អ្នកជំនាញ​: អ្នក​ដែល​សង្ស័យ​មាន​ជំងឺ​ឈាម​ក្រ​កក ចេញមក​ធ្វើ​រោគវិនិច្ឆ័យ​

184
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: ប្រធាន​សមាគម​អ្នកជំងឺ​ក្រ​កក​កម្ពុជា លោក សែម សុខ​បញ្ញា បាន​អំពាវនាវ​ដល់​សាច់ញាតិ និង អ្នក​សង្ស័យថា​មាន​ជំងឺ​ឈាម​ក្រក​កថា “ ដោយហេតុថា ប្រមាណ​ជា ៧០ ភាគរយ នៃ ជំងឺ​ឈាម​ក្រ​កក ឬ ជំងឺ​ហេ​ម៉ូ​ហ្វី​លា គឺជា​ជំងឺតពូជ ហេតុនេះ​សូមអ្នក​ទាំងឡាយ​ដែលជា​សាច់ញាតិ​សន្តាន នៃ ជន​ដែលមាន​ជំងឺ​ឈាម​ក្រ​កក និង អ្នក​ទាំងឡាយណា​ដែលមាន​អក្កា​រៈ​មួយចំនួន ដូចជា​ពេលខ្លះ​ហើម ជាំ រាងកាយ​ដោយ​មិនដឹង​មូលហេតុ និង ឈឺចាប់​ខ្លាំង មេត្តា​ទៅរក​សេវា​ពិនិត្យ និង ធ្វើ​រោគវិនិច្ឆ័យ​ឱ្យបាន​ទាន់ពេលវេលា ដើម្បី ចៀសវាង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដូចជា​ធ្លាក់ខ្លួន​ពិការ ឬ អាចឈាន​ដល់​បាត់បង់​ជីវិត​ជាដើម​“​។

​លោក សែម សុខ​បញ្ញា អំពាវនាវ​យ៉ាង​ដូច្នេះ នាឱកាស​ជួប​សំណេះសំណាល និង ចែករំលែក​បទពិសោធ​ន៍​ក្នុង​ការថែទាំ​អ្នកជំងឺ​ឈាម​ក្រ​កក ធ្វើឡើង​នៅលើ​ទូក​បណ្តែត​ទឹក​នៅ​តំបន់​ទន្លេចតុមុខ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៩ នេះ​។​

​លោក សែម សុខ​បញ្ញា បន្ថែមថា ប្រសិនបើ​គាត់​បានដឹងថា​ខ្លួន​មាន​ជំងឺ​ឈាម​ក្រ​កក ហើយ​មក​ចូល​ជា​សមាជិក នៃ សមាគម​អ្នកជំងឺ​ឈាម​ក្រ​កក​កម្ពុជា នោះ​សមាគម ក៏​អាចជួយ​សម្របសម្រួល​បាន​ខ្លះ​ដែរ ដូចជា​បច្ចេកទេស​ថែទាំ ឬ ដំណោះស្រាយ​ពេល​ជំងឺ​ធ្វើទុក្ខ និង ថ្លៃ​សេវា​ជាដើម​។​

​ជំងឺ​ឈាម​ក្រ​កក ឬ ជំងឺ​ហេ​ម៉ូ​ហ្វី​លា គឺជា​ប្រភេទ​ជំងឺ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ ដោយ​នៅពេល​វា​ធ្វើទុក្ខ វា​បណ្តាលឱ្យ​អ្នកជំងឺ​ឈឺចាប់​យ៉ាងខ្លាំង ហើយ​ប្រសិនបើ​សង្គ្រោះ​មិនទាន់​ពេលវេលា ឬ មិនបាន​ត្រឹមត្រូវ​ទេនោះ អ្នកជំងឺ​អាច​ធ្លាក់ខ្លួន​ពិការ ឬ អាច​ឈឺចាប​រហូតដល់​ស្លាប់​ក៏មាន​។

​ពិភពលោក​មិនទាន់មាន​ថ្នាំ​ព្យាបាល​ជំងឺ​ដ៏​កាច​សហាវ​នេះ​នៅឡើយ​ទេ ហើយ​នៅ​កម្ពុជា ថ្នាំ​ទប់ទល់​នឹង​គ្រោះកាច នៃ ជំងឺ​នេះ នៅមានកម្រិត និង មានតម្លៃ​ថ្លៃ ហើយ​បច្ចុប្បន្ន​នៅ​កម្ពុជា គេ​អាចធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​នេះ មានតែ ៣ កន្លែង​ប៉ុណ្ណោះ គឺ​មន្ទីរពេទ្យ​កុមារ​ជាតិ រាជធានី​ភ្នំពេញ មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប និង វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ ហើយ​ប្រសិនបើ​គេ​បានដឹងខ្លួន​ថា មាន​ជំងឺ​នេះ គេ​អាច​រកបាន​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​មួយចំនួន ដើម្បី បញ្ចៀស​នូវ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដូចជា​ពិការភាព ការស្លាប់ និង អាច​កាត់បន្ថយ​ការឈឺចាប់​ជាដើម​៕ ល​