានា ដូចជា​វិស័យ​នីតិកម្ម ឬ នី​យ​ត្តិ​កម្ម ( ការតាក់តែង​ច្បាប់ ) និង ពាណិជ្ជកម្ម ដូចជា​ពាក្យ​ថា ពិ​ធិ​ធ​កម្ម ( ធ្វើឱ្យមាន​ច្រើន​ប្រភេទ ឬ ច្រើន​ជម្រើស ) ជាដើម ក៏​សុទ្ធ​តែមាន​ដើមកំណើត ប្ញ​សគល់​ចេញពី​ភាសាបាលី សំស្ក្រឹត​ទាំងអស់ ។​


​លើសពីនេះ​ទៅ ដោយសារ​ប្រទេសជាតិ សាន្តត្រាណ មានការ​អភិវឌ្ឍ ការសិក្សា​ស្រាវជ្រាវ​ប្ញ​សគល ប្រវត្តិសាស្ត្រ អត្តសញ្ញាណ និង វប្បធម៌ អរិយធម៌​ជាតិ ពី​ឯកសារ​ផ្សេងៗ​ជាពិសេស​សិលាចារឹក​ជាដើម ដែល​ត្រូវបាន​កប់​ទុក​រាប់រយ​រាប់ពាន់​ឆ្នាំ​មកហើយ​នោះ កំពុង​ត្រូវបាន​ចាប់ផ្តើម​ពង្រីក​ឡើងវិញ ពី​សំណាក់​ក្រសួង​វប្បធម៌ ក្រសួង​អប់រំ ស្ថាប័ន​ស្រាវជ្រាវ​ជាតិ អន្តរជាតិ និង ស្ថាប័ន​ពិភពលោក ដូចជា​អង្គការ UNESCO ជាដើម ហើយ​កិច្ចការ​ទាំងនោះ ចំណេះដឹង​ច្បាស់លាស់​ផ្នែក​ភាសាបាលី សំស្ក្រឹត គឺជា​អ្វីដែល​មិនអាច​ខ្វះ​បានជា​ដាច់ខាត ។ ម្យ៉ាងទៀត ការចំណាយ​ធនធាន​ទៅលើ​ការសិក្សា​ស្រាវជ្រាវ វប្បធម៌ អរិយធម៌ កាន់តែ​ធំ​ទៅៗ ។


​នៅ​ប្រទេស​កម្ពុជា ស្ថាប័ន​ដែល​បណ្តុះបណ្តាល​ជំនាញ​ភាសាបាលី សំស្ក្រឹត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា មាន​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ សាខា​ភ្នំពេញ ដែលជា​សាខា​កណ្តាល​មួយ​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយឆ្នាំ​គិត​ជា​មធ្យម​មាន​សិក្សា​សិក្សា​ភាសាបាលី សំស្ក្រឹត ពី ១៣ ទៅ ១៥ អង្គ និង នាក់​ប៉ុណ្ណោះ គឺ​មិន​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៅឡើយ ដែល​ប្រការនេះ បានសេចក្តីថា ចាប់ពីពេលនេះ​តទៅ គឺជា​ឱកាសល្អ​សម្រាប់​អ្នក​ដែលមាន​ចំណេះដឹង​ច្បាស់លាស់​ផ្នែក​ភាសាបាលី សំស្ក្រឹត ៕ Kh

លោក អែម ឧ​ត្ត​ម ព្រឹទ្ធបុរស​រង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ទទួលបន្ទុក​ភាសាបាលី សំស្ក្រឹត និង ភាសាបរទេស ( រូបៈ​មេសា )
​សមណ​និស្សិត និង និស្សិត​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ជំនា​ន់ទី ៨ ការពារ​សារ​ណា​នាពេល​ថ្មីៗ​នេះ ( រូបៈ​មេសា )