អ្នកជំនួញល្បីឈ្មោះ ប្រគល់ទឹក ប្រាក់៨០លានរៀល ជូន មន្ទីរពេទ្យ គន្ធបុប្ផា

402
ចែករម្លែក

ដោយ-បញ្ញាសាស្រ្តៈភ្នំពេញៈ​ថវិកាដែលបានមកពីការរៃអង្គាសពីពលករនៅ​ប្រទេស​កូរ៉េ ត្រូវបានលោឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី​បន្ថែមបង្គ្រប់ចំនួន ៨០លានរៀល និងធ្វើការប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ២០១៩ ជាមួយនឹងវត្តមានតារាចម្រៀង ខេម និងលោក ហេង ឡុង តំណាងសមាគមសិល្បករខ្មែរ។

តារាចម្រៀងខេម បានបញ្ជាក់ថា ការប្រគល់ជូននូវថវិកានេះ គឺបង្ហាញយ៉ាង ច្បាស់ថា ថវិការៃអង្គាសពីបងប្អូននៅក្នុងប្រទេសកូរ៉េ ត្រូវបានប្រគល់ដល់ ដៃរបស់មន្ទីរពេទ្យគន្ធបុប្ផាហើយ ខណៈដែលថវិកានេះ បានមកពីការរៃអង្គាស ពីពលករធ្វើការនៅប្រទេសកូរ៉េ និងបានចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី​នៅក្នុងប្រទេសកូរ៉េ កាលពីអំឡុង ចូលឆ្នាំខ្មែរ កន្លងផុតទៅថ្មីៗនេះ។ លោកខេម និយាយថា នៅពេលបានប្រគល់ថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបែបនេះ កាន់តែធ្វើឲ្យលោកមានកម្លាំងច្រៀងរាំ រៃអង្គាស នៅក្នុងសកម្មភាពនេះខ្លាំងឡើង ដោយលោកប្រកាសថា នឹងបន្តជួយច្រៀង មិនគិតកម្រៃបន្ថែមទៀត។ ដូចគ្នាដែរ លោក ហេង ឡុង ក៏អះអាងថា គឺជាលើក ទី១ផងដែរ ដែលការប្រគំតន្ត្រីនៅក្នុង​ប្រទេសកូរ៉េ តាមរយៈការរៀបចំរបស់ក្រុមហ៊ុន ឡេងណាវ៉ាត្រា ធ្វើការរៃអង្គាសប្រាក់ពីពលករកូរ៉េទទួលបានជោគជ័យ។

ចំណែកលោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងថា ថវិកាដែលយកមក ប្រគល់ ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន៨០លានរៀលនេះ គឺថវិកាដែលបានពីការ រៃអង្គាសពីបងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េតែ ២០លានរៀលប៉ុណ្ណោះ ទើបលោក សម្រេច បន្ថែមថវិកាបស់បុរីចំនួន ៦០លានរៀលទៀត ដើម្បីបង្គ្រប់៨០លានរៀល ស្មើនឹង២ម៉ឺនដុល្លារ។ លោកប្រាប់មូលហេតុដែលលោកបានប្ដូរថវិកាជំនួយ សុទ្ធតែក្រដាសប្រាក់៥០០រៀល យកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា គឺដោយសារតែលោកចង់ពញ្ញាក់អារម្មណ៍ឲ្យស្គាល់ពីតម្លៃប្រាក់រៀល និងដើម្បីឲ្យបងប្អូនដឹងថា បើចង់ជួយមន្ទីរពេទ្យគន្ធបុប្ផា មិនបាច់ចាំមានដល់​រាប់រយដុល្លារនោះទេ គឺមានត្រឹម ៥០០រៀល ឬមានត្រឹមប៉ុន្មានពាន់រៀល ក៏អាចរួមចំណែកជួយបាននោះដែរ តាមរយៈការរៃអង្គាសនានា។ លោកថា នេះជាលើកទី៣ ហើយដែលលោកបានប្រគល់ថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពី២លើកមុនគឺមានចំនួន៥០លានរៀល និង៨០ លានរៀលរួចមក​ហើយ។ លោកមិនប្រកាសថា នឹងធ្វើបែបនេះឲ្យបានទៀងទាត់នោះទេ ប៉ុន្តែលោកថានឹងនៅតែបន្តជួយគន្ធបុប្ផាតាមលទ្ធភាពដែលអាចធ្វើទៅបាន៕Ha