អ្នកជំនាញ​: ចង់​ទៅលេង​ក្រៅប្រទេស មនុស្ស​ម្នាក់​ត្រូវ​ចំណាយ​ពី​៣០០​ដុល្លារ ដល់​១.៥០០​ដុល្លារ​

1795
ចែករម្លែក
លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ប្រទេស​កម្ពុជា

​ដោយ​: ពៅ និមល / ភ្នំពេញ​: លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា សម្រាប់​ដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៨​នេះ ការចំណាយ​ប្រាក់​របស់​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់ គ្រោង​ចំណាយ​ថវិកា​ចន្លោះ​ប្រមាណ​ពី​៣០០​ដុល្លារ ដល់ ១.៥០០​ដុល្លារ​អាមេរិក សម្រាប់​ទេសចរណ៍​នៅ​បរទេស​ដូចជា ម៉ាឡេស៊ី ជប៉ុន កូរ៉េ ឌូ​បៃ និង​តៃវ៉ាន់​ជាដើម​។

​ក្នុង​កិច្ចសម្ភាសន៍​ផ្ទាល់​ជាមួយ​កាសែត​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨​នេះ លោក ធួន ស៊ីណាន បានលើកឡើង​បន្តថា សម្រាប់​ទីជិត រួមមាន​ប្រទេស​វៀតណាម ថៃ និង​ម៉ាឡេស៊ី ពលរដ្ឋ​អាច ចំណាយ​ចន្លោះ​ពី​៣០០ ដល់​៧០០​ដុល្លារ​។ ប៉ុន្តែ​សម្រាប់​ទី​ឆ្ងាយ ដូចជា​ប្រទេស​កូរ៉េ ចិន ជប៉ុន តៃវ៉ាន់ និង ឌូ​បៃ​ជាដើម ពួកគាត់​ត្រូវ​ចំណាយ​ចន្លោះ​ពី​៨០០ ដល់​១.៥០០​ដុល្លារ​អាមេរិក ក្នុង​ម្នាក់​លើ​កញ្ចប់​សេវាកម្ម​នៃ ដំណើរ​ទេសចរណ៍​ក្រៅ​ស្រុក រួមមាន​ថ្លៃ​ធ្វើដំណើរ ស្នាក់នៅ ហូបចុក និង​ថ្លៃ​ចំណាយ​នានា​ក្នុង​ទី​កំសាន្ត មួយៗ​របស់​ប្រទេស​។​

​លោក​បញ្ជាក់ថា ទោះបីជា​ក្នុង​តំបន់​ទេសចរណ៍​នៅក្នុង​ស្រុក​ច្រើន​ក៏ដោយ តែ​ការ​ចេញទៅ​ស្វែង យល់ និង​ទស្សនា​នៅក្រៅ​ប្រទេស​របស់​ប្រជាពលរដ្ឋ គឺជា​ការផ្លាស់ប្ដូរ​ចរន្ត​សេដ្ឋកិច្ច​ទៅវិញទៅមក និង​ជាការ​ចំណាយ​មួយ​ដែល​សមស្រប​និង​ឆ្លើយតប​វិញ​ក៏​ល្អប្រសើរ បើសិន​និយាយ​បែប​សុទិដ្ឋិនិយម​មួយទៀត គឺជា​ការផ្លាស់ប្ដូរ​សេដ្ឋកិច្ច ឆ្លង​តំបន់ និង​ជុំវិញ​ពិភពលោក កាលណា​គេ​មក​យើង យើង​មាន​ទៅ​គេ​វិញ​។​

​ជាមួយគ្នានេះ លោក ហ៊ូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​លើកឡើងថា ក្នុង កំឡុង​បុណ្យទាន​ជាតិ​ម្តងៗ​ចំនួន​នៃ​ការដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅតែមាន ដោយ​ផ្អែកលើ​កត្តា​រីកចម្រើន​សេដ្ឋកិច្ច ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ទាំង​ផ្លូវគោក និង​អាកាស​ច្រើនជាង​មុន​ព្រម​ជាមួយនឹង​តម្លៃ​ល្អប្រសើ​៕ ល​