អ្នកដំណើរ​៤​នាក់​ស្លាប់​ដោយសារ​កំដៅ​ពេល​ជិះ​រថភ្លើង​

237
ចែករម្លែក

​ពួក​មន្ត្រី​និង​អ្នកដំណើរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​មិថុនា​ថា មនុស្ស​៤​នាក់​បាន​ស្លាប់​ក្នុង​កំដៅ​«​មិន​អាច​ទ្រាំ​បាន​»​ក្នុងពេល​ធ្វើដំណើរ​តាម​រថភ្លើង​នៅ​ឥណ្ឌា​ខាងជើង​​ដែល​បាន​និង​កំពុង​រងរ​ល​ក​កំដៅ​អស់​ពេល​កន្លះ​ខែ​មក​ហើយ​។​

ជិះយ៉ាងនេះ បើមិនក្តៅក៏ហប់ខ្យល់ស្លាប់ដែរ

​ជនរងគ្រោះ​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ ក្នុងពេល​ធ្វើដំណើរ​ពី ក្រុង​អា​ហ្ក្រា ទៅ​កាន់​ទីក្រុង កូ​អ៊ីម​បាតូ​រ៉េ នៅ​ភាគខាងត្បូង​ប្រទេស​។​

​អ្នកនាំពាក្យ​អយស្ម័​យាន​លោក អា​ជី​ត គូ​ម៉ា ស៊ី​ង បាន​និយាយថា​«​កំដៅ​ហាក់ជា​កក្តា​មួយ​។​វា​ពិតជា​គ្រោះអាក្រក់​។​នៅពេល​រថភ្លើង​ធ្វើដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ចាន់​ស៊ី យើង​បាន​ទទួល​​ការហៅ​ទូរស័ព្ទ​មក​ថា​អ្នកដំណើរ​ម្នាក់​បាន​សន្លប់​។​យើង​បាន​បញ្ជូន​បុគ្គលិក​ពេទ្យ​ទៅកាន់​ស្ថានីយ តែ​ពេល​ទៅដល់​បានឃើញ​ថា អ្នកដំណើរ​៣​នាក់​បាន​ស្លាប់​រួចទៅហើយ​»​។​

​មនុស្ស​ទី​៤ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​។​

​សីតុណ្ហភាព​បាន​នៅ​ទ្រឹង​ប្រមាណ​៤៥​អង្សា​សេ​នៅ​ក្រុង​ចាន់​ស៊ី នៅក្នុង​រដ្ឋ អ៊ុត​តា ប្រា​ដែស នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​

​លោក​ស៊ី​ង បាន​និយាយ​រថភ្លើង​Kerala Express​មិន​មាន​បញ្ហា​បច្ចេកទេស​ទេ តែ​ជនរងគ្រោះ​មិន​បាន​ជិះ​ក្នុង​ទូរ​ដែលមាន​ម៉ាស៊ីនត្រជាក់​ទេ​។​

​អ្នកដំណើរ​ម្នាក់​ដែល​បាន​ជិះ​ក្នុង​រថភ្លើង​នេះ បាន​និយាយថា អាកាសធាតុ​ក្នុង​រថភ្លើង​ក្តៅ​ណាស់ និង​បន្ទាប់​ពី​យើង​ចាកចេញ​ពី​ក្រុង​អា​ហ្ក្រា កំដៅ​ប្រែជា​លែង​អាច​ទ្រាំ​បាន​និង​​មនុស្ស​ខ្លះ​ចាប់ផ្តើម​ត្អូញត្អែរ​អំពី​ការពិបាក​ដកដង្ហើម​និង​មិន​ស្រួលខ្លួន​។​

​សូមបញ្ជាក់​ថា ផ្នែក​ជាច្រើន​នៃ​ប្រទេស​ឥណ្ឌា​បាន​និង​កំពុង​ឡើង​កំដៅ​ដោយ​សីតុណ្ហភាព​ឡើង​លើ​៥០​អង្សា​សេ​នៅក្នុង​រដ្ឋ​រ៉ា​ចា​ស្ថាន​ភាគ​ខាងជើង បណ្តាល​អោយ​មាន​សេចក្តី​រាយ​​ការណ៍​អំពី​ការស្លាប់​មនុស្ស សត្វពាហនៈ​និង​សត្វព្រៃ​៕​ដោយ​៖​វាសនា​