អ្នកជំនួញ​វៀតណាម​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​សិង្ហ​បុរី​

1096

​មេធាវី​តំណាងឱ្យ​រូបលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២​មករា​ថា អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​មួយរូប​ដែល​អាជ្ញាធរ​វៀតណាម​តាម​ចាប់ខ្លួន​ចំពេល​មានការ​បង្ក្រាប​អំពើពុករលួយ​នោះ ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​សិង្ហបូរី ហើយ​គ្រួសារ​របស់គាត់​មានការ​ព្រួយបារម្ភ​ថា គាត់​នឹងត្រូវ​បញ្ជូនទៅ​ស្រុក​វិញ ជាទី​ដែល​គាត់​អាច​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត​។​

​លោក ផាន់ វ៉ាន់ អា​ញ់ វូ (Phan Van Anh Vu) អាយុ ៤២ ឆ្នាំ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នៅ​ច្រកព្រំដែន ទូ​អាស (Tuas) ខណៈដែល​គាត់​ព្យាយាម​ចាក​ចេញទៅ​ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើតាម​សម្តី​លោក​មេធាវី រេ​មី ជូ ដែល​និយាយថា​គាត់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រួសារ​របស់លោក​វូ​ដើម្បី​ធ្វើជា​តំណាង​របស់គាត់ ប៉ុន្តែ​មិនទាន់​អាចទាក់ទង​បានទេ​។

​លោក​ជូ​និយាយថា “​គ្រួសារ​របស់​អតិថិជន​របស់ខ្ញុំ​មានការ​ព្រួយបារម្ភ​ថា អាច​នឹងមាន​ការធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេស​វៀតណាម​” ។​

​មេធាវី​រូបនេះ​និយាយថា លោក​វូ​កំពុង​ស្វែងរក​ឱកាស​ចូលទៅ​ប្រទេស​អាល្លឺម៉ង់​។​

​លោក វី​កទ័រ ហ្វា​ហ្វ (Victor Pfaff) មេធាវី​តំណាងឱ្យ​លោក វូ នៅ​ទីក្រុង​ហ្វ្រែ​ង​ហ្វឺត (Frankfurt) បាន​បញ្ជាក់ថា លោក​បាន​សរសេរ​លិខិត​ទៅ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​សិង្ហ​បុរី​អំពី​ករណីនេះ​កាលពី​ថ្ងៃទី ៣១ ខែធ្នូ​។ ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបំភ្លឺ​ពី​ក្រុមអ្នកកាសែត​ទេ​។​

​ទោះបីជា​សិង្ហ​បុរី​មិនមាន​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​វៀតណាម​ក៏ដោយ ក៏ប៉ុន្តែ​អាជ្ញាធរ​អន្តោប្រវេសន៍​របស់ខ្លួន​មានអំណាច​ក្នុងការ​ធ្វើ​មាតុភូមិនិវត្តន៍​នៅក្រោម​កាលៈទេសៈ​មួយចំនួន​យោងទៅតាម​ច្បាប់​អន្តោប្រវេសន៍​។​

​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​និយាយ​កាលពី​ខែ​មុន​ថា ខ្លួន​កំពុង​ស្វែងរក​ចាប់ខ្លួន​លោក វូ ដែលជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​សំខាន់​មួយរូប​នៅ​ក្រុង​ដា​ណា​ង ជា​កន្លែង​ដែល​ថ្នាក់ដឹកនាំ​ក្នុងស្រុក​ត្រូវបាន​រង្គោះរង្គើ បន្ទាប់ពី​ការចោទប្រកាន់​អំពើពុករលួយ​កាលពី​ឆ្នាំមុន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​បាន​ដកស្រង់​សម្តី​ប៉ូលិស​ដោយ​និយាយថា លោក​វូ​ត្រូវបាន​តាម​ចាប់ខ្លួន​ពីព្រោះ​បាន​លាតត្រដាង​ការសម្ងាត់​របស់​រដ្ឋ​។ ពួកគេ​មិនបាន​និយាយថា​តើ​ការសម្ងាត់​នោះ​ជា​អ្វី​នោះទេ​ឬថា​តើ​វា​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​តួនាទី​របស់គាត់​ជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ ឬ​យ៉ាងណា​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

លោក ផាន់ វ៉ាន់ អា​ញ់ វូ