អ្នកដំណើរ ២៤០ នាក់​ផ្អើលឆោឡោ​លើ​យន្តហោះ​ឥណ្ឌា នៅ​សុខៗ​ញ័រ​កក្រើក ១៥ នាទី និង​បែក​បង្អួច​យន្តហោះ បណ្តាល​របួស ៣ នាក់​

966
ចែករម្លែក

​ពួក​អ្នកដំណើរ​នាំគ្នា​ស្រែកយំ​ផង​បន់ព្រះ​ផង​ដើម្បី​អាយុជីវិត​ពួកគេ បន្ទាប់ពី​ភាពចលាចល​មួយ​បាន​បង្ក​ឱ្យ​បែក​បង្អួច​យន្ដហោះ ភ្លាមៗ​បន្ទាប់ពី​ចេញដំណើរ​បាន​មួយ​ភ្លែត​។ នេះ​បើ​យោងតាម​កាសែត​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២២ មេសា​។​

​ហេតុការណ៍​រន្ធត់​លើ​យន្តហោះ​នៅ​ពាក់កណ្តាល​អាកាស​នេះ​បាន​បណ្តាលឱ្យ​អ្នកដំណើរ ២៤០ នាក់​លើ​យន្តហោះ​ធុន Boeing 787 Dreamliner ស្រក់​ទឹកភ្នែក​គ្រប់គ្នា​។​

​នៅ​ប៉ុន្មាន​នាទី​បន្ទាប់ពី​ហោះហើរ ខណៈ​យន្ដហោះ​ហោះ​បាន​កម្ពស់ ៤.៥៧២ ម៉ែត្រ ចលាចល​បានធ្វើឱ្យ​យន្តហោះ​ញ័រ​កក្រើក​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​។​

​យន្តហោះ​របស់​ក្រុមហ៊ុន Air India បាន​រញ្ជួយ​នៅ​ពាក់​កណ្តាលផ្លូវ​ការធ្វើដំណើ​រ​របស់ខ្លួន ដែល​ធ្វើឱ្យ​អ្នកដំណើរ​ភ័យញ័រ​ទទ្រើក​។ អ្នកដំណើរ ៣ នាក់ ត្រូវបាន​ព្យាបាល​របួសស្រាល​ពេល​ចុះ​មកដល់​ដី​វិញ​។​

​រូបភាព ដែល​ថត​ដោយ​អ្នកដំណើរ បានបង្ហាញ​ពី​ភាពភ័យខ្លាច​រាលដាល​ពេញ​ផ្ទៃ​ខាងក្នុង​យន្តហោះ ខណៈដែល​បុគ្គលិក​យន្តហោះ​ម្នាក់​ព្យាយាម​ជួសជុល​បង្អួច​យន្តហោះ​នៅ​ពីមុខ​អ្នកដំណើរ ដែល​ភ័យរន្ធត់​។​

​ការហោះហើរ​ពី​ទីក្រុង​អាំ​រី​ស្តា ភាគ​ពាយព្យ​ទៅកាន់​រដ្ឋធានី​ញូ​វ​ដេលី គឺ​ត្រូវ​ចំណាយពេល​តែ ៣០ នាទី​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​ភាពវឹកវរ​បាន​វាយប្រហារ​យន្ដហោះ​ភ្លាមៗ បន្ទាប់ពី​ចេញដំណើរ​បាន​មួយ​ភ្លែត នៅពេល​យន្តហោះ​នេះ​បាន​ជួបនឹង​អាកាសធាតុ​អាក្រក់​។​

​យោងតាម​មន្ត្រី​បានឱ្យដឹងថា ខ្យល់​កន្ត្រាក់​ខ្លាំង​បាន​វាយប្រហារ​យន្ដហោះ​រយៈពេល ១០ ទៅ ១២ នាទី​។​

​ការស៊ើបអង្កេត​មួយ​ត្រូវបាន​ចាប់ផ្តើម​ដោយ​និយតករ​អាកាសចរណ៍ គឺ អគ្គនាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល (DGCA) និង​ក្រុមប្រឹក្សា​ស៊ើបអង្កេត​គ្រោះថ្នាក់​យន្តហោះ (AAIB)៕ ដោយ៖ កញ្ញាដាលីស

អ្នកដំណើរ ២៤០ នាក់​យំ​គ្រប់គ្នា​ក្រោយ​ហេតុការណ៍​កាលពី​ថ្ងៃអាទិត្យ